សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Sunday, August 29, 2021

រឿងខ្មោចពោះធំ(២)



រឿងនេះដែរក៏សូមអរគុណដល់ប្អូនស្រី ដែលមានអាខោនហ្វេសប៊ុកឈ្មោះ ច័ន្ទរ៉ា ពេជ្រត្រា ដែលបានផ្ដល់ជាសាច់រឿងដល់អ៊ែដមីន សង្ឃឹមថាប្អូនស្រីនឹងបានអានរឿងនេះផងចុះ ។ រឿងនេះជាសាច់រឿងពិតដែលបានកើតឡើងនៅតំបន់ប្អូនស្រីរស់នៅ ដែលរឿងនេះនិយាយទាក់ទងជាមួយបងស្រីជីដូនមួយរបស់ម្ដាយប្អូន រឿងនេះកើតឡើងនៅខេត្តកំពង់ធំ ។ បងស្រីជីដូនមួយរបស់គាត់បានពោះធំ ប៉ុន្ដែជាអកុសលគាត់ក៏បានទទួលមរណភាពទាំងកូននៅក្នុងផ្ទៃ ។ ក្នុងកាលៈទេសៈនេះមិនថាគេ ឬខ្ញុំទេ ពិតជាគួរឲ្យខ្លោចចិត្តណាស់ ណាមួយអាណិតក្មេងមិនទាន់បានឃើញពន្លឺព្រះអាទិត្យ ណាមួយអាណិតម្ដាយដែលខិតខំពរពោះកូនក្នុងផ្ទៃ ។ សម្លេងទ្រហោយំពេញផ្ទះនៃសព សាច់ញាតិនៃសព ក្នុងទឹកមុខស្រពាប់ស្រពោន និងទឹកភ្នែកពេញផែនថ្ពាល់ សោកស្ដាយនៃការបាត់បង់សមាជិកគ្រួសារដែលកំពុងតែសាងសុភមង្គល ។ ពិធីបុណ្យបានរៀបចំតាមប្រពៃណីបែបព្រះពុទ្ធសាសនា សម្លេងឧគ្ឃោសនស័ព្ទបានបន្លឺឡើងបង្ហាញពីការកាន់មរណទុក្ខ ជូនដល់ញាតិជិតខាង នឹងពុទ្ធបរស័ទដទៃ នឹងលះបង់នូវសេចក្ដីកំណាញ់ មានសទ្ធាជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ។ ម៉ោងជាង១១ទៅហើយ សម្លេងខ្លងខែកដង្ហែសពទៅកាន់ទីឈាបនដ្ឋាន ដើម្បីបញ្ចុះសព ។ ការបញ្ចុះសពនេះក្រុមគ្រួសារនៃសពបានព្រមព្រៀងគ្នា​ទៅបញ្ចុះនៅក្រោមដើមពោធិ៍ធំមួយ ដើម្បីទុកគ្រាន់ជាទីជម្រកឲ្យវិញ្ញាណសពនៅទីនោះ ព្រោះមនុស្សពោះធំស្លាប់ បើមិនមានដើមឈើ ឬដាំដើមចេកជ្វាឲ្យទេ នឹងមានការលងបន្លាចមិនខាន ហើយមូលហេតុដែលក្រុមគ្រួសារនៃសពមិនព្រមវះកាត់យកកូនចេញ ព្រោះតែក្ដីអាណិតស្រលាញ់ ព្រោះបើខ្ញុំធ្លាប់ឮចាស់ៗនិយាយ គេមិនឲ្យបញ្ចុះទាំងសពនៅកូនក្នុងផ្ទៃទេ ត្រូវវះចេញក្រៅ ហើយកាត់សពកូននោះជាបីកំណាត់ នឹងផ្កាប់មុខទៀត ស្ដាប់ទៅដូចជាឃោឃៅខ្លាំងណាស់ នរណានឹងដាច់ចិត្ត សូម្បីតែខ្ញុំក៏ទទួលយកមិនបានដែរ កូនមិនទាន់បានកើតហើយ ត្រូវប្រមាថលើសាកសពទៀត ។

