Sunday, October 3, 2021

រឿងព្រៃចម្ការកៅស៊ូ

 

តាមពិតនិយាយដល់រឿងចម្ការកៅស៊ូ ខ្ញុំជឿជាក់ថាប្រិយមិត្តមួយចំនួនពិតជាធ្លាប់បានឃើញ ព្រោះពេលវាធំឡើង គឺម្លប់ត្រជាក់ណាស់ ប៉ុន្ដែងងឹតគួរឲ្យខ្លាចដែរ ម្យ៉ាងបើនៅម្នាក់ឯងចម្ការបួនដប់ហិកតា គិតមើលទៅតើហ៊ាននៅម្នាក់ឯងអត់? តោះឥលូវនេះយើងចូលដល់សាច់រឿងញាក់សាច់របស់យើងតែម្ដងទៅ ៖

          រឿងនេះនិយាយពីគ្រួសារពូទីន ដោយគាត់ជាមនុស្សចំណូលស្រុកថ្មីៗ ជាគ្រួសារធំ ដែលមានកូនដល់ទៅ៨នាក់ ប៉ុន្ដែជីវភាពខ្វះខាតក្រីក្រលំបាកខ្លាំងណាស់ គាត់ក៏ផ្លាស់ទីលំនៅពីស្រុកកំណើតនៅឯខេត្តកណ្ដាល ដើម្បីមករស់នៅ និងស្វែងរកមុខរបរនៅខេត្តកំពង់ចាម ប៉ុន្ដែដោយសារតែស្ថានភាពលំបាកពេក គ្មានទុនរកស៊ីនឹងគេ គាត់និងក្រុមគ្រួសារ បានដើរស៊ីឈ្នួលគេ មួយថ្ងៃកាត់មួយថ្ងៃកោរ ពិតជាកំសត់ខ្លាំងណាស់ ពេលខ្លះអាចរកបានតែមួយពេល មួយពេលទៀតត្រូវនាំកូនដេកអត់បាយ និយាយដល់រឿងនេះ   សូម្បីតែជីវិតអ៊ែដមីនក៏ធ្លាប់ជួបដែរ គឺវេទនាគ្មានពាក្យអ្វីថ្លែងទេ នឹកដល់ពេលនោះ ពាក្យគេថា សក់អ្នកណាក្បាលអ្នកហ្នឹងហើយ សូម្បីតែសាច់ញាតិក៏គេមិនរាប់រកមិនស្គាល់ដែរ ទម្រាំបានដល់ថ្ងៃនេះ ពិតជាតស៊ូជីវិតដ៏ជូរចត់មិនតិចទេ ។​តោះកុំរវល់តែចូលតួខ្លួនឯងពេក បន្ដសាច់រឿងយើងវិញ តែដោយសារតែការលំបាក គាត់និងក្រុមគ្រួសារបានសម្រេចចែកផ្លូវគ្នា ដោយគាត់ជាមួយកូនធំៗបួននាក់ ចេញទៅដើររកស៊ីឈ្នួលគេ បើគេមិនរក គឺគាត់ដើររើសខ្ចៅខ្យង ឬបេះបន្លែព្រៃ ដើម្បីមកផ្ទះផ្សំៗ គ្រាន់តែនឹងដោះទាល់មួយគ្រា ចំណែកប្រពន្ធគាត់និងកូនតូចបួននាក់ទៀត ចេញវត្តដើម្បីជួយលាងចានឆ្នាំង និងរៀបចំចង្ហាន់លោក គ្រាន់នឹងបាយវត្តមួយសំណុំ ពេលថ្ងៃត្រង់ក៏មកជួបជុំគ្នាវិញ ដើម្បីហូបបាយជុំគ្នាវិញ ។ ក្រោយពីបាយរួច ពូទីនក៏និយាយជាមួយប្រពន្ធថា៖

