និយាយដល់រឿងនេះ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នា
ពិតជាធ្លាប់ឮចាស់និយាយពីអាគមមហាកម្លាំង មហាទម្ងន់ មហាស្រាល ជាដើម
តែថ្ងៃនេះអ៊ែដមីនសូមលើកយកតែរឿងមហាកម្លាំងមកនិទានជូនប្រិយមិត្ត ។
អាគមមហាកម្លាំងនេះដែរ
គឺមុននឹងអាចរៀនបានលុះត្រាតែជននោះជាមនុស្សដែលមានចិត្តអត់ធ្មត់ខ្លាំងណាស់
បើមិនដូច្នេះទេ អាចនាំឲ្យមានអន្ដរាយដល់ខ្លួនឯង និងអ្នកដទៃដែរ ដូចរឿងរបស់អ៊ំគឹមជាដើម
។
អ៊ំគឹមជាបុរសចំណាស់វ័យសែសិបប្លាយហើយ
គាត់ជាមនុស្សសម្បុរខ្មៅស្រអែម មុខមាំ មានសាច់ដុំធំៗណាស់ គាត់ប្រកបរបរជាអ្នកដំដែក គាត់ជាគត់មត់ណាស់
គាត់មិនសូវចេះញញឹមអីទេ ប៉ុន្ដែចិត្តទូលាយណាស់ ប៉ុន្ដែគាត់ជាកម្លោះចាស់ទេ គឺពុំទាន់មានប្រពន្ធកូននៅឡើយ
ប៉ុន្ដែដោយសារតែស្រលាញ់ចូលចិត្តក្មេងៗ គាត់បានសុំកូនគេមកចិញ្ចឹមគ្រាន់នឹងមានអ្នកប្រលែងលេង
គាត់ដាក់ឈ្មោះថាសុខ ដែលមានន័យថាសុខសប្បាយ ព្រោះគាត់ចង់ឲ្យកូនបានសុខសប្បាយតាមឈ្មោះ
ហើយគាត់ស្រលាញ់ក្មេងៗគ្រប់គ្នាក្នុងភូមិ ហេតុនេះទើបធ្វើឲ្យឪពុកម្ដាយក្មេងគ្រប់រូបក្នុងភូមិ
ស្រលាញ់ចូលចិត្តគាត់ណាស់ ម្យ៉ាងគាត់ក៏តែងតែជួយយកអាសារអ្នកភូមិច្រើនណាស់
រហូតថ្ងៃមួយមានរឿងរ៉ាវគួរឲ្យរន្ធត់ចិត្តមួយបានកើតឡើង ។
នៅវេលាយប់ជ្រៅ មនុស្សកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់
ស្រាប់តែគេបានឮសម្លេងត្រដោកគោះ ជាសញ្ញាប្រកាសអាសន្នពីផ្ទះមេភូមិ អ្នកភូមិគ្រប់ផ្ទះក៏អុជភ្លើងបំភ្លឺ
មនុស្សម្នាអ៊ូអរមកកាន់ផ្ទះមេភូមិ ៖
- លោកមេភូមិ! ៗ
តើមានរឿងអីកើតឡើងមែនទេ?
-
បាទអ្នកទាំងអស់គ្នា ! អំបាញ់ប្អូនញ៉ាញ់ បានបាត់កូនដែលកំពុងតែដេកសុខៗ
ហើយពេលដើររកបានឃើញស្រមោលខ្លា ដើរចូលក្នុងព្រៃ ប៉ុន្ដែតាមខ្ញុំស្មាននោះមិនមែនខ្លាពិតប្រាកដទេ
ព្រោះពុំមានដានជើងខ្លាទេ មានតែខ្លាក្រដាស
- ខ្លាក្រដាស? វីវរហើយអញ្ចឹង
អ៊ំគឹមបានឮដូចនេះក៏ស្ទុះរត់ទៅផ្ទះវឹង
ស្រាប់តែបាត់សុខ ភ្លាមៗនោះគាត់ក៏ឆោឡោឡើង ទើបមេភូមិបានចាត់ប្រុសៗដែលមានកម្លាំងមាំមួននិងក្លាហាន
ចូលក្នុងព្រៃស្វែងរកក្មេងៗដែលបាត់ ចំណែកនៅសេសសល់ប៉ុន្មានឲ្យនៅជួយមើលក្មេងៗ ដទៃទៀតក្នុងភូមិ
និងសុំឲ្យអ្នកភូមិនៅក្នុងផ្ទះកុំបើកទ្វារផ្ដេសផ្ដាស ហើយសម្ងំនៅឲ្យស្ងៀម ។
ក្រោយពីបានចូលទៅក្នុងព្រៃ
ដើរទៅបានជ្រៅបន្ដិច អ្នកភូមិក៏ប្រទះនឹងក្មេងៗដែលបានបាត់ រួមទាំងសុខផងដែរ កំពុងត្រូវបានចងមាត់
និងចងផ្អោបនៅនឹងដើមឈើ ។ ខណៈអ្នកភូមិបម្រុងតែនឹងជួយស្រាយចំណងស្រាប់តែលេចមុខខ្លាមួយដើរមក
ដោយមើលតាមស្ថានភាពលោកមេភូមិជាចាស់ទុំ បានដឹងថាខ្លានេះគ្រាន់តែមនុស្សបន្លំពាក់ស្បែកប៉ុណ្ណោះ
