សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Tuesday, October 26, 2021

រឿងមហាកម្លាំង

 


និយាយដល់រឿងនេះ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នា ពិតជាធ្លាប់ឮចាស់និយាយពីអាគមមហាកម្លាំង មហាទម្ងន់ មហាស្រាល ជាដើម តែថ្ងៃនេះអ៊ែដមីនសូមលើកយកតែរឿងមហាកម្លាំងមកនិទានជូនប្រិយមិត្ត ។ អាគមមហាកម្លាំងនេះដែរ គឺមុននឹងអាចរៀនបានលុះត្រាតែជននោះជាមនុស្សដែលមានចិត្តអត់ធ្មត់ខ្លាំងណាស់ បើមិនដូច្នេះទេ អាចនាំឲ្យមានអន្ដរាយដល់ខ្លួនឯង និងអ្នកដទៃដែរ ដូចរឿងរបស់អ៊ំគឹមជាដើម ។

អ៊ំគឹមជាបុរសចំណាស់វ័យសែសិបប្លាយហើយ គាត់ជាមនុស្សសម្បុរខ្មៅស្រអែម មុខមាំ មានសាច់ដុំធំៗណាស់ គាត់ប្រកបរបរជាអ្នកដំដែក គាត់ជាគត់មត់ណាស់ គាត់មិនសូវចេះញញឹមអីទេ ប៉ុន្ដែចិត្តទូលាយណាស់ ប៉ុន្ដែគាត់ជាកម្លោះចាស់ទេ គឺពុំទាន់មានប្រពន្ធកូននៅឡើយ ប៉ុន្ដែដោយសារតែស្រលាញ់ចូលចិត្តក្មេងៗ គាត់បានសុំកូនគេមកចិញ្ចឹមគ្រាន់នឹងមានអ្នកប្រលែងលេង គាត់ដាក់ឈ្មោះថាសុខ ដែលមានន័យថាសុខសប្បាយ ព្រោះគាត់ចង់ឲ្យកូនបានសុខសប្បាយតាមឈ្មោះ ហើយគាត់ស្រលាញ់ក្មេងៗគ្រប់គ្នាក្នុងភូមិ ហេតុនេះទើបធ្វើឲ្យឪពុកម្ដាយក្មេងគ្រប់រូបក្នុងភូមិ ស្រលាញ់ចូលចិត្តគាត់ណាស់ ម្យ៉ាងគាត់ក៏តែងតែជួយយកអាសារអ្នកភូមិច្រើនណាស់ រហូតថ្ងៃមួយមានរឿងរ៉ាវគួរឲ្យរន្ធត់ចិត្តមួយបានកើតឡើង ។

នៅវេលាយប់ជ្រៅ មនុស្សកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់ ស្រាប់តែគេបានឮសម្លេងត្រដោកគោះ ជាសញ្ញាប្រកាសអាសន្នពីផ្ទះមេភូមិ អ្នកភូមិគ្រប់ផ្ទះក៏អុជភ្លើងបំភ្លឺ មនុស្សម្នាអ៊ូអរមកកាន់ផ្ទះមេភូមិ ៖

-       លោកមេភូមិ! ៗ តើមានរឿងអីកើតឡើងមែនទេ?

-      បាទអ្នកទាំងអស់គ្នា ! អំបាញ់ប្អូនញ៉ាញ់ បានបាត់កូនដែលកំពុងតែដេកសុខៗ ហើយពេលដើររកបានឃើញស្រមោលខ្លា ដើរចូលក្នុងព្រៃ ប៉ុន្ដែតាមខ្ញុំស្មាននោះមិនមែនខ្លាពិតប្រាកដទេ ព្រោះពុំមានដានជើងខ្លាទេ មានតែខ្លាក្រដាស

-       ខ្លាក្រដាស? វីវរហើយអញ្ចឹង

អ៊ំគឹមបានឮដូចនេះក៏ស្ទុះរត់ទៅផ្ទះវឹង ស្រាប់តែបាត់សុខ ភ្លាមៗនោះគាត់ក៏ឆោឡោឡើង ទើបមេភូមិបានចាត់ប្រុសៗដែលមានកម្លាំងមាំមួននិងក្លាហាន ចូលក្នុងព្រៃស្វែងរកក្មេងៗដែលបាត់ ចំណែកនៅសេសសល់ប៉ុន្មានឲ្យនៅជួយមើលក្មេងៗ ដទៃទៀតក្នុងភូមិ និងសុំឲ្យអ្នកភូមិនៅក្នុងផ្ទះកុំបើកទ្វារផ្ដេសផ្ដាស ហើយសម្ងំនៅឲ្យស្ងៀម ។