-       ឯងអើយ! ខ្ញុំគិតថាចេញពីស្រុកកំណើតមករកស៊ីនៅស្រុកគេ សង្ឃឹមថានឹងបានធូរស្រាល មានឯណា ជីវិតកាន់តែលំបាកបន្ថែមទៀត

-       ឪវា ! កុំគិតច្រើនពេក ធ្វើម្ដេចបើយើងទាំងពីរគ្មានបានរៀនសូត្រអីហ្នឹង មិនចេះអក្សរមួយតួ នឹងរកការងារល្អក៏មិនបាន កូនក៏ច្រើន ខ្ញុំពិតជាពិបាកចិត្តណាស់

-       ម៉ែវា! ខ្ញុំគិតថានឹងសុំព្រះតេជគុណចៅអធិការវត្ត ដើម្បីសុំឲ្យកូនយើងបានបួសរៀន ហើយក៏ជួយសម្រាលបន្ទុកមួយគ្រាដែរ ក្រែងលោថ្ងៃក្រោយកូនមានវាសនា រៀនសូត្របានខ្ពស់ បានការងារល្អ អាចចិញ្ចឹមខ្លួនឯងបាន អញ្ចឹងយើងទាំងពីរក៏មិនមានអ្វីដែលត្រូវសោកស្ដាយដែរ ។

-       ចាំមើលខ្ញុំសួរកូនសិន និងសុំការសណ្ដោសពីព្រះតេជគុណសាកមើល

ក្រោយពីនិយាយពីរឿងនេះហើយ ពីរនាក់ប្ដីប្រពន្ធបានហៅកូនមកសាកសួរ ក៏ឃើញថាមិនប្រកែកអីដែរ បានដូចអ្វីដែលគិតហើយ ក៏ចេញទៅសុំតេជគុណ ក៏លោកអាណិតមេត្តា និងជួយទំនុកបម្រុងក្នុងការបំបួសកូនទាំង៤របស់គាត់ឲ្យ ។ ក្រោយមកក៏មានអ្នកម្នាក់បានដឹងពីស្ថានភាពគ្រួសារគាត់ក៏អាណិតអាសូរ ក៏បានជួលគាត់និងក្រុមគ្រួសារឲ្យទៅជួយដេកយាម និងចៀរជ័រកៅស៊ូ ដែលមានទំហំដីដល់ទៅម្ភៃហិកតាឯណោះ ដោយក្នុងមួយខែថ្លៃឈ្នួលយាមគាត់ឲ្យ ហុកសិបម៉ឺនរៀល ចំណែកថ្លៃចៀរជ័រកៅស៊ូគិតផ្សេងទៀត ។ សប្បាយចិត្តនឹងកូនបានបួសផង សប្បាយចិត្តនឹងបានការងារល្អជាប់លាប់ផង ទាំងពីរនាក់ប្ដីប្រពន្ធទឹកភ្នែកហូរមកទាំងមិនដឹងខ្លួន ដោយរំពឹងថានឹងលែងបារម្ភបានលុយ ទិញចំណីអាហារ សម្រាប់កូនៗហើយ ជាតិជាឪពុកម្ដាយ អ្នកណាក៏ដូចអ្នកណាដែរ កូននេះហើយ ជាកែវភ្នែកនោះ ។ ក្រោយពីបានបំបួសកូនហើយ ទាំងពីរនាក់ប្ដីប្រពន្ធក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់ ដើម្បីទៅដេកយាមចម្ការកៅស៊ូ ទៅនៅពីនោះបានមួយរយៈពិតជាធ្វើឲ្យពូទីននិងក្រុមគ្រួសារសប្បាយចិត្តណាស់ ខិតខំប្រឹងប្រែងធ្វើការ និងសន្សំលុយកាក់ខ្លះ យកទៅប្រគេនឧបត្ថម្ភដល់លោកកូនដែលបានបួសរៀនទៀត សូម្បីតែអ៊ែដមីនក៏សប្បាយចិត្តជំនួសស្ទើរតែនឹងស្រក់ទឹកភ្នែកដែរ ទៀតហើយៗ ចូលតួទៀតហើយ ។

