រឿងនេះបានកើតឡើងអំឡុងពេល១ឆ្នាំមុន ពូណុំជាកសិករមួយរូបដែលមានជីវភាពខ្វះខាតខ្លាំងណាស់នៅក្នុងស្រុកភូមិ ឆ្នាំនេះគាត់មានអាយុប្រហែលជាង៤០ហើយ ប៉ុន្ដែគាត់ពុំទាន់មានគ្រួសារនោះទេ ដោយសារស្ថានភាពដ៏លំបាករបស់គាត់ ទើបគាត់សម្រេចចិត្តមិនយកប្រពន្ធទេ ព្រោះគាត់គិតថាគ្មានលទ្ធភាពចិញ្ចឹមគេ ។ ជារៀងរាល់ថ្ងៃគាត់អាចចិញ្ចឹមជីវិតដោយការដើរស៊ីឈ្នួលគេ ដើររើសខ្យងខ្ចៅ ឬបេះបន្លែលក់បន្ដិចបន្ដួច គ្រាន់នឹងបានកំដរជីវិត ។ ថ្វីត្បិតតែពូណុំជាជនទុរគតក្រខ្សត់ ប៉ុន្ដែគាត់ជាមនុស្សមានសណ្ដានចិត្តល្អណាស់ គាត់តែងឧស្សាហ៍ជួយទុក្ខធុរៈរបស់អ្នកភូមិផងរបងជាមួយ ប៉ុន្ដែគ្រាន់តែគាត់មិនសូវចេះនិយាយស្ដីលេងសើចអីទេ ។ ដោយសារតែទម្លាប់ដើរស៊ីឈ្នួលគេ ដើររើសខ្ចៅខ្យងនេះហើយ ទើបធ្វើឲ្យគាត់ពុំចេះខ្លាចអ្វីនោះទេ មិនថាខ្មោចព្រាយបិសាច អ្វីដែលគាត់ខ្លាច នោះគឺដាច់លុយ អត់បាយហូបជាង ។
និយាយមកដល់ត្រឹមនេះ ខ្ញុំក៏នឹកឃើញរឿងមាន់ទាអ្នកភូមិដែលតែងតែបាត់ស្ទើរតែរាល់យប់ ផ្ទះខ្លះអស់ពីទ្រុងក៏មាន ប៉ុន្ដែគ្រប់គ្នាមិនហ៊ាននិយាយត្អូញត្អែរឮៗទេ ដោយគ្រប់គ្នាយល់ថាជាអំពើចោរ ខ្លាចចោរមកសម្លាប់ ឬធ្វើបាប ពេលដែលមានសម្លេងមាន់ទាស្រែក ក៏មិនហ៊ានចុះពីលើផ្ទះដែរ ដោយខ្លាចអន្ដរាយ ។ យប់នេះក៏ដូចសព្វមួយដងដែរ ក្នុងភូមិហាក់បីដូចស្ងប់ស្ងាត់ណាស់ គ្រប់គ្នារួសរាន់ឡើងលើផ្ទះបិទទ្វារជិតឈឹង សំលេងឆ្កែព្រុសលូពេញផ្លូវ ខ្យល់ក៏បក់មកត្រជាក់ស្រិបដូចទឹកកក យូរៗគេឮសម្លេងដូចជាអ្វីថ្ងូររហ៊ឹស ជួនកំពុងផ្ទៀងត្រចៀកស្ដាប់ ក៏ភ្ញាក់ក្រញ៉ាងភ័យស្ទើរប្រហោងពោះ ព្រោះសម្លេងឆ្កែព្រុសលាន់ពេញក្រោមផ្ទះ ។ ប្លែកអីតែខ្ទមកំសត់របស់ពូណុំ ខណៈគេកំពុងតែបិទទ្វារភ័យខ្លាច គាត់កំពុងតែអុជចង្រៀងផ្លុងៗ ហើយអង្គុយធ្វើស្នា ដើម្បីងាយស្រួលដើរទៅរកឆ្លុះពេលខែភ្លៀង ខណៈពេលគាត់កំពុងតែអង្គុយបិទឬស្សីធ្វើស្នានោះ ស្រាប់តែគាត់ឮសម្លេងមាន់ផ្ទះពូចាន់ដែលនៅជាប់នោះស្រែកផ្អើលពេញទ្រុង ប៉ុន្ដែពុំឃើញពូចាន់ចុះមកមើលទេ ឃើញដូចនេះ ពូណុំក៏អើតមើលតាមរបងផ្ទះ ក៏ឃើញមានពន្លឺអ្វីទេ ពណ៌ខៀវលោតភ្លឹបភ្លែតៗ ហើយឃើញស្រមោលខ្មៅអណ្ដែតផ្លុងៗ សក់រតាយ គួរឲ្យខ្លាចណាស់ ប៉ុន្ដែហេតុតែពូណុំមិនចេះខ្លាចគាត់ក៏ស្រែកទៅថា៖
- យើស! អាចោរចង្រៃ ខ្វះការងារអីល្អ ម្ដេចក៏មិនទៅធ្វើទៅ មកលួចមាន់ទាគេអញ្ចឹង