ក្រោយពីបានចូលទៅក្នុងព្រៃ ដើរទៅបានជ្រៅបន្ដិច អ្នកភូមិក៏ប្រទះនឹងក្មេងៗដែលបានបាត់ រួមទាំងសុខផងដែរ កំពុងត្រូវបានចងមាត់ និងចងផ្អោបនៅនឹងដើមឈើ ។       ខណៈអ្នកភូមិបម្រុងតែនឹងជួយស្រាយចំណងស្រាប់តែលេចមុខខ្លាមួយដើរមក ដោយមើលតាមស្ថានភាពលោកមេភូមិជាចាស់ទុំ បានដឹងថាខ្លានេះគ្រាន់តែមនុស្សបន្លំពាក់ស្បែកប៉ុណ្ណោះ ក៏ស្រែកឲ្យដោះស្បែកខ្លាចេញ អ្នកភូមិក៏ស្រែកព្រមគ្នាឡើង ទើបលេចចេញជាបុរសម្នាក់វ័យខ្ទង់៥០ សក់វែង មុខមាត់សុទ្ធតែស្នាមសាក់ មើលមុខសឹងមិនយល់ ទើបអ៊ំគឹម ឃើញភ្លាម គឺស្គាល់ថាជាមិត្តរួមគ្រូរបស់គាត់ ព្រោះកាលពីមុនគាត់ធ្លាប់រៀនមហាកម្លាំង ចំណែកបុរសម្នាក់នោះ គឺរៀនអាគមបាលីកូនក្រក និងអាគមផ្លូវងងឹតផ្សេងៗ ឃើញភ្លាមអ៊ំគឹមក៏បានប្រាប់បុរសនោះថា៖

-       អាសាក់ ឯងឆាប់ដោះលែងក្មេងៗភ្លាម បើមិនអញ្ចឹងទេ អញនិងអ្នកភូមិមិនលើកលែងឲ្យឯងទេ

-       ហាសហាសហា អញមិនលែង ពួកឯងធ្វើអីអញបាន

ប្រុសៗដទៃទៀត ដែលចេះក្បាច់គុន បានស្ទុះទៅបម្រុងនឹងវាយបុរសនោះ ស្រាប់តែគ្រប់គ្នាត្រូវប៉ើងមកវិញ ដោយសារតែបុរសនោះមានអាគមផង ទើបគ្រប់គ្នាធ្វើអីមិនបាន ចំណែកអ៊ំគឹមក៏ប្រាប់មេភូមិពីចំណុចខ្សោយបុរសនោះគឺ បុរសនោះជារៀនអាគមផ្លូវងងឹត អញ្ចឹងគឺខ្លាចអាគមល្អ នរណាដែលចេះអាចជួយទប់ទល់បណ្ដើរ ឯអ៊ំគឹមនឹងទៅប្រយុទ្ធតតាំងនឹងបុរសនោះ ភ្លាមនោះមេភូមិក៏ធានាទប់ទល់ គឺក៏ចាប់ធ្វើពិធីឡើងដោយឲ្យបុរសផ្សេងទៀតឈរយាមពីខាងមុខ ភ្លាមនោះបុរសសាក់នោះក៏ប្រើកូនចៅគាត់គឺមានខ្មោចកូនក្រក ទៅប្រយុទ្ធ ចំណែកមេភូមិបានកូនសំណុំសង្វារចេញទៅតទល់ ឯអ៊ំគឹម បានសូត្រផ្ដុំមហាកម្លាំងដែលគាត់បានរៀន វាយសំដៅទៅបុរសនោះ ដំបូងឡើយឃើញថាមិនអាចយកឈ្នះបានទេ ទើបអ៊ំគឹមបានស្រែកឲ្យប្រុសៗដទៃទៀត នាំគ្នាជួយប្រយុទ្ធ ឃើញថាការប្រយុទ្ធយ៉ាងស្វិតស្វាញ ទាំងខ្មោច ទាំងមនុស្ស ទាំងអាគម ប៉ុន្ដែមិនអាចយកឈ្នះបុរសសាក់នោះសោះ គ្រប់គ្នារងរបួសជាទម្ងន់ ប៉ុន្ដែអ៊ំគឹមមិនអីទេ ប៉ុន្ដែបុរសសាក់នោះក៏រងរបួសបន្ដិចដែរ ដោយត្រូវអាគមមហាកម្លាំង ក្រោយមកទើបអ៊ំគឹមនឹកឃើញបាលី និងវត្ថុស័ក្ដិសិទ្ធិដែលលោកគ្រូរបស់គាត់ផ្ដល់ឲ្យមុនចាកចេញ ទើបគាត់បានទាញក្រណាត់យ័ន្ដមួយ ដែលរុំខ្ចប់ព្រះសំរិទ្ធមួយអង្គ គាត់ក៏ចាប់សូត្រសែកអាគមឡើង ក៏កើតជាខ្យល់យ៉ាងសន្ធឹក បន្ទាប់មកគាត់ក៏គប់យ័ន្ដនោះទៅលើបុរសសាក់នោះ បណ្ដាលឲ្យគាត់កម្រើកលែងបាន ភ្លាមនោះអ៊ំគឹមក៏ដកកូនកាំបិតអាគមដែលនៅនឹងចង្កេះនោះ មកឆូតដៃគាត់ឲ្យចេញឈាមដើម្បីដាស់អាគម រួចគាត់ក៏សូត្រអាគមផ្ដុំ៣ដងទៅលើកាំបិតនោះ រួចគប់ទៅកាន់បុរសនោះ ចំទ្រូងស្លាប់ភ្លាមនៅកន្លែង ក្រោយបុរសនោះស្លាប់ កូនក្រករបស់គាត់ក៏រលាយបាត់ដែរ ចំណែកមេភូមិក៏សប្បាយចិត្តណាស់ អ៊ំគឹមរត់ទៅឲ្យបកូនទំាងទឹកភ្នែក ហើយសាកសពបុរសនោះត្រូវបានអ្នកភូមិយកទៅបូជានៅវត្ត និងបានឲ្យលោកឪជួយដោះលែងព្រលឹងដែលបុរសនោះបានយកមកប្រើប្រាស់ក្នុងផ្លុវងងឹត ចាប់តាំងពីពេលនោះមកអ្នកភូមិក៏បានសុខសប្បាយរហូតមក។

