ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Saturday, September 25, 2021

រឿងប្រេតសុំបាយ

 

ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាធ្លាប់បានឮរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងរឿងពពួកប្រេតនេះ ជាពិសេសសម្រាប់ពុទ្ធសាសនិកជនទាំងឡាយ ដែលគោរពបូជានូវព្រះពុទ្ធសាសនា មិនពិតធ្លាប់បានជាក់មិនខាន ជាពិសេសរាល់ពេលរដូវភ្ជុំបិណ្ឌម្ដងៗ គឺតែងតែឮតាមវត្តអារាមចាក់បទ ទំនួញប្រេត ដែលជាសំនៀងរបស់លោកតា ពេជ្រ សុខា ពុំខានឡើយ សូម្បីតែអ៊ែដមីនឲ្យតែដល់បុណ្យភ្ជុំបិណ្ឌ អ៊ែដមីនតែងតែក្រោកពីព្រឹកដើម្បីទៅវត្ត សូត្របទ”សារភញ្ញ និងបរាភវសូត្រ” មិនដែលខានទេ ដើម្បីឧទ្ទិសនៅសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យនេះជូនដល់បុព្វការីជនដែលលោកបានចែកឋានទៅហើយ ព្រមទាំងញាតិគ្រប់សណ្ដានក្នុងសង្សារវដ្ដរបស់អ៊ែដមីន។ មុននឹងចូលដល់សាច់រឿងអ៊ែដមីនសូមរំលឹកដល់អ្នកទាំងអស់គ្នា ពេលដែលធ្វើបុណ្យឧទ្ទិសសូមកុំឧទ្ទិសថាសូមបានដល់ញាតិការទាំងប្រាំពីរសណ្ដាន បើឧទ្ទិសបែបនេះគឺបានតែប្រាំពីសណ្ដានទេ ឯញាតិដែលយើងរាប់មិនអស់ដែលលោកភ្លាំងភ្លាត់ធ្លាក់ទៅនរកអវចីនោះ ពុំទទួលបានទេ ដូចនេះសូមធ្វើការឧទ្ទិសថា ដោយអំណាចនៃផល្លានិសង្សដែលខ្ញុំបានធ្វើនេះ សូមឧទ្ទិសដល់បុព្វការីជនរបស់ខ្ញុំមាន(ឈ្មោះអ្នកដែលទើបនឹងស្លាប់ថ្មីៗ) និងញាតិការគ្រប់សណ្ដានក្នុងសង្សារវដ្ឋរបស់ខ្ញុំ សូមឲ្យលោកទាំងនោះ បានចាកទុក្ខ ជួបតែក្ដីសុខ ។ តែប៉ុណ្ណេះ គឺលោកទាំងនោះនឹងបានសេចក្ដីសុខហើយ ។ ឥលូវនេះយើងចូលមកដល់សាច់រឿងម្ដងវិញ ដែលមានតំណាលថា៖

          នៅក្នុងតំបន់ភូមិដាច់ស្រយាលមួយ មានវត្តអារាមមួយដែលក្រីក្រណាស់ ប៉ុន្ដែប្រជាជននៅក្នុងភូមិនោះ គឺមានសទ្ធាជ្រះថ្លាណាស់ចំពោះព្រះរតនត្រ័យ ហេតុនេះហើយ ទើបបានជាអ្នកភូមិបានបញ្ជូនកូនដើម្បីទទួលបានឧបជ្ឈាពីលោកគ្រូចៅអធិការវត្ត ដើម្បីកសាងព្រះពុទ្ធសាសនាឲ្យបានរុងរឿងឡើង ។ គ្រប់អ្នកភូមិតែងតែរៀបចំចង្ហាន់ជាវេនៗ មិនដែលខាក់ខានឡើយ ទោះជាមិនមែនរដូវភ្ជុំបិណ្ឌ ឬបុណ្យទានឯទៀតក៏ដោយ ។ ដូចរាល់ឆ្នាំដែរ ឆ្នាំនេះពិតជាសប្បាយមិនខានទេ ព្រោះរដូវភ្ជុំបិណ្ឌបានខិតជិតមកដល់ហើយ ប្រជាជនក្នុងភូមិកំពុងតែរៀបចំជួយបោសសម្អាតវត្តដើម្បីត្រៀមទទួលភ្ជុំបិណ្ឌខាងមុខនេះ ។ ឆ្នាំនេះ ក៏មានកំលោះម្នាក់ឈ្មោះថាដារា ជាអ្នកចំណូលស្រុក បានមកលេងភូមិនេះ ដោយសារតែល្បីថា ជាទីដែលសម្បូរដោយអ្នកដែលជ្រះថ្លាក្នុងព្រះរតនត្រ័យ ជាហេតុនាំឲ្យកំលោះយើង ចង់បានឃើញផ្ទាល់ភ្នែក ពេលមកដល់កំលោះដារាបានសុំសម្រាកនៅផ្ទះរបស់លោកមេភូមិ ។ បិណ្ឌ១បានមកដល់ ប្រជាជនក្នុងភូមិបានរៀបចំចង្ហាន់របស់ខ្លួនទៅវត្ត កំលោះយើងក៏បានសុំចូលរួមនឹងគេដែរ ពេលទៅដល់កំលោះយើងបានសួរទៅលោកតាអាចារ្យ៖

-       ជំរាបសួរលោកតា!

