Saturday, August 21, 2021

រឿងខ្មោចក្រមុំ

 

រឿងនេះបានកើតឡើងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះទេ កើតមុនកូវីដ១៩បន្ដិច ដែលរឿងនេះបានឲ្យដឹងពីជីដូនរបស់ខ្ញុំ គាត់ជាគ្រូចូលរូប ដែលបានជួយទុក្ខធុរៈអ្នកស្រុកអ្នកភូមិច្រើនណាស់ ជួយដោះនូវអំពើពពួកអាប ធ្មប់ ព្រាយជាដើម ។ ដោយសារតែការជួយរបស់គាត់នេះហើយ បានធ្វើឲ្យមានភ្ញៀវជាច្រើនបានទាក់ទងមកគាត់ដើម្បីឲ្យជួយយកអាសារ ក្នុងនោះក៏មានអ្នកមីងសុជាតានិងស្វាមីដែរ គាត់ទាំងពីរជាអ្នករស់នៅខេត្តបាត់ដំបង ដោយសារតែថ្មីៗនេះ ក្នុងផ្ទះរបស់គាត់ចេះតែមានរឿងចម្លែកៗ ឮសូរសម្លេងប្លែកៗ ដូចជាសម្លេងមនុស្សយំ សម្លេងបោកចានឆ្នាំង សម្លេងតន្រ្ដំផ្ទះជាដើម ហើយធ្វើឲ្យពួកគាត់សម្រាកមិនបានទេ សូម្បីអ្នកជិតខាងក៏បានឮ និងទទួលការរំខានច្រើនដែរ ។ ហេតុនេះហើយ ទើបគាត់បានដើរស្វែងរកគ្រប់មធ្យោបាយ ទាំងធ្វើបុណ្យ ដាក់បាត្រផង ក៏នៅតែមិនបាត់ទៀត ។ ដោយសារតែទទួលដំណឹងពីអ្នកមីងសុជាតាហើយ ជីដូនរបស់ខ្ញុំក៏ប្រាប់ឲ្យអ្នកមីងសុជាតាកុំមានការបារម្ភថ្វី ព្រោះបើស្ដាប់ស្ថានការណ៍គឺពុំមានបង្កគ្រោះថ្នាក់ដល់គ្រួសារទេ អាចជាព្រលឹងអនាថា ណាមួយដែលពុំមានអ្នកធ្វើបុណ្យឲ្យស្វែងរកអ្នកជួយក៏ថាបាន ចំពោះរឿងនេះអ្នកមីងសុជាតាក៏មិនមាននិយាយអ្វីដែរ ហាក់បីដូចមានអ្វីលាក់លៀមអញ្ចឹង ។

          លុះព្រឹកស្អែកឡើង ជីដូនរបស់ខ្ញុំក៏រៀបចំខ្លួន ធ្វើដំណើរទៅខេត្តបាត់ដំបងតាមរថយន្ដក្រុង ។ នៅតាមផ្លូវដែលធ្វើដំណើរក៏មានហេតុភេទខ្លះដែរ ដូចជាឡានក្រុងឧស្សាហ៍ធូរកង់ សូម្បីតែតៃកុងឡានក៏ឆ្ងល់ដែរ សប់ខ្យល់មិនចេះចប់មិនចេះហើយសោះ ក្រោយពីធ្វើដំណើរដល់ទីក្រុងភ្នំពេញ ជីដូនរបស់ខ្ញុំគាត់ត្រូវឡើងឡានមួយតង់ទៀត សំដៅទៅខេត្តបាត់ដំបង ។ រសៀលបន្ដិចគាត់ក៏ទៅដល់ទីរួមខេត្ត ហើយអ្នកមីងសុជាតា និងស្វាមី នៅទីនោះស្រាប់ដើម្បីមកទទួលគាត់ ដោយរថយន្ដផ្ទាល់ខ្លួន ។ ជីដូនរបស់ខ្ញុំបន្ដដំណើរទៅដល់ផ្ទះរបស់មីងសុជាតា នៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីទីរួមខេត្ត ។