ក្រោយពីពិធីបុណ្យបានបញ្ចប់ ប្រាំពីរថ្ងៃក្រោយមកក៏មានហេតុការណ៍បានកើតឡើង ។ គ្រានោះមានប្ដីប្រពន្ធពីរនាក់ គាត់បានទៅស៊ីឈ្នួលដាំសណ្ដែកឲ្យគេ ដែលចំការនោះនៅក្បែរទីតាំងដើមពោធិ៍ដែលបញ្ចុះសពនោះ អាកាសធាតុពិតជាក្ដៅខ្លាំងណាស់ ក្រោយពីដល់ម៉ោងសម្រាកពីរនាក់ប្ដីប្រពន្ធក៏នាំគ្នាទៅសម្រាកក្រោមម្លប់ពោធិ៍នោះ ព្រោះឃើញម្លប់ត្រជាក់ត្រឈឹងត្រឈៃ ងាយស្រួលនឹងហូបបាយថ្ងៃត្រង់ផង ។ គ្រាន់តែចូលដល់ក្រោមដើមពោធិ៍នោះភ្លាម មិនទាន់បានស្រាយកញ្ចប់បាយផង ស្រាប់តែមេឃប្រែជាខ្មៅ ខ្យល់បក់យ៉ាងខ្លាំង ធ្វើឲ្យប្ដីប្រពន្ធនោះមានអារម្មណ៍ខ្លាចយ៉ាងខ្លាំង ស្របពេលដែលមានខ្យល់បក់បោកផង ក៏ស្រាប់តែលាន់សម្លេងមនុស្សស្រីស្រែកចេញពីលើដើមពោធិ៍៖ ចេញទៅ! ចេញទៅ! គ្រាន់តែឮប៉ុណ្ណេះ ប្ដីប្រពន្ធនាំគ្នារត់បាតជើងសព្រាត គ្រាន់តែរត់ចេញផុត បន្ដិច មេឃក៏ប្រែជាស្រឡះល្អវិញ ។ លុះដល់យប់ឡើង មេឃចុះត្រជាក់ស្រឹប សម្លេងឆ្កែលូលាន់ពេញផ្លូវ ខ្យល់បក់មកល្ហៀកៗ ត្រជាក់ដល់ឆ្អឹងខ្នង សម្លេងថ្នូរយំគ្រលួចចេញពីដើមពោធិ៍នោះ មកល្វើយៗ សម្លេងបំពេរកូនពេលរាត្រី ស្ដាប់ទៅពិតជាគួរឲ្យព្រឺក្បាលណាស់ លាយឡំនឹងសម្លេងនោះ ក៏មានពន្លឺភ្លើងយ៉ាងធំពណ៌ក្រហមឆ្អៅ អណ្ដែតហោះចេញពីដើមពោធិ៍នោះហោះអណ្ដែតចុះឡើង ធ្វើឲ្យអ្នកដែលបានឃើញហេតុការណ៍នោះ ពិតជាខ្លាច សូម្បីតែឈឺបត់ជើង មិនហ៊ានចុះពីផ្ទះផង ។ ហេតុការណ៍បានកើតឡើងស្ទើរតែរាល់យប់ ជាពិសេសពេលថ្ងៃត្រង់ នរណាក៏ដោយឲ្យតែដើរកាត់ ឬចូលចង់ទៅសម្រាកទីនោះ តែងតែជួបប្រទះហេតុការណ៍ចម្លែកៗជាច្រើន ខ្លះក៏មានក្បាលខ្មោចសក់វែងអន្លាយធ្លាក់សំយុងពីលើដើមពោធិ៍ ខ្លះក៏មានសម្លេងកូនង៉ាយំទ្រហឹង អ្នកដែលខ្លាចហេតុការណ៍ទាំងនោះអ្នកខ្លះក៏ធ្លាក់ខ្លួនឈឺក៏មាន ។ ដោយសារតែឃើញអ្នកស្រុកជួបទុក្ខភ័យ ព្រះគ្រូចៅអធិការវត្ត បាននិមន្ដទៅសូត្រមន្ដ រំដោះគ្រោះ នឹងបានផ្សាយធម៌ជូនដល់វិញ្ញាណក្ខន្ធនោះឲ្យបានស្ងប់ចិត្តកុំនៅអាល័យវិលវល់ទីនោះ នឹងបានទៅចាប់ជាតិទៅតាមកុសលកម្មរបស់ខ្លួន ក្រោយពីមានការសូត្ររំដោះគ្រោះមកទីនោះក៏ស្ងប់ស្ងាត់មួយរយៈ ប៉ុន្ដែប្រហែលជាព្រលឹងខ្មោចនោះមិនទៅចាប់ជាតិនោះទេ ទើបហេតុការណ៍ដែលគួរឲ្យខ្លាច ការលងបន្លាច សម្លេងយំបំពេរកូន និងភ្លើងហោះចុះហោះឡើង រាល់យប់នៅកើតបន្ដមានរហូតដល់សព្វថ្ងៃនេះ ។