-       អូ! លើកដៃថ្វាយព្រះចៅ មើលទៅមានព្រលឹងរបស់គេ

-       បាទលោកតា នៅវត្តនេះរាល់ឆ្នាំមានការបោះបាយបិណ្ឌទេ

-       មិនដែលទេចៅ ! ច្រើនឆ្នាំណាស់មកហើយ មិនដែលមានការបោះបាយបិណ្ឌនោះទេ

-       ម៉េចក៏អញ្ចឹងវិញលោកតា

-       តាក៏មិនដឹងដែរ គឺថាធ្វើតាមថេរដីកាទេ

ក្រោយពីសាកសួរបានមួយចំនួនហើយ កំលោះយើង ក៏នៅជួយរៀបចំនៅវត្ត ដូចជាពុសអុស ជួយរែកទឹកជាដើម ។

មិនយូរប៉ុន្មាន បិណ្ឌ១បានមកដល់ នៅតាមវត្តអារាមក្នុងប្រទេស អ៊ូអរពោរពេញដោយមនុស្សកុះករ រៀបចំចង្ហាន់ ភេសជ្ជៈ បច្ច័យ ដើម្បីធ្វើបុណ្យឧទ្ទិសជូនដល់បុព្វការីជន ដែលបានចាកលោកទៅ មិនខុសពីដារា ក៏បានរៀបចំខ្លួន ទៅជួយដាំបាយយាយៗ មើលទៅគេឧស្សាហ៍ណាស់ គេស្ម័គ្រធ្វើកូនសេកលោកមួយរយៈហើយ ។ ព្រឹកម៉ោងប្រហែល៣ យាយតាងើបនាំគ្នា ដាំបាយដំណើបពូតជាដុំៗ ដើម្បីឧបកិច្ច (មិនបោះបាយបិណ្ឌទេ)       ខណៈពេលដែលយាយតាកំពុងញាប់ដៃញាប់ជើង ដាំបាយដំណើបឲ្យឆាប់ឆ្អិន ដាំទឹកក្ដៅសម្រាប់ឆុងតែប្រគេនលោកផង ខណៈនោះស្រាប់មានតែខ្យល់យ៉ាងត្រជាក់ស្រឹប ត្រជាក់ដល់ឆ្អឹងខ្នងតែម្ដង ត្រសៀកៗមក ស្រាប់តែមានដៃមួយយ៉ាងធំ លូកតាមបង្អួចនៃផ្ទះបាយមក លូកមកចាប់បាយដែលដួសដាក់ចានដែកធំមួយ ប៉ុន្ដែលូកមិនបាន ឃើញតែដៃនោះរលាកក្ដៅ ក្រហាយ លាយនឹងសម្លេងយំថ្ងូរទ្រហឹង ឡើងរង្គើខ្ទរដំបូល ស្រាប់តែមានទឹកធ្លាក់ពីលើដំបូលយ៉ាងខ្លាំង ប្រៀបដូចគេចាក់ទឹករាប់តោនមកអញ្ចឹង ធ្វើឲ្យបាក់ដំបូលផ្ទះបាយវត្ត ពេលនោះហើយ ដែលយាយជីតាជី ព្រមទាំងកំលោះយើងផងដែរ បានងើយទៅលើ ឃើញប្រេតយ៉ាងធំ ក្បាលធំៗ ភ្នែកធំៗ ខ្ពស់ផុតចុងដូងទៀត ក្បាលពោះប៉ោងៗ តែរាងកាយស្គមកំព្រឹង ឃើញតែឆ្អឹងជំនីរផុសឡើងមក រកសាច់ពុំយល់ទេ កំពុងតែឈរ មើលឃើញច្បាស់ច្រើនណាស់នៅបរិវេណវត្តនោះ ខណៈនោះដែរ ក៏ផ្អើលដល់មនុស្សម្នាជាច្រើនដែលនៅក្បែរវត្តនោះ ព្រមទាំងព្រះសង្ឃទៀត ដោយសារឃើញផ្ទាល់បែបនេះហើយ ទើបព្រះតេជគុណ ព្រះចៅអធិការវត្ត បាននិមន្ដ និងសូត្រមន្ដ និងបានមានសង្ឃដីកាថា ៖ សូមអហោសិកម្មឲ្យកូនចៅអ្នកផងចុះ អាត្មានិងញាតិញោម និងរៀបចំបោះបាយបិណ្ឌ និងវេរចង្ហាន់បិណ្ឌបាត្រជូនដល់អ្នក សូមឲ្យអ្នកទទួលផល្លានិសង្សនេះចុះ បន្ទាប់ពីមានសង្ឃដីកាចប់ ព្រះតេជគុណ បានប្រាប់ឲ្យលោកតាចារ្យ យាយជី ចាប់ផ្ដើមនមស្សការថ្វាយបង្គំរតនត្រ័យឡើង ចប់រួច សូត្រ យំ កិញ្ចិ ចប់ហើយ ក៏នាំគ្នាអុជធូបឧទ្ទិសមគ្គផល ហើយកាន់ធូបម្នាក់មួយសរសៃ ជាមួយបាយបិណ្ឌ និងចាប់ផ្ដើមដង្ហែរទក្សិណបីជុំ ដោយសូត្របណ្ដើរ បោះបាយបណ្ដើរ ថា៖ សព្វេ សត្តា អាហារបិណ្ឌបាតំ ផល្លា ផល្លំ ភន្ដុ​ ឬអ្នកខ្លះសូត្រត្រឹម សព្វេ សត្តា អាហារហោន្ដុ រួចហើយអនុមោទនា រៀងៗខ្លួន ដរាបគ្រប់បីជុំ គ្រានោះ ប្រេតបានទទួលបាយគ្រប់គ្នា ។