Wednesday, October 20, 2021

រឿងខ្មោចរន្ទះបាញ់

 


រឿងរ៉ាវគ្រោះធម្មជាតិបានកើតឡើងស្ទើរតែរៀងរាល់ឆ្នាំ មានទាំងគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខុសរដូវ អាកាសធាតុប្រែជាមានភ្លៀងជោគជាំខុសកាលវេលា មានមនុស្សសត្វជាច្រើនដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិនេះ តួយ៉ាងដូចជារឿងរបស់ពូកនអញ្ចឹង ពូកនគាត់ជាមនុស្សដែលស្លូតបូតណាស់ គាត់មនុស្សទីទ័លក្រ ប៉ុន្ដែមានទឹកចិត្តល្អគួរឲ្យរាប់អាន ដោយសារតែភាពស្មោះត្រង់របស់គាត់ហើយ ទើបមាននារីស្អាតៗ ដែលជាអ្នកស្រលាញ់អត្តចរិតរបស់គាត់ មានទឹកចិត្តចង់ផ្ញើវាសនាលើគាត់ ប៉ុន្ដែគាត់តែបដិសេធជានិច្ច ព្រោះមើលមកខ្លួនឯងទីទ័លក្រខ្លាំងណាស់សព្វថ្ងៃ គ្មានរបរអ្វីក្រៅពីការធ្វើស្រែចំការ ឆ្នាំណាកាក់កបក៏សល់ស្រូវ ដំឡូងបានទុកហូបទៅ ឆ្នាំណាមានគ្រោះធម្មជាតិច្រើន គឺខាតបង់ រកតែអង្ករហូបមិនបានផង ។ ប៉ុន្ដែទោះជាគាត់បដិសេធយ៉ាងណា ក៏រឿងរ៉ាវធម្មជាតិរបស់មនុស្សប្រុស ត្រូវជៀសមិនរួចទេ ទីបំផុត គាត់ក៏បានស្ម័គ្រចិត្តដណ្ដឹងនាងណារី ជាកូនលោកមេភូមិ នាងជានារីដែលសុភាពរមទមណាស់ អៀនប្រៀនច្រើន សម្បុរស្រអែម ដំណើរមួយៗ បើនិយាយសំដីអ្វីក៏ពិរោះគួរឲ្យចង់ស្ដាប់ ។