Saturday, August 21, 2021

រឿងខ្មោចក្រមុំ

 

រឿងនេះបានកើតឡើងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះទេ កើតមុនកូវីដ១៩បន្ដិច ដែលរឿងនេះបានឲ្យដឹងពីជីដូនរបស់ខ្ញុំ គាត់ជាគ្រូចូលរូប ដែលបានជួយទុក្ខធុរៈអ្នកស្រុកអ្នកភូមិច្រើនណាស់ ជួយដោះនូវអំពើពពួកអាប ធ្មប់ ព្រាយជាដើម ។ ដោយសារតែការជួយរបស់គាត់នេះហើយ បានធ្វើឲ្យមានភ្ញៀវជាច្រើនបានទាក់ទងមកគាត់ដើម្បីឲ្យជួយយកអាសារ ក្នុងនោះក៏មានអ្នកមីងសុជាតានិងស្វាមីដែរ គាត់ទាំងពីរជាអ្នករស់នៅខេត្តបាត់ដំបង ដោយសារតែថ្មីៗនេះ ក្នុងផ្ទះរបស់គាត់ចេះតែមានរឿងចម្លែកៗ ឮសូរសម្លេងប្លែកៗ ដូចជាសម្លេងមនុស្សយំ សម្លេងបោកចានឆ្នាំង សម្លេងតន្រ្ដំផ្ទះជាដើម ហើយធ្វើឲ្យពួកគាត់សម្រាកមិនបានទេ សូម្បីអ្នកជិតខាងក៏បានឮ និងទទួលការរំខានច្រើនដែរ ។ ហេតុនេះហើយ ទើបគាត់បានដើរស្វែងរកគ្រប់មធ្យោបាយ ទាំងធ្វើបុណ្យ ដាក់បាត្រផង ក៏នៅតែមិនបាត់ទៀត ។ ដោយសារតែទទួលដំណឹងពីអ្នកមីងសុជាតាហើយ ជីដូនរបស់ខ្ញុំក៏ប្រាប់ឲ្យអ្នកមីងសុជាតាកុំមានការបារម្ភថ្វី ព្រោះបើស្ដាប់ស្ថានការណ៍គឺពុំមានបង្កគ្រោះថ្នាក់ដល់គ្រួសារទេ អាចជាព្រលឹងអនាថា ណាមួយដែលពុំមានអ្នកធ្វើបុណ្យឲ្យស្វែងរកអ្នកជួយក៏ថាបាន ចំពោះរឿងនេះអ្នកមីងសុជាតាក៏មិនមាននិយាយអ្វីដែរ ហាក់បីដូចមានអ្វីលាក់លៀមអញ្ចឹង ។

          លុះព្រឹកស្អែកឡើង ជីដូនរបស់ខ្ញុំក៏រៀបចំខ្លួន ធ្វើដំណើរទៅខេត្តបាត់ដំបងតាមរថយន្ដក្រុង ។ នៅតាមផ្លូវដែលធ្វើដំណើរក៏មានហេតុភេទខ្លះដែរ ដូចជាឡានក្រុងឧស្សាហ៍ធូរកង់ សូម្បីតែតៃកុងឡានក៏ឆ្ងល់ដែរ សប់ខ្យល់មិនចេះចប់មិនចេះហើយសោះ ក្រោយពីធ្វើដំណើរដល់ទីក្រុងភ្នំពេញ ជីដូនរបស់ខ្ញុំគាត់ត្រូវឡើងឡានមួយតង់ទៀត សំដៅទៅខេត្តបាត់ដំបង ។ រសៀលបន្ដិចគាត់ក៏ទៅដល់ទីរួមខេត្ត ហើយអ្នកមីងសុជាតា និងស្វាមី នៅទីនោះស្រាប់ដើម្បីមកទទួលគាត់ ដោយរថយន្ដផ្ទាល់ខ្លួន ។ ជីដូនរបស់ខ្ញុំបន្ដដំណើរទៅដល់ផ្ទះរបស់មីងសុជាតា នៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីទីរួមខេត្ត ។