- អាចោរចង្រៃ! ស្រែកប៉ុណ្ណឹងហើយនៅមិនព្រមចេញទៀតហី
ដោយឃើញថាការស្រែករបស់គាត់ពុំបានផល ពុំណុំក៏លីកាំបិតផ្គាក់ ដើរសំដៅទៅ ហើយស្រែកគំរាមចុងក្រោយថា បើឯងមិនចេញទេ អញកាប់ហើយ ។ គ្រាន់តែឮដូច្នេះ ស្រាប់តែពន្លឺនោះបានហោះស្ទុះចេញវឹង ឃើញតែក្បាលនិងពោះវៀនរតាយ គួរឲ្យខ្លាចណាស់ មុខវានោះសុទ្ធតែឈាម មើលមុខមិនស្គាល់ទេ ភ្លាមៗនោះពូណុំក៏វាសមួយកាំបិតផ្គាក់ទៅចំពោះវៀនវាធ្វើឲ្យអាបនោះឈឺចាប់ស្រែកទ្រហោយំយ៉ាងខ្លាំង និងបានហោះយ៉ាងលឿនសំដៅទៅព្រៃ ពូណុំក៏ស្រែកប្រាប់ពូចាន់ និងអ្នកភូមិឲ្យដឹង ទើបគ្រប់គ្នារូតរះចុះពីលើផ្ទះ ហើយសំដៅទៅផ្ទះមេភូមិ មេភូមិក៏ចាត់ឲ្យអ្នកភូមិទាំងអស់គ្នា កាន់អាវុធ ដើម្បីដើររកអាបនោះ ព្រោះវាត្រូវរបួសហើយ រត់ទៅណាមិនឆ្ងាយទេ ។ គ្រប់គ្នាបានដើរសំដៅទៅព្រៃជ្រៅខាងក្រោយភូមិតាមពូណុំប្រាប់ ប៉ុន្ដែពេលចូលទៅដល់ពាក់កណ្ដាល គ្រប់គ្នាមិនហ៊ានចូលទេ ដោយខ្លាចក្រែងរអា ព្រោះល្បីថាព្រៃនេះមានតែខ្មោចសាហាវ និងព្រាយកាន់ អាចមានគ្រោះថ្នាក់ ទើបពុំណុំសម្រេចចិត្តចូលម្នាក់ឯង ដើម្បីតាមចាប់អាបនោះ ម្យ៉ាងគាត់គិតថាគាត់ខ្លួនឯងកើតមកកំព្រាស្រេចហើយ បើស្លាប់ក៏មិនមានអ្នកណាកើតទុក្ខដែរ ។ ថាហើយគាត់បានរត់សំដៅយ៉ាងលឿន ដេញតាមអាបនោះពីក្រោយ រត់មួយសន្ទុះ ក៏ចូលទៅព្រៃជ្រៅ ងងឹតស្លុប ខ្យល់ក៏ធ្លាក់ត្រជាក់ខ្លាំង បក់មកត្រជាក់ស្រឹបដល់ឆ្អឹងខ្នង បរិយាកាសពិតជាគួរឲ្យព្រឺព្រួចណាស់ ពូណុំរេមើលឆ្វេងស្ដាំ មិនឃើញភ្លើងអាបនោះសោះ ភ្នែកគាត់ខំសំលឹងយ៉ាងយូរ ក៏ឃើញភ្លើងក្រហមៗ លោតភ្លឹបភ្លែតៗ ក្បែរគល់ឈឺធំមួយដើម គាត់ក៏ដើរលបៗ ដោយដៃកាន់កំបិតយ៉ាងមាំ គិតថានឹងកាប់ប្រហារឲ្យស្លាប់តែម្ដង ពួកអាបបំផ្លាញអ្នកស្រុកបែបនេះ ។
លុះដើរទៅដល់ជិតបម្រុងនឹងយារកំបិតប្រល័យទៅហើយ ក៏អាបនោះស្រែកអង្វរថា៖
- សុំកុំសំលាប់ខ្ញុំអី នាំឲ្យមានបាបជាប់ខ្លួនទេ សូមលើកលែងឲ្យខ្ញុំម្ដងទៅ
- បើយើងលើកលែងឲ្យឯង ឯងពិតជាមានឱកាសមកកាច់ ធ្វើបាបយើងមិនខានទេ
- ទេ! ទេ! អ្នក ឲ្យតែអ្នកព្រម ខ្ញុំនឹងបង្ហាញមរតកទ្រព្យដែលខ្ញុំនៅសល់បានកប់ទុកជាយូរហើយ ជូនអ្នក ខ្ញុំសុំតែអ្នកលើកលែងប៉ុំណ្ណោះ
- ចុះធ្វើម្ដេចយើងនឹងជឿបានទៅថា ទ្រព្យនោះមានពិតមែន
- ឲ្យតែអ្នកព្រម ខ្ញុំនឹងនាំផ្លូវ គឺនៅក្នុងព្រៃនេះឯង
0 មតិយោបល់:
Post a Comment