នៅយប់១៥កើត ខណៈដែលលោកកូនៗ នឹកឪពុកម្ដាយពេកក៏សុំចៅអធិការវត្តទៅលេងញោមទាំងពីរ ខណៈនោះ ពូទីននិងក្រុមគ្រួសារបានសុំឲ្យលោកកូននិមន្ដប្រោះព្រំធម៌ឲ្យស្ដាប់ ព្រោះចង់ដឹងថាលោកកូនបួសរៀនបានយ៉ាងណាហើយ លោកកូនឮហើយ ក៏មានសោមនស្សក៏ចាប់ផ្ដើមអារាធនា សំដែងនូវធម៌ ខណៈដែលលោកកំពុងតែសំដែងធម៌ ស្រាប់តែមានខ្យល់ត្រជាក់បក់មកវ៉ ខ្លាំងប្លែកខុសធម្មតា រំពេចនោះក៏លេចចេញស្រមោលមនុស្សប្រហែលជាបីនាក់ដើរមកសំដៅលោក ហើយក៏ក្រាបសំពះសុំស្ដាប់នូវការសំដែងធម៌ដែរ ពីរនាក់ប្ដីប្រពន្ធឃើញបែបនេះមិនបានគិតច្រើនទេ គិតតែពីតេ្រកអរ ព្រោះនឹងមានមនុស្សមករស់នៅក្បែរនោះដែរ ។ រំលងពីយប់នោះទៅ ក៏មានមនុស្សមួយក្រុមទៀត បានស៊ីឈ្នួលចៀរជ័រកៅស៊ូនៅទីនោះដែរ ប៉ុន្ដែសុទ្ធតែក្មេងៗជំទង់ស្ទាវៗ ពួកគេរៀបចំបោះតង់ ដើម្បីសម្រាក ខណៈពេលទៀបភ្លឺម៉ោង២ គ្រប់គ្នាងើបឡើងចៀវជ័រ ខណៈនោះពួកស្ទាវនោះស្រាប់តែឃើញអ៊ំស្រីចំណាស់ម្នាក់កំពុងតែដើរចៀរជ័រដែរ ពួកគេក៏លាន់មាត់សើច៖

-       យីន៎! ម្ចាស់ចំការនេះ ម្ដេចក៏មកជួលអ៊ំនោះកើតន៎ ចាស់ហើយ ដំណើរស៊ើកៗ ចៀរអីនឹងបានទៅហ៎