តាំងពីបានឃើញហេតុការណ៍នោះហើយ វត្តអារាមនោះក៏ចាប់ផ្ដើមពិធីបោះបាយបិណ្ឌដរាបរៀងមក ។




Saturday, September 11, 2021

រឿងខ្មោចសណ្ឋិត វគ្គ២

 

អ្នកទាំំងអស់បានអានទាក់ទងនឹងវិញ្ញាណសណ្ឋិតកាលពីវគ្គ១រួចហើយ តើមានអារម្មណ៍​យ៉ាងម៉េចដែរ ខ្ញុំយល់អាចជាប្រិយមិត្តមួយចំនួនមិនអស់ចិត្តនៅឡើយ ថ្ងៃនេះអ៊ែដមីនសូមនាំយកនូវរឿងខ្មោចសណ្ឋិតនេះ សម្រាប់វគ្គ២បន្ដទៀត ដែលរឿងរ៉ាវនេះបានកើតឡើងនៅក្បែរភូមិរបស់អ៊ែដមីនរស់នៅតែម្ដង ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ពេលអានចប់ហើយ បើយល់សប្ដិមិនល្អអីកុំខឹងអ៊ែដមីនណា ។ តោះអញ្ចឹងយើងចូលដល់សាច់រឿងទាំងអស់គ្នា ៖

          រឿងនេះបាននិយាយអំពីបុរសកំលោះចាស់ម្នាក់ឈ្មោះ ប្រិយ រស់នៅខេត្តកំពង់ចាម គាត់ជាមនុស្សស្រលាញ់ទ្រព្យរបស់ណាស់ គាត់មានប្រកបរបរជាអាជីវករលក់ថ្នាំកសិកម្មគ្រប់ប្រភេទ ដោយផ្ដើមបោះទុនពីកូនតូបតូចមួយ តស៊ូរហូតបានបើកឃ្លាំងធំឡើង រឿងនេះពិតជាគួរឲ្យមានមោទនភាពណាស់ ព្រោះគាត់ខិតខំតស៊ូក្នុងជីវីត គួរឲ្យយកតម្រាប់តាម ។ ក្រោយពីជោគជ័យក្នុងមុខរបរមួយរយៈ គាត់ក៏សម្រេចចិត្តទិញឡាន HYUNDAI ប្រភេទ២តោនកន្លះមួយគ្រឿង ដើម្បីស្វែងរកម៉ូយដើម្បីលក់ថ្នាំបន្ដពីគាត់ ប៉ុន្ដែជាសំណាងមិនល្អ គាត់មិនចេះបើកឡានទេ ដូចនេះហើយគាត់ក៏សម្រេចចិត្តជួលតៃកុងឡានម្នាក់ និងព្រូឡានម្នាក់ ដើម្បីជួយក្នុងការដឹកជី ថ្នាំកសិកម្ម ដើរលក់ឲ្យម៉ូយនៅតាមបណ្ដាស្រុក ក៏ដូចជាបណ្ដាខេត្តផ្សេងៗទៀត ដែលត្រូវការលក់បន្ដ ។

          បានមួយរយៈក្រោយមកឃើញថា អាជីវកម្មគាត់បានជោគជ័យណាស់ គាត់ក៏បានទាក់ទងបានម៉ូយដែលស្ថិតនៅខេត្តព្រះវិហារ ។ គាត់សប្បាយចិត្តណាស់ ព្រោះថាទី១គាត់អាចបានម៉ូយថ្មីៗកាន់តែច្រើន ទី២ គាត់ចង់ស្គាល់ខេត្តឆ្ងាយៗដែរ ជាពិសេសតំបន់រមណីយដ្ឋានកំសាន្ដនានា ។ ក្រោយពីទាក់ទងបានម៉ូយបន្ថែមហើយ គាត់ក៏ចាប់ផ្ដើមរៀបចំជី ថ្នាំកសិកម្មរបស់គាត់ ហើយចេញដំណើរពីខេត្តកំពង់ចាមឆ្ពោះមកកាន់ខេត្តព្រះវិហារ ដោយសប្បាយចិត្តណាស់ ទឹកមុខញញឹមស្រស់ស្រាយណាស់ ដោយព្រូឡានអង្គុយក្នុងកាប៊ីនក្រោយតៃកុងឡាន ចំណែកឯពូប្រិយវិញ អង្គុយកៅអីជាប់តៃកុងឡាន ។

          ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងបរិយាកាសរីករាយណាស់ គ្រប់គ្នាពោរពេញដោយស្នាមញញឹម ព្រោះថាអាជីវកម្មរបស់ពូប្រិយបានជោគជ័យ តៃកុងឡានក៏ទទួលបានប្រាក់ខែបន្ថែមខ្ពស់ ព្រមទាំងលុយកម្រៃជើងដឹកតាមខេត្តទៀត នរណាមិនសប្បាយចិត្តន៎ សូម្បីតែអ៊ែដមីនក៏សប្បាយដែរ បើថៅកែបានជោគជ័យ កូនចៅក៏ចំណេញ រឿងអីមិនខំប្រឹងធ្វើការងារ ។ ក្រោយពីបានធ្វើដំណើរអស់ជា​ច្រើនមក ពូប្រិយបានឈានជើងដល់ទឹកដីខេត្តព្រះវិហារ គាត់ក៏បានទូរស័ព្ទប្រាប់ម៉ូយឲ្យហើយ ប៉ុន្ដែជាអកុសលផលបុណ្យគាត់អស់ លុះធ្វើដំណើរមកចំណុចផ្លូវកោងមួយ ស្រាប់តែតៃកុងឡានរេចង្កូត ដោយឃើញស្ថានភាពមិនស្រួល ពូប្រិយក៏បើកទ្វារលោតចុះពីឡាន ទោះបីតៃកុងឡានឃាត់ក៏គាត់មិនស្ដាប់ដែរ តៃកុងឡានថាកុំលោតអី ពាក់ខ្សែក្រវ៉ាត់ឲ្យជាប់ទៅ តែគាត់ខ្លាចក្រឡាប់ឡានទៅគ្រោះថ្នាក់ ប៉ុន្ដែមិនមែនដូចការគិតរបស់គាត់ឯណា ពេលដែលគាត់លោតចុះភ្លាម កម្លាំងលោតរបស់គាត់មិនផុតឆ្លាយពីឡាននោះទេ ភ្លាមនោះឡានបានក្រឡាប់ហើយទ្រុងឡានក៏សង្កត់ចំគាត់ បណ្ដាលឲ្យគាត់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ។ ឯតៃកុងឡាន និងព្រូឡានមិនមានគ្រោះថ្នាក់អ្វីធំដុំទេ ព្រោះតែបានខ្សែក្រវ៉ាត់ការពារជាប់ហើយ ចំណែកព្រូឡានគ្រាន់តែរបួសក្បាលបន្ដិចប៉ុណ្ណោះ ក្រោយពីហេតុការណ៍ក្រឡាប់ឡានភ្លាមៗ អ្នកភូមិក្បែរនោះបានរត់មកឈូឆរ ដើម្បីមកមើលនិងជួយអ្នករបួស ខណៈនោះក៏មានជាងជួសជុលម៉ូតូម្នាក់បានរត់មកមើលនឹងគេដែរ ពិតជារហ័សមែន គ្រាន់តែពូជាងម៉ូតូនោះមកដល់ភ្លាម ស្រាប់តែវិញ្ញាណរបស់ពូប្រិយចូលសណ្ឋិតក្នុងខ្លួនជាងម៉ូតូនោះភ្លាម ដំបូងអ្នកភូមិក្បែរនោះមិនបានចាប់អារម្មណ៍ទេ ស្រាប់តែបន្ដិចក្រោយមកពូជាងម៉ូតូនោះ ប្រែខ្លួនខ្មៅទៅៗ ភ្នែកចាប់ផ្ដើមចេញប្រស្រីពណ៌ស ឡើងទៅលើអស់ បន្ទាប់មកក៏កន្រ្ដាក់ដៃ កន្រ្ដាក់ជើង ដៃជើងប្រែជាខ្វេរខ្វង់ ខាំមាត់សង្កៀតជើងធ្មេញ គ្រឺតៗ ហើយក៏ចាប់ទ្រហោយំយ៉ាងខ្លាំង គ្រប់គ្នាដែលឃើញហេតុការណ៍នោះក៏ភ័យណាស់ នាំគ្នាបួនដប់នាក់ ចាប់ក្រៀកតែមិនឈ្នះ រូបពូជាងម៉ូតូនោះនៅតែទ្រហោយំ ចង្អុលទៅឡានដែលក្រឡាប់នោះ ម្ដងនេះ គេនាំគ្នាជាង២០នាក់ ដើម្បីចាប់ក្រៀកបានសម្រេច រួចដឹកតាមរ៉ឺម៉កម៉ូតូមកផ្ទះរបស់យាយ   អ៊ែដមីន ព្រោះយាយរបស់អ៊ែដមីនគាត់ជាគ្រូខ្មែរដែលចេះដោះអំពើទាំងឡាយបាន (ដោយសារហេតុនេះហើយ ទើបអ៊ែដមីនឧស្សាហ៍ជួបរឿងចម្លែក រឿងវិញ្ញាណ រឿងខ្មោចនេះ តាំងពីនៅតូចម្ល៉េះ រាប់ភ្លេចហើយ) ក្រោយពីមកដល់ភ្លាម យាយរបស់អ៊ែដមីន បានទាញធូប អុជ រៀបចំឲ្យគេចាប់ដៃជើងរូបពូជាងម៉ូតូនោះឲ្យជាប់ ហើយគាត់ក៏ធ្វើពិធីសមាធិដើម្បីនិយាយជាមួយព្រលឹងនោះ គាត់ក៏សូត្រមន្ដគាថា រួចសួរទៅថា៖

-       តើវិញ្ញាណនរណាដែលចូលរូបនេះ?