          ក្រោយពីបានដណ្ដឹងនាងរួចហើយ ពូកនបានខិតខំសន្សំលុយកាក់ដើម្បីទុកថ្ងៃរៀបការ គូដណ្ដឹងនេះថ្វីត្បិតថាបានភ្ជាប់ពាក្យពិតមែន តែពុំហ៊ានជួបគ្នាតែពីរនាក់នោះទេ គឺជួបគ្នានៅមុខចាស់ទុំសងខាង ទោះជាមានអ្វីចង់ផ្ញើក៏ពូកនមិនហ៊ានរញ៉េរញ៉ៃ ឬស្និទ្ធស្នាលជ្រុលទេ ចំណែកណារី ក៏អញ្ចឹងដែរ ព្រោះដឹងហើយថានាងអៀនច្រើន ។ ក្ដីស្រលាញ់អ្នកទាំងពីរមិនថមថយនោះទេ ជួនជាថ្ងៃមួយ ជាបុណ្យភូមិ ពេលនោះមានកម្មវិធីរាំវង់កំសាន្ដ នៅក្នុងភូមិ ណារី និងពូកន មើលទៅពិតជាសមគ្នាណាស់ ពូកនស្លៀកពាក់បែបសាមញ្ញ ប៉ុន្ដែមើលទៅសង្ហាដែរ ឯណារីវិញ មានកូនកន្សែងពណ៌សបង់ក ព្រមទំាងពាក់អាវយឺតពណ៌លឿង មើលទៅពិតជាស្រស់ណាស់ ។ គ្រប់គ្នាបានចូលរាំវង់យ៉ាងសប្បាយ បន្ដិចក្រោយមក ក៏មេឃបង្អុរភ្លៀងយ៉ាងខ្លាំង គ្រប់គ្នារត់ជ្រកភ្លៀង ឯពូកននិងណារី រត់មកជ្រកក្រោមដើមស្វាយ ទឹកមុខញញឹមរកគ្នា រីករាយនឹងបុណ្យភូមិ ប៉ុន្ដែមិនដឹងជាជនប្រមឹកមកពីណាទេ មានគ្នាបីបួននាក់ ចាប់ផ្ដើមឈ្លោះប្រកែកគ្នា ហើយក៏រករឿងវាយតប់គ្នា បណ្ដាលឲ្យណារី និងពូកន មានអារម្មណ៍ភ័យខ្លាច ក៏បបួលគ្នាទៅផ្ទះទាំងភ្លៀង ខណៈពេលដែលកំពុងតែជូនណារីទៅផ្ទះ ពួកប្រមឹកនោះបានរត់ប្រសេចប្រសាចពីក្រោយ រួចគប់ដុំថ្មសំដៅមកពូកន តែណារីទៅរងបណ្ដាលឲ្យនាងបែកក្បាលហូរឈាមជាខ្លាំង ដោយសារតែឃើញគូដណ្ដឹងខ្លួនរបស់បែបនេះពូកនក៏សម្រេចចិត្តដោះអាវរុំក្បាលឃាត់ឈាម និងបីនាងរត់ទៅផ្ទះ ចំណែកពួកប្រមឹកឃើញបែបនោះ ក៏រាងភ័យ ស្វាងស្រាចែស ក៏ដាក់មេប្រូចតែម្ដង ។ ពិតជាគួរឲ្យអនិច្ចាកម្មរបស់ពូកន ខណៈដែលកំពុងបីណារី បណ្ដើរ ហៅនាងបណ្ដើរ៖ ណារីៗ កុំដេកណា ប្រឹងបើកភ្នែកឡើង ឯណារី ឃើញបែបនេះក៏ប្រឹងត្រដរញញឹមលើកទឹកចិត្តពូកន ស្រាប់តែមេឃមានរន្ទះឆ្វេចឆ្វាច ស្នូរផាំង រន្ទះបាញ់មួយគ្រាប់ គេឃើញពូកនដេកដួលនៅនឹងដី ឯណារីវិញក៏បានត្រឹមប្រឹងស្រែកឲ្យគេជួយ ស្របពេលនោះដែរ ក៏មានអ្នកភូមិដែលបានធ្វើដំណើរមកផ្ទះដែរ តាមផ្លូវនោះ ឃើញហេតុការណ៍នោះហើយក៏ស្រវេស្រវាជួយគ្រាពូកន ឃើញថាគាត់ទន់ខ្លួនបាត់ទៅហើយ អាណិតតែណារីទេ ឈាមហូរខ្សោះខ្លួនផង ឃើញគូដណ្ដឹងខ្លួនស្រស់ៗនៅភ្នែកបែបនេះ នាងទប់អារម្មណ៍មិនបាន ក៏សន្លប់បាត់ស្មារតីទៅ ។

          ក្រោយពីដឹងខ្លួន ណារីឮសម្លេងអ្នកផ្ទះយំសោកអាណិតពូកនគ្រប់គ្នា នាងប្រឹងបើកភ្នែក ហើយក៏ស្រក់ទឹកភ្នែកអាណិតអនាគតស្វាមី នាងស្រែកយំថា៖ គាត់ជាមនុស្សល្អណាស់ ហេតុអ្វីបានជាអ្នកប្រល័យជីវិតគាត់បែបនេះ តើគាត់បានធ្វើខុសអី តើជាតិមុនខ្ញុំជំពាក់កម្មអី្វ បានជាជាតិនេះអភ័ព្វម្ល៉េះ? បើសិនជាអាចយកខ្ញុំជំនួសគាត់ទៅ...។ នាងយំសោកឥតខ្មាសអ្វីទៀតឡើយ ទិដ្ឋភាពបែបនេះនរណាមិនអាណិត នរណាមិនខ្លោចចិត្ត ។ ក្រោយមកគ្រួសារណារីក៏បានរៀបចំបុណ្យសពជូនពូកន ចប់រួចរាល់ ឯណារីនៅមិនទាន់អស់អាឡ័យពីគូដណ្ដឹងនៅឡើយ ខណៈនាងកំពុងយំនៅលើគ្រែក្នុងបន្ទប់គេងម្នាក់ឯង ស្រាប់តែនាងបានឮសម្លេងពូកនិយាយមកកាន់នាង៖ ណារី! កុំយំអីណា ! ធ្វើម្ដេចជាតិនេះបុណ្យខ្ញុំតិច កុំសោកសង្រេងនាំឲ្យស្គមកាយអី្វ ជាតិនេះខ្ញុំសំណាងណាស់ទៅហើយ ដែលទេវតាបានឲ្យបានជួបណារី ។ ណារីសម្លឹងទៅតាមបង្អួច ឃើញគូដណ្ដឹងស្រស់ៗបែបនេះ ដោយក្ដីស្រលាញ់ដ៏ស្មោះស្ម័គ្រ នាងបានស្ទុះរត់ទៅឲ្យប តែមិនអាចឲ្យបបាន នាងបានហៅពូកនថា ប្ដីៗពេញមាត់ ទាំងទឹកភ្នែកហូរជោគផែនថ្ពាល់ សូម្បីតែអ៊ែដមីនក៏ទប់ភ្នែកមិនបានដែរ បងកុំទៅណាអី អូនស្រលាញ់បងណាស់ ជាតិនេះអូនមានសំណាងបានបងជាប្ដី ។ តែទោះជានាងយំអង្វរយ៉ាងណា វិញ្ញាណពូកនក៏រលាយសូន្យបាត់ទៅ។