មែនហើយ! អ៊ំអើយកុំខឹងណា បើខ្ញុំចំណាស់អ៊ំវិញ ខ្ញុំមិនមកចៀរជ័រកៅស៊ូទេ ខ្ញុំទៅធ្វើយាយជីបម្រើលោកហើយ ហាសហាសហា ពួកគេនាំគ្នាសើចឲ្យកក្អឹក​ ស្រាប់តែបាត់អ៊ំស្រីនោះបាត់ គ្រប់គ្នាចាប់ផ្ដើមស្ងប់ស្ងាត់ ភ្នែកនៅកញ្ចឹងក រំពេចនោះក៏ស្រាប់តែលេចចេញនូវមនុស្សអត់ក្បាលដើរសំដៅមករកពួកគេ ពួកគេក៏រត់ដាក់មេប្រូច ហើយក៏ស្រែកឲ្យគេជួយ រត់ទៅច្រកនេះ ស្រាប់តែជួបនឹងខ្លាដំបងដ៏ធំ កំពុងគ្រហឹមសម្លឹងដេញតាមពួកគេ ពួកគេភ័យណាស់ រត់មិនបានមើលមុខក្រោយទេ រត់ទៅច្រកផ្សេង ជួបនឹងពស់ធំៗ រត់ចុះរត់ឡើង ជួបនឹងព្រាយសក់វែងអូសដី អ្នកខ្លះភ័យពេកក៏សន្លប់នឹងកន្លែង ខ្លះទៀត រត់បុកដើមកៅស៊ូបែកក្បាលហូរឈាម ពួកគេម្នាក់ៗ ប្រឹងរត់ខ្លាំងណាស់ រត់យូរហើយ មិនជួបក្រុមគ្រួសារពូទីនសោះ បើអ្នកទាំងអស់គ្នាវិញ បើឃើញបែបនេះបើមិនរត់ មិនភ័យទើបវាចម្លែក អ្នកដទៃមិនសូវប៉ុន្មានទេ ព្រោះសន្លប់បណ្ដើរហើយ នៅសល់តែអន្ទិតស្រស់ដែលជាអ្នកនិយាយឌឺដងឲ្យទៅអ៊ំស្រីនោះ ដែររត់ចេះតែជួបរហូត អស់ពីខ្លា មកជួបតោ អស់ពីតោ មកជួបក្រពើលើគោក រហូតដល់គេរត់ចុះរត់ឡើងក៏ជំពប់ជើងដួល ទៅលើផ្នូរខ្មោច ស្រាប់តែអ៊ំស្រីនោះបានលេចមុខឡើង អង្គុយពីលើផ្នូរនោះ ហើយស្រែកថា ពួកឯងជាក្មេងគ្មានម៉ែឪប្រដៅ ឃើញចាស់មិនចេះគួរសម អញចាស់តើវាយ៉ាងម៉េច អញចាស់តើឲ្យឯងប្រមាថបានមែន? ឯងនេះសមតែទទួលបាននូវអ្វីដែលបានធ្វើ ប៉ុន្ដែបើឯងយល់ពីកំហុស ហើយឈប់ប្រព្រឹត្តបែបនេះទៀត អញនឹងលើកលែងឲ្យ អន្ទិតស្រស់នៅចាំដល់ណាទៀត ក៏លើលើកដៃសំពះទាំងញ័រ ហើយនិយាយថា៖ ឲ្យខ្ញុំសុំទោស ខ្ញុំលែងហ៊ានទៀតហើយ និយាយតែប៉ុណ្ណេះអន្ទិតស្រស់ក៏សន្លប់បាត់មាត់បាត់កទៅ ភ្លាមនោះមេឃក៏ភ្លឺល្មម គ្រួសារពូទីនក៏មកឃើញនាយសន្លប់បែបនេះក៏ជួយគ្រាទៅកន្លែងស្នាក់នៅវិញ ប៉ុន្ដែអន្ទិតស្រស់វិញ គឺបានជ្រុះសក់អស់បាត់ ឃើញដូចនេះពូទីនក៏ឲ្យប្រពន្ធទៅនិមន្ដលោកកូន ដើម្បីជួយប្រោះព្រំបំបាត់ការភ័យ ព្រោះគាត់ដឹងថាប្រហែលជាត្រូវខ្មោចលងហើយ ព្រោះគាត់ក៏ធ្លាប់បានជួបដែរ ប៉ុន្ដែគេមិនធ្វើបាបគាត់ គេប្រាប់ថា គាត់នឹងក្រុមគ្រួសារជាមនុស្សល្អ ម្យ៉ាងថ្ងៃមុនគេបានស្ដាប់លោកកូនសំដែងធម៌ទៀត ជាហេតុនាំឲ្យវិញ្ញាណពួកគេបានកុសលច្រើនណាស់ ។ ក្រោយពីហេតុការណ៍នោះបញ្ចប់ទៅ អន្ទិតស្រស់ក៏ប្ដូរពីក្មេងច្រលើម មកក្លាយជាក្មេងសុភាព ចេះស្គាល់ចាស់ស្គាល់ទុំ ម្យ៉ាងគេតែងតែឆ្លៀតទៅវត្តដើម្បីរៀនសូត្រធម៌ និងតែព្យាយាមធ្វើបុណ្យឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់អ៊ំស្រីម្នាក់នោះផងដែរ ។ 


0 មតិយោបល់:

Post a Comment