តែវិញ្ញាណនោះមិនឆ្លើយគិតតែយំ ទើបយាយរបស់អ៊ែដមីន បាននិយាយទៀតថា បើមិនឈប់យំទេ ធ្វើម៉េចខ្ញុំនេះដឹងថាអ្នកត្រូវការអី ហើយហេតុអីបានជាចូលរូបរបស់គេបែបនេះ ក្រោយពីនិយាយហើយមិនទៅដូចមិនបានផលសោះ ដោយរូបនោះកាន់តែកន្រ្ដាក់ដៃជើង ភ្នែកឡើងស្លឺអស់ សល់តែផ្នែកពណ៌ស ខាំធ្មេញសង្កៀតជាប់ មើលពីចម្ងាយស្មានថាជាសាកសពហើមហើយតើ ព្រោះខ្មៅងងឹតឈឹង លាយក្រហមក្រម៉ៅ សូម្បីតែអ្នកដែលជួយចាប់នោះបានឃើញរូបពូជាងម៉ូតូហើយ បះរោម ខ្លាចគ្រប់គ្នា ព្រោះមនុស្សដែលសស្អាតដូចជាកូនកាត់ ប្រែជាខ្មៅគួរឲ្យខ្លាចបែបនេះ ។ ក្រោយពីមិនបានផល យាយរបស់អ៊ែដមីនក៏ចាប់សូត្រគាថាស្ដោះផ្ដុំ យកទៀនសម្រក់លើរូបកាយរបស់ជាងម៉ូតូនោះ នោះចងសីមានៅនឹងដៃ សូត្រៗទាល់តែរូបនោះព្រមឈប់យំ បែរជាស្រែកឈឺទៅវិញ ពេលនោះរូបក៏អង្វរថា៖ យាយ! កុំធ្វើបាបខ្ញុំអី! យាយ ខ្ញុំឈ្មោះប្រិយ ជាម្ចាស់ឡានដែលបានក្រឡាប់ព្រឹកមិញនោះ ខ្ញុំមិនបានចង់ធ្វើបាបគេទេ តែខ្ញុំនឹកស្ដាយឡានថ្មីថ្មោង ទើបមិនចង់ចេញទៅណា ។ ឮដូចនេះយាយរបស់អ៊ែដមីន ក៏និយាយពន្យល់ថា ក្មួយអស់កម្មត្រឹមនេះហើយ ទោះបីជាក្មួយស្ដាយរបស់ ក៏មិនអាចយកទៅបានដែរ ដូចនេះហើយក្មួយគួរតែទៅចាប់ជាតិរកភពថ្មីទៅ បើបុណ្យនៅមាន ក្មួយនឹងអាចចាប់ជាតិជាមនុស្សបានទៀត បើក្មួយចូលរូបគេ ធ្វើឲ្យគេភ័យព្រួយបែបនេះ វានឹងនាំមកនូវបានទេ ឥលូវចេញពីរូបចុះ យាយនឹងសូត្រមន្ដឲ្យ ហើយយាយនឹងស្វែងរកសាច់ញាតិឲ្យធ្វើបុណ្យបង្សុកូល ឧទ្ទិសកុសលផលបុណ្យឲ្យ កុំនៅទៀតអី កើតចាស់ឈឺស្លាប់ជារឿងមិនទៀងទេណា សូមយកពុទ្ធឱវាទជាប់នឹងខ្លួន ដើម្បីឆ្លងផុតសេចក្ដីទុក្ខ ។ ក្រោយពីពន្យល់មួយស្របក់រូបនោះក៏ចាប់ផ្ដើមលើកដៃសំពះ ប្រណម ឯយាយរបស់អ៊ែដមីន ក៏សូត្រធម៌នាំផ្លូវ រូបពូជាងម៉ូតូនោះក៏ប្រែជាស្ងៀមលែង    កន្រ្ដាក់ដូចមុន ហើយក៏ចាប់ផ្ដើមចេញពណ៌សាច់សស្អាតឡើងវិញបន្ដិចម្ដងៗ រហូតដល់បានដឹងខ្លួន ក្រោយពីបានដឹងខ្លួនហើយ ក៏អស់កម្លាំងយ៉ាងខ្លំាង យាយអ៊ែដមីន និងអ្នកភូមិក៏ប្រាប់ពីដំណើរដើមទងនៃរឿងហេតុ ហើយក៏ផ្ដាំទៅតៃកុងឡាន ឲ្យជូនដំណឹងទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី និងនិមន្ដលោកមកបង្សុកូលកន្លែងដែលគ្រោះថ្នាក់ផង បើមិនអញ្ចឹងទេ ពិតជាមិនបានសុខទេ ព្រោះព្រលឹងអាចវិលវល់ នៅចាំ អាចក្លាយជាជើងកបបាន ។

      ក្រោយពីបានផ្ដែផ្ដាំចប់រួចហើយ គ្រប់គ្នាក៏បំបែកទៅផ្ទះរៀងខ្លួន ហើយគ្រប់យ៉ាងក៏បានប្រសើរឡើងក្រោយពីការធ្វើបុណ្យ និងរៀបចំបង្សុកូលឲ្យដួងវិញ្ញាណក្ខន្ធរបស់ពូប្រិយរួចមក ។



Sunday, September 5, 2021

រឿងខ្មោចសណ្ឋិត

 

ខ្មោចសណ្ឋិត ខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាបានឮគេនិយាយហើយ គ្រាន់តែអ្នកខ្លះមិនជឿទេ គេតែងគិតបែបវិទ្យាសាស្រ្ដថាម្នាក់នោះមិនមែនខ្មោចសណ្ឋិតអីទេ ម្នាក់នោះគ្រាន់តែមានជំងឺស្កន់ ឬជំងឺវង្វេងប៉ុណ្ណោះ ប៉ុន្ដែទាល់តែជួបខ្លួនឯងបានជឿមើលទៅ ដូចចាស់លោកថាបើមិនជឿកុំប្រមាថ បើអ្នកមិនជឿទេ សូមកុំតែនិយាយប្រមាថ ព្រោះវាអាចនឹងនាំអន្ដរាយដល់អ្នកបាន ដូចជាតំណាលមួយ៖