          ថ្លែងពីពួកប្រមឹកដែលគប់ដុំថ្មចំណារី ខណៈដែលកំពុងអង្គុយផឹកស្រាសក្លែម       ត្រឡនតននៅខ្ទមក្នុងវាលស្រែមួយកន្លែង ក្នុងចំណោមគ្នាគេម្នាក់ ឃើញសាច់ក្លែមទៅមុខពូកន ភ័យណាស់ក៏ស្រែក ៖ ខ្មោចអាកនៗ !​ ភ្លាមនោះស្រាប់តែមានឮសម្លេងស្នូររន្ទះបាញ់ជាច្រើនគ្រាប់ បាញ់ជាប់ៗគ្នា រង្គើអស់ធរណី មួយគ្រាប់បាញ់ចំខ្ទមស្រែនោះ ប៉ុន្ដែមិនបណ្ដាលឲ្យពួកនោះមានគ្រោះថ្នាក់ទេ ប៉ុន្ដែរន្ទះនៅបាញ់រហូត ដេញតាមពួកគេ រហូតដល់ពួកគេទាំងអស់ លុតជង្គង់យំសុំអង្វរ និងទទួលដឹងខុស និងស្បថថាឈប់ផឹកស្រាពីថ្ងៃនេះតទៅ ហើយពួកគេសន្យាថានឹងសាងភ្នួសដើម្បីបំពេញកុសលឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធពូកន ដើម្បីលុបលាងទោស ។ ដោយនិស្ស័យជាមនុស្សស្លូតបូត ស្លាប់ទៅហើយក៏មានចិត្តស្លូតបូតទៀត វិញ្ញាណពូកនក៏បាត់ពីទីនោះទៅ មុននឹងទៅចាប់កំណើតថ្មី ពូកនបានទៅលាប្រពន្ធ ដោយប្រាប់ថា៖ បើនិស្ស័យយើងមាន យើងជួបគ្នាទៀត បួនឆ្នាំក្រោយនឹងមាននារីមកផ្ញើកូនឲ្យហើយ សូមអូនទទួលផង ។ ពិតជានិស្ស័យមែន បួនឆ្នាំក្រោយ មាននារីមេម៉ាយម្នាក់យកកូនប្រុសមកឲ្យណារី ដោយកូននោះកើតមកចេះនិយាយកាលណា បានប្រាប់ម្ដាយថាទៅរកប្រពន្ធគេឈ្មោះណារីៗ តាំងពីពេលនោះមកណារីក៏ទទួលចិញ្ចឹមបីបាច់កូននោះរហូតដល់ធំ ដោយគេមិនព្រមយកប្រពន្ធសោះ គឺសុំណារីទៅបួសរហូតទៅ។

Sunday, October 3, 2021

រឿងព្រៃចម្ការកៅស៊ូ

 

តាមពិតនិយាយដល់រឿងចម្ការកៅស៊ូ ខ្ញុំជឿជាក់ថាប្រិយមិត្តមួយចំនួនពិតជាធ្លាប់បានឃើញ ព្រោះពេលវាធំឡើង គឺម្លប់ត្រជាក់ណាស់ ប៉ុន្ដែងងឹតគួរឲ្យខ្លាចដែរ ម្យ៉ាងបើនៅម្នាក់ឯងចម្ការបួនដប់ហិកតា គិតមើលទៅតើហ៊ាននៅម្នាក់ឯងអត់? តោះឥលូវនេះយើងចូលដល់សាច់រឿងញាក់សាច់របស់យើងតែម្ដងទៅ ៖