          មកដល់ផ្ទះអ្នកមីងសុជាតាភ្លាម ជីដូនរបស់ខ្ញុំបានឃើញព្រលឹងក្មេងស្រីជំទង់ម្នាក់ សំឡឹងមើលមកគាត់តាមបង្អួចផ្ទះ គាត់មិនទាន់សម្រាកទេ រួចក៏ជជែកដេញដោលសួរទៅមីងសុជាតាថា៖

-       កូនស្រីជាតា(គាត់ហៅគេថាតែកូនៗគ្រប់គ្នា) កូនឯងមានកូនស្រីអត់?

-       ម៉េចម៉ែសួរបែបហ្នឹងវិញ (មីងសុជាតាធ្វើមុខហាក់ដូចជាភ្ញាក់ផ្អើលណាស់ មុខគាត់ហាក់ចាប់ផ្ដើមស្រពោន ហើយទម្លាក់ទឹកមុខចុះ)

-       អូ! មិនមានអីទេ ! ម៉ែគ្រាន់តែសួរចង់ដឹងតើ (គាត់ដឹងស្ថានការណ៍ថាមិនស្រួល ក៏និយាយកាត់តែម្ដងទៅ) ឥលូវម៉ែមកពីឆ្ងាយ ហត់ណាស់ អញ្ចឹងម៉ែរកទៅសំអាតខ្លួនសិន ។

-       ចាស៎ ! ម៉ែ អញ្ជើញខាងក្រោយផ្ទះ មានបន្ទប់ទឹក អីវ៉ាន់ ចាំខ្ញុំយកទៅទុកលើបន្ទប់ឲ្យ

ក្រោយពីសំអាតខ្លួនរួច មីងសុជាតាក៏រៀបចំបាយទឹកទទួលជីដូនរបស់ខ្ញុំ ហើយក៏នាំទៅមើលបន្ទប់សម្រាក គ្រាន់តែចូលដល់បន្ទប់ភ្លាម ជីដូនរបស់ខ្ញុំបានងាកមកប្រាប់ប្អូនស្រីខ្ញុំដែលបានទៅជាមួយគាត់ថា មើលចៅឯងទៅយកអំបោះសនៅក្នុងកាបូបយាយមក យាយចងដៃឲ្យ (គាត់ដឹងថាអាចមានបញ្ហាដល់ប្អូនស្រីខ្ញុំ)។ ប្អូនស្រីខ្ញុំហាក់បានដឹង ហើយក៏មានអារម្មណ៍ថាភ័យ តែជីដូនរបស់ខ្ញុំគាត់ថាមិនអីទេ គាត់ចងដៃឲ្យនេះដើម្បីកុំឲ្យប្អូនខ្ញុំភ័យព្រួយតើ មកដេកផ្ទះគេមិនដែលស្គាល់ (គាត់គ្រាន់តែលួងប៉ុណ្ណោះ)

             ពេលវេលាពិតជាលឿនណាស់ មួយភ្លែតសោះយប់បានមកដល់ ខណៈប្អូនស្រីខ្ញុំកំពុងតែអង្គុយលេងក្នុងបន្ទប់ ចំណែកជីដូនខ្ញុំបានចុះមកមើលជុំវិញផ្ទះ ក្នុងបន្ទប់នោះស្រាប់តែសាយភាយក្លិនក្រអូបទឹកអប់ឈ្ងុយ ក្រអូបម្ដងឯលិច​ ក្រអូបម្ដងឯកើត ស្រាប់តែប្អូនស្រីងាកទៅបង្អួចផ្ទះ ស្រាប់តែឃើញមានសក់វែងអន្លាយមួយធ្លាក់សំយុងពីពិដានផ្ទះ ភ្លាមនោះប្អូនស្រីមិនហ៊ានស្រែកទេ ព្រោះខ្លាចរំខានដល់គេ ក៏ខំរត់ទៅបើកទ្វាររត់ចុះមកក្រោមភ្លាម ស្រាប់តែបើកទ្វារមិនចេញសោះ នាងភ័យពេកក៏ស្រែកតិចៗ៖