          នៅក្នុងភូមិមួយ មានក្មេងកំលោះម្នាក់ឈ្មោះ សុភាព ជានិស្សិតទើបតែបញ្ចប់ការសិក្សាផ្នែកពេទ្យនៅទីក្រុងភ្នំពេញ គាត់ជាមនុស្សដែលទាន់សម័យ ទៅភ្នំពេញតែប៉ុន្មានឆ្នាំ ត្រលប់មកស្រុកកំណើតវិញ ចង់ភ្លេចកំណើតខ្លួន ។ នៅពេលត្រលប់មកវិញអ្នកផ្ទះ អ្នកជិតខាង ក៏ដូចជាអ្នកភូមិទាំងមូលពិតជាមានសេចក្ដីសប្បាយចិត្តណាស់ ព្រោះនៅភូមិនេះពុំមាននរណាមានឱកាសបានបន្ដការសិក្សារហូតដល់ចប់ម៉ាស្ទ័រនោះទេ ភាគច្រើនបានត្រឹមបាក់ឌុប អ្នកអ្នករៀនមិនចប់ផង ដោយសារតែជីវភាពក្រីក្រ ហើយសុទ្ធតែអ្នកស្រែចំការ គិតថាមិនបាច់រៀនសូត្រខ្ពស់អីទេ បើគង់តែរកការងារក៏ពិបាក ព្រោះសម័យនេះគេទាល់តែមានខ្សែមានខ្នង ទើបអាចសង្ឃឹមបាន ប៉ុន្ដែសុភាពជាមនុស្សម្នាក់ដែលមិនគិតបែបនេះទេ​គេចង់បន្ដការសិក្សាផ្នែកពេទ្យ ព្រោះគេបានឃើញម្ដាយរបស់គេតែឧស្សាហ៍មានបញ្ហាសុខភាពជាប្រចាំថ្ងៃ ម្យ៉ាងនៅក្នុងភូមិនេះគឺនៅឆ្ងាយពីរួមខេត្ត អញ្ចឹងពិបាករកពេទ្យព្យាបាលណាស់ ដោយមើលឃើញពីបញ្ហានេះ ទើបសុភាពបានពុះពាររៀនសូត្ររហូតបានសម្រេចបានតាមបំណង ប៉ុន្ដែក៏ត្រូវចំណាយច្រើនដែរ ។ ប៉ុន្ដែដោយសារតែសិក្សានៅភ្នំពេញធ្វើឲ្យគេប្រែប្រួលក្លាយជាមនុស្សទាន់សម័យពេក លែងចង់ស្គាល់អ្នកភូមិផងជាមួយគ្នា ។ ក្រោយពីត្រលប់មកផ្ទះវិញបានប្រហែលជា៥ថ្ងៃម្ដាយរបស់គេ អ្នកមីងខៃកំពុងតែហូបបាយជុំគ្នាសុខៗ ស្រាប់តែគាត់ចាប់ផ្ដើមញ័រដៃជើងកន្រ្ដាក់ ភ្នែកសបញ្ឈរ ខាំមាត់ខាំធ្មេញ សង្កៀតចុះសង្កៀតឡើង រួចចង្អុលទៅនាយសុភាព ហើយនិយាយដោយកំហឹងថា៖ ហែង ! ហែង មើលងាយអញ ហែងមិនគោរពអញ ភ្លាមៗនោះ ប្អូនៗសុភាព និងឪពុករបស់នាយ បានឃើញពីស្ថានភាពក៏យល់ ហើយក៏និយាយលួងលោមទៅថា ៖ តើខឹងរឿងអី ហើយនរណាគេហ្នឹងដែលខឹង ។ នាយសុភាពក៏សួរទៅឪពុកទាំងឆ្ងល់ថា៖ ពុក ! ពុកសួរនរណាគេ ម៉ែគាត់ប្រហែលជាមានបញ្ហាអ្វីហើយ ចាំខ្ញុំពិនិត្យជីពចរ និងវាស់សម្ពាធឈាមឲ្យគាត់សិន ពុកជួយនាំម៉ែទៅសម្រាកសិនទៅ ។ ពេលដែលនាយពិនិត្យជីពចរ និងវាស់សម្ពាធឈាម ឃើញថាមិនមានបញ្ហាទេ ។ នាយក៏ឧទានឡើង៖ ទេ! ជីពចរ និងសម្ពាធឈាមធម្មតាទេ ម៉េចក៏ម៉ែញ័រកន្រ្ដាក់ម៉្លេះ ។ ឪពុកនាយឃើញក៏ប្រាប់កូនថា ម៉ែកូនឯងត្រូវខ្មោចចូលសណ្ឋិតហើយ ប្រហែលជាខ្មោចខាងដូនតាហើយ ខឹងនឹងកូនឯង ។ ស្ដាប់ហើយនាយសុភាពប្រុងតែនឹងសើច តែខំទប់កុំឲ្យឪពុកនិងបងប្អូន គិតថាខ្លួនសើចទៅកើត ឃើញម្ដាយកំពុងតែពិបាកហើយ ភ្លាមៗនោះ ឪពុករបស់នាយបានប្រើប្អូនៗទៅជួយហៅអ្នកជិតខាងមកជួយ ។ មួយសន្ទុះក្រោយមកក៏មានចាស់ៗជាច្រើនបានមកឈូឆរ ចោមរោម អ្នកខ្លះក៏អុជធូប ជួយនិយាយជួយបន់ ខណៈនោះលោកយាយសយ ជាចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ ក៏ប្រាប់នាយសុភាពឲ្យទៅរកពងមាន់ថ្មីដែលទើបនឹងពងដំបូង២ គ្រាប់មក ។ នាយសុភាពក៏ចេញទៅរកតាមតម្រូវការដោយមិនយល់ថាគេយកពងមាន់ហ្នឹងមកធ្វើអីទេ ក្រោយពីរកបានពងមាន់ហើយ យាយសយក៏ចាប់ផ្ដើមអុជធូប ដុតទៀន រួចដាក់ពងមាន់នោះលើចានមួយ រួចចាប់ផ្ដើមនិយាយឡើង៖ មើលណា! រូបនេះបានធ្វើអ្វីខុស ឬមានឆ្គាំឆ្គងត្រង់ណា សូមប្រាប់មកណា កុំធ្វើបាបគ្នា គ្នាមិនដឹងអីទេ ហើយចុះអ្នកចូលរូបនេះជានរណា ជាខ្មោចមកពីខាងណា ហ៎ក បើខ្មោចអារុក្ខអារក្ខខាងឪពុក សូមឲ្យពងមាន់ចាប់ទៅចុះ (គាត់និយាយបែបនេះពីរដងនៅតែមិនជាប់) ហ៎កណា បើមិនមែនខាងឪពុកទេ សូមបូលរកខាងម្ដាយវិញ បើពិតជាខ្មោចដូនតាខាងម្ដាយខឹងសម្បារនឹងកូនចៅមែន សូមឲ្យពងមាន់ឈរឆ្ដុបទៅ ភ្លាមនោះពងមាន់ដែលបូលបានឈរត្រង់ស្ងៀមនៅលើចាននោះដោយមិនមានរលំទេ គ្រប់គ្នាក៏លាន់មាត់ឡើង ៖ ហ៎ក! ឥលូវនេះឃើញថាពិតជាខ្មោចដូនតាខាងម្ដាយធ្វើមែន តោះឥលូវនេះកូនចៅបានដឹងហើយ  ឥលូវនេះសូមប្រាប់កូនចៅមកណា តើដូនតាខឹងសម្បារនឹងនរណា យាយសយក៏ចាប់និយាយរៀបរាប់កូនចៅរបស់គាត់ ព្រមទាំងម្ចាស់រូប ដោយដាក់ពងមាន់មួយទៀតដើម្បីបូលរក តែមិនឃើញមានជាប់ទេ ទាល់តែដល់ឈ្មោះសុភាព ទើបពងមាន់ចាប់ឆ្ដុប ត្រង់ស្ងៀម ។ យាយសយក៏តាំងឧទានឡើង ៖ ន៎! ន៎ ឃើញហើយ ដូនតាខឹងអាចៅសុភាព ព្រោះប្រហែលជាអាចៅមានការប៉ៈពាល់ដោយប្រការណាមួយហើយ (នាយសុភាពចង់តមាត់ដែរ តែត្រូវយាយសយខ្សឹបប្រាប់ថានៅឲ្យស្ងៀម ហើយចាំថាតាមគាត់បើចង់ជួយម្ដាយ ហេតុតែចង់ជួយម្ដាយសុភាពសុខចិត្តនៅស្ងៀមទទួលយកអ្វីដែលគេមិនជឿទាល់តែសោះ) ។ ណ្ហើយ! ឥលូវនេះកូនចៅដឹងកំហុសហើយ ម្យ៉ាងកូនចៅនៅក្មេងពុំទាន់ដឹងរាក់ជ្រៅទេ សូមដូនតាមកុំប្រកាន់អី ! ​ឲ្យតែឈប់ខឹងកូនចៅនឹងចំសែនថ្វាយ មានបង្អែមចំអាប នំនែក មាន់ស្ងោរ បាយសម្លឲ្យ ហ៎ក! អាចៅ និយាយតាមយាយមក នាយសុភាពក៏ចាប់និយាយឡើង ៖ បាទ! កូនចៅពិតជាខុសមែន កូនចៅពិតជាមិនបានដឹងថាដូនតាប្រកាន់ទេ ឲ្យតែបាត់ខឹង នឹងព្រមចេញពីរូបម្ដាយចៅ ចៅនឹងសែនថ្វាយគ្រឿងដែលបានប្រាប់ខាងលើ មានបង្អែមចំអាប នំនែក មាន់ស្ងោរ កុំភ័យកូនចៅសន្យា ។ ក្រោយពីនិយាយរួច ពងមាន់នៅមិនទាន់ដួលទេ មានន័យថាដូនតាមិនទាន់បាត់ខឹងទេ យាយសយនិងអ្នកភូមិបានជួយគ្នា និយាយម្នាក់មួយម៉ាត់មួយក រួចក៏ផ្លុំភ្លើងទៀនពន្លត់ ឯពងមាន់ក៏ដួលដោយខ្លួនឯងដែរ ។ ក្រោយពីមួយស្របក់អ្នកមីងខៃ ក៏ដឹងខ្លួនឡើងវិញ គ្រប់គ្នាក៏និយាយប្រាប់ពីលទ្ធផលដែលបានបូលពងមាន់ ។ គាត់ក៏សួរទៅសុភាពថា តើកូនឯងបាននិយាយអីប៉ៈពាល់ ឬប្រមាថមែន? បានជាដូនតាខឹង ឯសុភាពក៏តបថា៖ មិនបាននិយាយអីផង (តាមពិតគេកុហក ដោយគេមិនជឿរឿងទាំងនេះទេ តែមិនចង់វែងឆ្ងាយ កុំឲ្យម្ដាយសួរនាំច្រើនពេក) ។