          រឿងនេះនិយាយពីគ្រួសារពូទីន ដោយគាត់ជាមនុស្សចំណូលស្រុកថ្មីៗ ជាគ្រួសារធំ ដែលមានកូនដល់ទៅ៨នាក់ ប៉ុន្ដែជីវភាពខ្វះខាតក្រីក្រលំបាកខ្លាំងណាស់ គាត់ក៏ផ្លាស់ទីលំនៅពីស្រុកកំណើតនៅឯខេត្តកណ្ដាល ដើម្បីមករស់នៅ និងស្វែងរកមុខរបរនៅខេត្តកំពង់ចាម ប៉ុន្ដែដោយសារតែស្ថានភាពលំបាកពេក គ្មានទុនរកស៊ីនឹងគេ គាត់និងក្រុមគ្រួសារ បានដើរស៊ីឈ្នួលគេ មួយថ្ងៃកាត់មួយថ្ងៃកោរ ពិតជាកំសត់ខ្លាំងណាស់ ពេលខ្លះអាចរកបានតែមួយពេល មួយពេលទៀតត្រូវនាំកូនដេកអត់បាយ និយាយដល់រឿងនេះ   សូម្បីតែជីវិតអ៊ែដមីនក៏ធ្លាប់ជួបដែរ គឺវេទនាគ្មានពាក្យអ្វីថ្លែងទេ នឹកដល់ពេលនោះ ពាក្យគេថា សក់អ្នកណាក្បាលអ្នកហ្នឹងហើយ សូម្បីតែសាច់ញាតិក៏គេមិនរាប់រកមិនស្គាល់ដែរ ទម្រាំបានដល់ថ្ងៃនេះ ពិតជាតស៊ូជីវិតដ៏ជូរចត់មិនតិចទេ ។​តោះកុំរវល់តែចូលតួខ្លួនឯងពេក បន្ដសាច់រឿងយើងវិញ តែដោយសារតែការលំបាក គាត់និងក្រុមគ្រួសារបានសម្រេចចែកផ្លូវគ្នា ដោយគាត់ជាមួយកូនធំៗបួននាក់ ចេញទៅដើររកស៊ីឈ្នួលគេ បើគេមិនរក គឺគាត់ដើររើសខ្ចៅខ្យង ឬបេះបន្លែព្រៃ ដើម្បីមកផ្ទះផ្សំៗ គ្រាន់តែនឹងដោះទាល់មួយគ្រា ចំណែកប្រពន្ធគាត់និងកូនតូចបួននាក់ទៀត ចេញវត្តដើម្បីជួយលាងចានឆ្នាំង និងរៀបចំចង្ហាន់លោក គ្រាន់នឹងបាយវត្តមួយសំណុំ ពេលថ្ងៃត្រង់ក៏មកជួបជុំគ្នាវិញ ដើម្បីហូបបាយជុំគ្នាវិញ ។ ក្រោយពីបាយរួច ពូទីនក៏និយាយជាមួយប្រពន្ធថា៖

-       ឯងអើយ! ខ្ញុំគិតថាចេញពីស្រុកកំណើតមករកស៊ីនៅស្រុកគេ សង្ឃឹមថានឹងបានធូរស្រាល មានឯណា ជីវិតកាន់តែលំបាកបន្ថែមទៀត

-       ឪវា ! កុំគិតច្រើនពេក ធ្វើម្ដេចបើយើងទាំងពីរគ្មានបានរៀនសូត្រអីហ្នឹង មិនចេះអក្សរមួយតួ នឹងរកការងារល្អក៏មិនបាន កូនក៏ច្រើន ខ្ញុំពិតជាពិបាកចិត្តណាស់

-       ម៉ែវា! ខ្ញុំគិតថានឹងសុំព្រះតេជគុណចៅអធិការវត្ត ដើម្បីសុំឲ្យកូនយើងបានបួសរៀន ហើយក៏ជួយសម្រាលបន្ទុកមួយគ្រាដែរ ក្រែងលោថ្ងៃក្រោយកូនមានវាសនា រៀនសូត្របានខ្ពស់ បានការងារល្អ អាចចិញ្ចឹមខ្លួនឯងបាន អញ្ចឹងយើងទាំងពីរក៏មិនមានអ្វីដែលត្រូវសោកស្ដាយដែរ ។