-       យាយ ! យាយ ឡើងផ្ទះបន្ដិចមក

ឯជីដូនខ្ញុំនៅខាងក្រោម កំពុងដើរមើលជុំវិញផ្ទះ បានឮសម្លេងប្អូនស្រីខ្ញុំហៅ គាត់តបពីក្រោមថា មិនអីទេ! ចៅ នៅឲ្យស្ងៀមទៅ ចាំយាយសួរវា (ព្រលឹងនោះ)សិន ។ ក្រោយពីថារួចគាត់ក៏សូត្រមន្ដគាថា រួចផ្ដុំទៅឆ្វេង៣ដង ផ្ដុំទៅស្ដាំ៣ដង រួចគាត់ឧទានឡើង៖

-      ព្រលឹងមកពីណា ! មកតែលតោល ធ្វើបាបអ្នកផ្ទះនេះ មានអ្វីនិយាយប្រាប់អញ បើចង់បានអី ចង់ស៊ីអី បើចង់បានអី ប្រាប់មកអញឲ្យគេរៀបឲ្យ ក្រោយពីថារួច គាត់ឡើងលើផ្ទះ រួចចូលបន្ទប់ រួចក៏រៀបចំពិធីសមាធិដើម្បីនិយាយឆ្លើយឆ្លងជាមួយព្រលឹងនោះ ។       ខណៈដែលគាត់កំពុងតែសមាធិខាងក្រៅឯណេះវិញ ខ្យល់ចាប់ផ្ដើមបក់មកខ្លាំង សម្លេងយំខ្លាំង សម្លេងឆ្កែលូ សម្លេងបោកចានបោកឆ្នាំង ទ្វារបន្ទប់ បង្អួច លាន់ក្ដាំងៗ បន្ដិចក៏មានឈាមស្រស់ៗ ធ្លាក់ចេញពីពិដានតក់ៗ បន្ដិច ក៏មានសក់ក្បាលវែងអូសសំយុងធ្លាក់ពីពិដានទៅមក រហូតដល់ផ្អើលដល់មីងសុជាតារត់ចេញពីបន្ទប់មកឲ្យជីដូនខ្ញុំជួយ ។ ក្រោយពីរត់មកទាំងសភាពទឹកមុខស្លេកស្លាំង មកដល់មុខជីដូនខ្ញុំគាត់ក៏បានផ្ដើមនិយាយថា៖

-      ម៉េចចាំបាច់កុហកម៉ែធ្វើអី ? កូនមានកូនស្រី ហើយកូនស្រីរបស់កូននាងទើបនឹងស្លាប់បានជាង១ខែប៉ុណ្ណោះ ហើយព្រលឹងដែលតែងតែរំខានកូនរាល់ថ្ងៃគឺនាងនោះឯង តើកូនមានបានធ្វើបុណ្យឧទ្ទិសឲ្យនាងបានត្រឹមត្រូវអត់?