          ក្រោយពីហេតុការណ៍បានបញ្ចប់ដោយរលូន ដោយគ្រួសាររបស់សុភាពបានរៀបចំសំណែនដូចដែលបានសន្យា ប៉ុន្ដែបានតែពីរថ្ងៃប៉ុណ្ណោះ ស្រាប់តែសុភាពបែរជាមាន       អាការៈប្លែកៗ ដោយសុភាពធ្លាប់ជាមនុស្សរួសរាយរាក់ទាក់ បែរជាមានចិត្តជាមារ ឃើញចាស់ទុំមិនគោរព ហើយថែមទាំងជេរប្រមាថចាស់ៗពេញភូមិ មិនថាចាស់ក្មេង មិនថាសូម្បីតែឪពុកខ្លួន ឃើញដូចនេះ ម្ដាយរបស់សុភាព យល់ថាសុភាពប្រហែលជាមានបញ្ហាអ្វីហើយ គាត់ក៏រូតរះទៅរកយាយសយ ដើម្បីជួយគន់គូរមើល ក្រោយដឹងថានាយសុភាពមានវិញ្ញាណសណ្ឋិត វិញ្ញាណនោះគឺជាវិញ្ញាណព្រាយតៃហោងដែលរស់នៅនឹងដើមអំពិលមួយដើមចុងភូមិ ។ ដោយដឹងពីរឿងរ៉ាវសព្វគ្រប់ហើយ មីងខៃបានហៅក្មេងៗពេញកម្លាំង ជួយចាប់សុភាពដើម្បីរៀបចំពិធីបណ្ដេញវិញ្ញាណព្រាយនោះចេញ ។ ទម្រាំចាប់បានសុភាព អ្នកខ្លះក៏ត្រូវសុភាពដល់បែកមុខបែកមាត់ អ្នកខ្លះខឹងពេកក៏ដល់សុភាពប៉ោងគ្រាប់ភ្នែក កុំតែមីងខៃឃាត់ទាន់ កុំអីប្រហែលសុភាពបែកមុខមាត់ខ្ទេចខ្ទីប្រាកដមិនខាន ។