-       ចាំមើលខ្ញុំសួរកូនសិន និងសុំការសណ្ដោសពីព្រះតេជគុណសាកមើល

ក្រោយពីនិយាយពីរឿងនេះហើយ ពីរនាក់ប្ដីប្រពន្ធបានហៅកូនមកសាកសួរ ក៏ឃើញថាមិនប្រកែកអីដែរ បានដូចអ្វីដែលគិតហើយ ក៏ចេញទៅសុំតេជគុណ ក៏លោកអាណិតមេត្តា និងជួយទំនុកបម្រុងក្នុងការបំបួសកូនទាំង៤របស់គាត់ឲ្យ ។ ក្រោយមកក៏មានអ្នកម្នាក់បានដឹងពីស្ថានភាពគ្រួសារគាត់ក៏អាណិតអាសូរ ក៏បានជួលគាត់និងក្រុមគ្រួសារឲ្យទៅជួយដេកយាម និងចៀរជ័រកៅស៊ូ ដែលមានទំហំដីដល់ទៅម្ភៃហិកតាឯណោះ ដោយក្នុងមួយខែថ្លៃឈ្នួលយាមគាត់ឲ្យ ហុកសិបម៉ឺនរៀល ចំណែកថ្លៃចៀរជ័រកៅស៊ូគិតផ្សេងទៀត ។ សប្បាយចិត្តនឹងកូនបានបួសផង សប្បាយចិត្តនឹងបានការងារល្អជាប់លាប់ផង ទាំងពីរនាក់ប្ដីប្រពន្ធទឹកភ្នែកហូរមកទាំងមិនដឹងខ្លួន ដោយរំពឹងថានឹងលែងបារម្ភបានលុយ ទិញចំណីអាហារ សម្រាប់កូនៗហើយ ជាតិជាឪពុកម្ដាយ អ្នកណាក៏ដូចអ្នកណាដែរ កូននេះហើយ ជាកែវភ្នែកនោះ ។ ក្រោយពីបានបំបួសកូនហើយ ទាំងពីរនាក់ប្ដីប្រពន្ធក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់ ដើម្បីទៅដេកយាមចម្ការកៅស៊ូ ទៅនៅពីនោះបានមួយរយៈពិតជាធ្វើឲ្យពូទីននិងក្រុមគ្រួសារសប្បាយចិត្តណាស់ ខិតខំប្រឹងប្រែងធ្វើការ និងសន្សំលុយកាក់ខ្លះ យកទៅប្រគេនឧបត្ថម្ភដល់លោកកូនដែលបានបួសរៀនទៀត សូម្បីតែអ៊ែដមីនក៏សប្បាយចិត្តជំនួសស្ទើរតែនឹងស្រក់ទឹកភ្នែកដែរ ទៀតហើយៗ ចូលតួទៀតហើយ ។

នៅយប់១៥កើត ខណៈដែលលោកកូនៗ នឹកឪពុកម្ដាយពេកក៏សុំចៅអធិការវត្តទៅលេងញោមទាំងពីរ ខណៈនោះ ពូទីននិងក្រុមគ្រួសារបានសុំឲ្យលោកកូននិមន្ដប្រោះព្រំធម៌ឲ្យស្ដាប់ ព្រោះចង់ដឹងថាលោកកូនបួសរៀនបានយ៉ាងណាហើយ លោកកូនឮហើយ ក៏មានសោមនស្សក៏ចាប់ផ្ដើមអារាធនា សំដែងនូវធម៌ ខណៈដែលលោកកំពុងតែសំដែងធម៌ ស្រាប់តែមានខ្យល់ត្រជាក់បក់មកវ៉ ខ្លាំងប្លែកខុសធម្មតា រំពេចនោះក៏លេចចេញស្រមោលមនុស្សប្រហែលជាបីនាក់ដើរមកសំដៅលោក ហើយក៏ក្រាបសំពះសុំស្ដាប់នូវការសំដែងធម៌ដែរ ពីរនាក់ប្ដីប្រពន្ធឃើញបែបនេះមិនបានគិតច្រើនទេ គិតតែពីតេ្រកអរ ព្រោះនឹងមានមនុស្សមករស់នៅក្បែរនោះដែរ ។ រំលងពីយប់នោះទៅ ក៏មានមនុស្សមួយក្រុមទៀត បានស៊ីឈ្នួលចៀរជ័រកៅស៊ូនៅទីនោះដែរ ប៉ុន្ដែសុទ្ធតែក្មេងៗជំទង់ស្ទាវៗ ពួកគេរៀបចំបោះតង់ ដើម្បីសម្រាក ខណៈពេលទៀបភ្លឺម៉ោង២ គ្រប់គ្នាងើបឡើងចៀវជ័រ ខណៈនោះពួកស្ទាវនោះស្រាប់តែឃើញអ៊ំស្រីចំណាស់ម្នាក់កំពុងតែដើរចៀរជ័រដែរ ពួកគេក៏លាន់មាត់សើច៖

-       យីន៎! ម្ចាស់ចំការនេះ ម្ដេចក៏មកជួលអ៊ំនោះកើតន៎ ចាស់ហើយ ដំណើរស៊ើកៗ ចៀរអីនឹងបានទៅហ៎