ដោយបែកការណ៍អស់ហើយ មីងសុជាតាក៏បានប្រាប់ជីដូនខ្ញុំទាំងអស់ថា គាត់មានកូនស្រីម្នាក់អាយុ១៥ឆ្នាំ នាងស្រស់ស្អាតណាស់ ប៉ុន្ដែនាងទម្រើសណាស់ ប្រហែលជាប៉ុន្មានខែនេះនាងហាក់ប្រែប្រួលណាស់ ខ្ញុំតាមសង្កេតរហូតដឹងថានឹងមានផ្ទៃពោះជាមួយសង្សារ តែខ្ញុំក៏មិនដឹងថានរណាជាសង្សារនាងដែរ ព្រោះឃើញនាងមិនសូវមាត់កទេ កាលណោះខ្ញុំខឹងខ្លាំងពេកក៏បង្ខំឲ្យនាងនិយាយ និងឲ្យខាងប្រុសនោះទទួលខុសត្រូវ តែនាងបានប្រាប់ថា នាងបែកគ្នាហើយ ខ្ញុំក៏ប្រាប់ថាអញ្ចឹងមិនអាចទុកកូនក្នុងផ្ទៃនេះបានទេ ព្រោះខ្មាសគេណាស់ មានកូនស្រីក្រមុំនឹងគេដែរ តែបែរជាមានផ្ទៃពោះដោយគ្មានប្ដី ចំណែកប្ដីរបស់ខ្ញុំគាត់ស្លូតណាស់ គាត់មិនស្ដីឲ្យកូនទេ ។ ក្រោយពីដែលខ្ញុំនិយាយហើយ នាងក៏ឃុំខ្លួនក្នុងបន្ទប់នេះ មិនចេញពីបន្ទប់មិនហូបបាយទឹកទេ ខ្ញុំបារម្ភណាស់ ប្រឹងហៅកូនយ៉ាងណាក៏កូនមិនឆ្លើយ ក៏សម្រេចគាត់ទ្វារចូល គឺឃើញកូនបានចងកសម្លាប់ខ្លួនបាត់ហើយ ។ ខ្ញុំពិតជាមិននឹកស្មានថានាងគិតខ្លីបែបនេះសោះ ខ្ញុំរៀបចំធ្វើបុណ្យតាមប្រពៃណីឲ្យនាងដែរ តែមិនដឹងថាហេតុអ្វីបានជានាងមិនបានចាប់ជាតិនោះទេ ។

              ក្រោយពីស្ដាប់រឿងហេតុអស់ហើយ ជីដូនរបស់ខ្ញុំក៏ប្រាប់ថា ហេតុដែលនាងមិនព្រមទៅចាប់ជាតិ ព្រោះទី១នាងមិនទាន់បានអហោសិកម្មពីកូនជាម្ដាយទេ ម្យ៉ាងនាងនៅវិលវល់ជាមួយគ្រួសារនោះឯង ព្រោះនាងនៅនឹកអាល័យដល់កូនទាំងអស់គ្នា មិនអីទេ! ឥលូវម៉ែនឹងរៀបចំពិធីចូលរូបឲ្យនាងបានជួបនិយាយជាមួយកូន មុននឹងទៅកាន់សុគតិភព ។ក្រោយពីរៀបចំពិធីរូបនាងក្រមុំនោះក៏ចូលសណ្ឋិតលើជីដូនរបស់ខ្ញុំដោយនិយាយរៀបរាប់នឹកស្ដាយទង្វើរបស់ខ្លួន ថាខ្លួនមិនគួរគិតខ្លីទេ គុណឪពុកម្ដាយធ្ងន់ណាស់ មិនគួរមកប្រល័យជីវិតព្រោះតែភាពឆោតល្ងង់ ខឹងឆេវឆាវមួយពេលទេ ។ សម្លេងយំទ្រហោពេញផ្ទះ ស្ដាប់ទៅគួរឲ្យសង្វេគណាស់ ទាំងគេទាំងយើង នរណាមិនស្ដាយ កូនជាទីស្រលាញ់ ។

              ក្រោយពីរៀបចំពិធីស្រោចទឹក ពិធីឧទ្ទិសកុសលឲ្យនាងរួចរាល់ ចាប់តាំងពីនោះហេតុការណ៍ទាំងឡាយដែលបានកើតឡើងនៅផ្ទះនោះ ក៏ស្ងប់ស្ងាត់រហូតមក ។

​“ដរាបណាពេលវេលានៅមាន គួរតែចំណាយពេលដើម្បីសាងសុភមង្គលជាមួយមនុស្សជាទីស្រលាញ់ ព្រោះចុងបញ្ចប់នៃជីវិតមានតែធាតុមួយចានទេ។”


0 មតិយោបល់:

Post a Comment