          ក្រោយពីបានចាប់នាយសុភាពបាន គ្រប់គ្នាក៏ចាប់ចងដៃជើងរបស់នាយ រួចយាយសយក៏យកអំបោះរុំព័ទ្ធម្រាមមេជើងសងខាង រួចកុំសូត្រផ្លុំ ៗ រួចក៏សូត្រសែកអាគម បាចអង្ករ សុភាពក៏ស្រែកឡើង ៖ អូយៗ ក្ដៅណាស់ៗ រូបរាងកាយនាយប្រែជាខ្មៅងងិល ដូចគេលាបធ្យូង យាយសយក៏ស្រែកបន្ដ ៖ អើ! បើឈឺ ចាប់ចេញឲ្យឆាប់ បើមិនចេញអញក៏មិនទុកឯងដែរ យាយសយក៏បន្ដបាចអង្ករទៅទៀត ឯរាយកាយសុភាពក៏ស្រែកខ្លាំងឡើង អស់វេលាជាង១ម៉ោង ទីបំផុត វិញ្ញាណនោះក៏ចេញពីរាងកាយសុភាព ពេលនោះរាងកាយនាយក៏ប្រែជាខ្មៅមកធម្មតាវិញបន្ដិចម្ដងៗ រហូតនាយបានដឹងខ្លួន ក៏ងាកមើលជុំវិញខ្លួន ឃើញអ្នកភូមិនៅអ៊ូអរ ឈូឆរ ក៏សួរទាំងឆ្ងល់ថា៖ តើខ្ញុំកើតអីមែន ហើយម៉េចក៏ចងដៃជើងខ្ញុំ       អញ្ចឹង អូយ ! (នាយទើបនឹងឈឺភ្នែកដែលគេវាយ) ។ ក្រោយពីកូនបានដឹងខ្លួនវិញ ម្ដាយក៏នាំកូនទៅបាយទឹកសម្រាករួច ក៏រៀបរាប់ហេតុការណ៍តាមដំណើរ ពេលនោះទើបសុភាពជឿទៅលើរឿងវិញ្ញាណសណ្ឋិត ព្រោះគេពិតជាមិនបានដឹងខ្លួនថាគេ បានជេរប្រមាថដល់ចាស់ទុំអញ្ចឹងសោះ ក្រោយពីបានស្រួលខ្លួនបន្ដិច ហើយ សុភាពក៏ដើរសុំទោសចាស់ៗ ដែលបានជេរទាំងអស់ ដើម្បីសុំខមាលទោសនូវអ្វីដែលគេពុំបានដឹងថាគេធ្វើអ្វីទាំងនេះសោះ ។ ក្រោយពីហេតុការណ៍នោះរួចមកយាយសយក៏បានធ្វើខ្សែគាថា ដើម្បីឲ្យសុភាពពាក់ ហើយក៏លែងមានហេតុការណ៍នោះហើយ បានរស់នៅសុខសប្បាយរហូតមក។