មែនហើយ! អ៊ំអើយកុំខឹងណា បើខ្ញុំចំណាស់អ៊ំវិញ ខ្ញុំមិនមកចៀរជ័រកៅស៊ូទេ ខ្ញុំទៅធ្វើយាយជីបម្រើលោកហើយ ហាសហាសហា ពួកគេនាំគ្នាសើចឲ្យកក្អឹក​ ស្រាប់តែបាត់អ៊ំស្រីនោះបាត់ គ្រប់គ្នាចាប់ផ្ដើមស្ងប់ស្ងាត់ ភ្នែកនៅកញ្ចឹងក រំពេចនោះក៏ស្រាប់តែលេចចេញនូវមនុស្សអត់ក្បាលដើរសំដៅមករកពួកគេ ពួកគេក៏រត់ដាក់មេប្រូច ហើយក៏ស្រែកឲ្យគេជួយ រត់ទៅច្រកនេះ ស្រាប់តែជួបនឹងខ្លាដំបងដ៏ធំ កំពុងគ្រហឹមសម្លឹងដេញតាមពួកគេ ពួកគេភ័យណាស់ រត់មិនបានមើលមុខក្រោយទេ រត់ទៅច្រកផ្សេង ជួបនឹងពស់ធំៗ រត់ចុះរត់ឡើង ជួបនឹងព្រាយសក់វែងអូសដី អ្នកខ្លះភ័យពេកក៏សន្លប់នឹងកន្លែង ខ្លះទៀត រត់បុកដើមកៅស៊ូបែកក្បាលហូរឈាម ពួកគេម្នាក់ៗ ប្រឹងរត់ខ្លាំងណាស់ រត់យូរហើយ មិនជួបក្រុមគ្រួសារពូទីនសោះ បើអ្នកទាំងអស់គ្នាវិញ បើឃើញបែបនេះបើមិនរត់ មិនភ័យទើបវាចម្លែក អ្នកដទៃមិនសូវប៉ុន្មានទេ ព្រោះសន្លប់បណ្ដើរហើយ នៅសល់តែអន្ទិតស្រស់ដែលជាអ្នកនិយាយឌឺដងឲ្យទៅអ៊ំស្រីនោះ ដែររត់ចេះតែជួបរហូត អស់ពីខ្លា មកជួបតោ អស់ពីតោ មកជួបក្រពើលើគោក រហូតដល់គេរត់ចុះរត់ឡើងក៏ជំពប់ជើងដួល ទៅលើផ្នូរខ្មោច ស្រាប់តែអ៊ំស្រីនោះបានលេចមុខឡើង អង្គុយពីលើផ្នូរនោះ ហើយស្រែកថា ពួកឯងជាក្មេងគ្មានម៉ែឪប្រដៅ ឃើញចាស់មិនចេះគួរសម អញចាស់តើវាយ៉ាងម៉េច អញចាស់តើឲ្យឯងប្រមាថបានមែន? ឯងនេះសមតែទទួលបាននូវអ្វីដែលបានធ្វើ ប៉ុន្ដែបើឯងយល់ពីកំហុស ហើយឈប់ប្រព្រឹត្តបែបនេះទៀត អញនឹងលើកលែងឲ្យ អន្ទិតស្រស់នៅចាំដល់ណាទៀត ក៏លើលើកដៃសំពះទាំងញ័រ ហើយនិយាយថា៖ ឲ្យខ្ញុំសុំទោស ខ្ញុំលែងហ៊ានទៀតហើយ និយាយតែប៉ុណ្ណេះអន្ទិតស្រស់ក៏សន្លប់បាត់មាត់បាត់កទៅ ភ្លាមនោះមេឃក៏ភ្លឺល្មម គ្រួសារពូទីនក៏មកឃើញនាយសន្លប់បែបនេះក៏ជួយគ្រាទៅកន្លែងស្នាក់នៅវិញ ប៉ុន្ដែអន្ទិតស្រស់វិញ គឺបានជ្រុះសក់អស់បាត់ ឃើញដូចនេះពូទីនក៏ឲ្យប្រពន្ធទៅនិមន្ដលោកកូន ដើម្បីជួយប្រោះព្រំបំបាត់ការភ័យ ព្រោះគាត់ដឹងថាប្រហែលជាត្រូវខ្មោចលងហើយ ព្រោះគាត់ក៏ធ្លាប់បានជួបដែរ ប៉ុន្ដែគេមិនធ្វើបាបគាត់ គេប្រាប់ថា គាត់នឹងក្រុមគ្រួសារជាមនុស្សល្អ ម្យ៉ាងថ្ងៃមុនគេបានស្ដាប់លោកកូនសំដែងធម៌ទៀត ជាហេតុនាំឲ្យវិញ្ញាណពួកគេបានកុសលច្រើនណាស់ ។ ក្រោយពីហេតុការណ៍នោះបញ្ចប់ទៅ អន្ទិតស្រស់ក៏ប្ដូរពីក្មេងច្រលើម មកក្លាយជាក្មេងសុភាព ចេះស្គាល់ចាស់ស្គាល់ទុំ ម្យ៉ាងគេតែងតែឆ្លៀតទៅវត្តដើម្បីរៀនសូត្រធម៌ និងតែព្យាយាមធ្វើបុណ្យឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់អ៊ំស្រីម្នាក់នោះផងដែរ ។