ក៏ស្រែកឲ្យដោះស្បែកខ្លាចេញ អ្នកភូមិក៏ស្រែកព្រមគ្នាឡើង ទើបលេចចេញជាបុរសម្នាក់វ័យខ្ទង់៥០
សក់វែង មុខមាត់សុទ្ធតែស្នាមសាក់ មើលមុខសឹងមិនយល់ ទើបអ៊ំគឹម ឃើញភ្លាម
គឺស្គាល់ថាជាមិត្តរួមគ្រូរបស់គាត់ ព្រោះកាលពីមុនគាត់ធ្លាប់រៀនមហាកម្លាំង
ចំណែកបុរសម្នាក់នោះ គឺរៀនអាគមបាលីកូនក្រក និងអាគមផ្លូវងងឹតផ្សេងៗ ឃើញភ្លាមអ៊ំគឹមក៏បានប្រាប់បុរសនោះថា៖
- អាសាក់ ឯងឆាប់ដោះលែងក្មេងៗភ្លាម
បើមិនអញ្ចឹងទេ អញនិងអ្នកភូមិមិនលើកលែងឲ្យឯងទេ
- ហាសហាសហា អញមិនលែង ពួកឯងធ្វើអីអញបាន
ប្រុសៗដទៃទៀត
ដែលចេះក្បាច់គុន បានស្ទុះទៅបម្រុងនឹងវាយបុរសនោះ ស្រាប់តែគ្រប់គ្នាត្រូវប៉ើងមកវិញ
ដោយសារតែបុរសនោះមានអាគមផង ទើបគ្រប់គ្នាធ្វើអីមិនបាន ចំណែកអ៊ំគឹមក៏ប្រាប់មេភូមិពីចំណុចខ្សោយបុរសនោះគឺ
បុរសនោះជារៀនអាគមផ្លូវងងឹត អញ្ចឹងគឺខ្លាចអាគមល្អ នរណាដែលចេះអាចជួយទប់ទល់បណ្ដើរ ឯអ៊ំគឹមនឹងទៅប្រយុទ្ធតតាំងនឹងបុរសនោះ
ភ្លាមនោះមេភូមិក៏ធានាទប់ទល់ គឺក៏ចាប់ធ្វើពិធីឡើងដោយឲ្យបុរសផ្សេងទៀតឈរយាមពីខាងមុខ ភ្លាមនោះបុរសសាក់នោះក៏ប្រើកូនចៅគាត់គឺមានខ្មោចកូនក្រក
ទៅប្រយុទ្ធ ចំណែកមេភូមិបានកូនសំណុំសង្វារចេញទៅតទល់ ឯអ៊ំគឹម
បានសូត្រផ្ដុំមហាកម្លាំងដែលគាត់បានរៀន វាយសំដៅទៅបុរសនោះ ដំបូងឡើយឃើញថាមិនអាចយកឈ្នះបានទេ
ទើបអ៊ំគឹមបានស្រែកឲ្យប្រុសៗដទៃទៀត នាំគ្នាជួយប្រយុទ្ធ ឃើញថាការប្រយុទ្ធយ៉ាងស្វិតស្វាញ
ទាំងខ្មោច ទាំងមនុស្ស ទាំងអាគម ប៉ុន្ដែមិនអាចយកឈ្នះបុរសសាក់នោះសោះ
គ្រប់គ្នារងរបួសជាទម្ងន់ ប៉ុន្ដែអ៊ំគឹមមិនអីទេ ប៉ុន្ដែបុរសសាក់នោះក៏រងរបួសបន្ដិចដែរ
ដោយត្រូវអាគមមហាកម្លាំង ក្រោយមកទើបអ៊ំគឹមនឹកឃើញបាលី និងវត្ថុស័ក្ដិសិទ្ធិដែលលោកគ្រូរបស់គាត់ផ្ដល់ឲ្យមុនចាកចេញ
ទើបគាត់បានទាញក្រណាត់យ័ន្ដមួយ ដែលរុំខ្ចប់ព្រះសំរិទ្ធមួយអង្គ គាត់ក៏ចាប់សូត្រសែកអាគមឡើង
ក៏កើតជាខ្យល់យ៉ាងសន្ធឹក បន្ទាប់មកគាត់ក៏គប់យ័ន្ដនោះទៅលើបុរសសាក់នោះ
បណ្ដាលឲ្យគាត់កម្រើកលែងបាន ភ្លាមនោះអ៊ំគឹមក៏ដកកូនកាំបិតអាគមដែលនៅនឹងចង្កេះនោះ មកឆូតដៃគាត់ឲ្យចេញឈាមដើម្បីដាស់អាគម
រួចគាត់ក៏សូត្រអាគមផ្ដុំ៣ដងទៅលើកាំបិតនោះ រួចគប់ទៅកាន់បុរសនោះ ចំទ្រូងស្លាប់ភ្លាមនៅកន្លែង
ក្រោយបុរសនោះស្លាប់ កូនក្រករបស់គាត់ក៏រលាយបាត់ដែរ ចំណែកមេភូមិក៏សប្បាយចិត្តណាស់
អ៊ំគឹមរត់ទៅឲ្យបកូនទំាងទឹកភ្នែក ហើយសាកសពបុរសនោះត្រូវបានអ្នកភូមិយកទៅបូជានៅវត្ត
និងបានឲ្យលោកឪជួយដោះលែងព្រលឹងដែលបុរសនោះបានយកមកប្រើប្រាស់ក្នុងផ្លុវងងឹត
ចាប់តាំងពីពេលនោះមកអ្នកភូមិក៏បានសុខសប្បាយរហូតមក។
0 មតិយោបល់:
Post a Comment