          មកដល់ផ្ទះអ្នកមីងសុជាតាភ្លាម ជីដូនរបស់ខ្ញុំបានឃើញព្រលឹងក្មេងស្រីជំទង់ម្នាក់ សំឡឹងមើលមកគាត់តាមបង្អួចផ្ទះ គាត់មិនទាន់សម្រាកទេ រួចក៏ជជែកដេញដោលសួរទៅមីងសុជាតាថា៖

-       កូនស្រីជាតា(គាត់ហៅគេថាតែកូនៗគ្រប់គ្នា) កូនឯងមានកូនស្រីអត់?

-       ម៉េចម៉ែសួរបែបហ្នឹងវិញ (មីងសុជាតាធ្វើមុខហាក់ដូចជាភ្ញាក់ផ្អើលណាស់ មុខគាត់ហាក់ចាប់ផ្ដើមស្រពោន ហើយទម្លាក់ទឹកមុខចុះ)

-       អូ! មិនមានអីទេ ! ម៉ែគ្រាន់តែសួរចង់ដឹងតើ (គាត់ដឹងស្ថានការណ៍ថាមិនស្រួល ក៏និយាយកាត់តែម្ដងទៅ) ឥលូវម៉ែមកពីឆ្ងាយ ហត់ណាស់ អញ្ចឹងម៉ែរកទៅសំអាតខ្លួនសិន ។

-       ចាស៎ ! ម៉ែ អញ្ជើញខាងក្រោយផ្ទះ មានបន្ទប់ទឹក អីវ៉ាន់ ចាំខ្ញុំយកទៅទុកលើបន្ទប់ឲ្យ

ក្រោយពីសំអាតខ្លួនរួច មីងសុជាតាក៏រៀបចំបាយទឹកទទួលជីដូនរបស់ខ្ញុំ ហើយក៏នាំទៅមើលបន្ទប់សម្រាក គ្រាន់តែចូលដល់បន្ទប់ភ្លាម ជីដូនរបស់ខ្ញុំបានងាកមកប្រាប់ប្អូនស្រីខ្ញុំដែលបានទៅជាមួយគាត់ថា មើលចៅឯងទៅយកអំបោះសនៅក្នុងកាបូបយាយមក យាយចងដៃឲ្យ (គាត់ដឹងថាអាចមានបញ្ហាដល់ប្អូនស្រីខ្ញុំ)។ ប្អូនស្រីខ្ញុំហាក់បានដឹង ហើយក៏មានអារម្មណ៍ថាភ័យ តែជីដូនរបស់ខ្ញុំគាត់ថាមិនអីទេ គាត់ចងដៃឲ្យនេះដើម្បីកុំឲ្យប្អូនខ្ញុំភ័យព្រួយតើ មកដេកផ្ទះគេមិនដែលស្គាល់ (គាត់គ្រាន់តែលួងប៉ុណ្ណោះ)

             ពេលវេលាពិតជាលឿនណាស់ មួយភ្លែតសោះយប់បានមកដល់ ខណៈប្អូនស្រីខ្ញុំកំពុងតែអង្គុយលេងក្នុងបន្ទប់ ចំណែកជីដូនខ្ញុំបានចុះមកមើលជុំវិញផ្ទះ ក្នុងបន្ទប់នោះស្រាប់តែសាយភាយក្លិនក្រអូបទឹកអប់ឈ្ងុយ ក្រអូបម្ដងឯលិច​ ក្រអូបម្ដងឯកើត ស្រាប់តែប្អូនស្រីងាកទៅបង្អួចផ្ទះ ស្រាប់តែឃើញមានសក់វែងអន្លាយមួយធ្លាក់សំយុងពីពិដានផ្ទះ ភ្លាមនោះប្អូនស្រីមិនហ៊ានស្រែកទេ ព្រោះខ្លាចរំខានដល់គេ ក៏ខំរត់ទៅបើកទ្វាររត់ចុះមកក្រោមភ្លាម ស្រាប់តែបើកទ្វារមិនចេញសោះ នាងភ័យពេកក៏ស្រែកតិចៗ៖

-       យាយ ! យាយ ឡើងផ្ទះបន្ដិចមក

ឯជីដូនខ្ញុំនៅខាងក្រោម កំពុងដើរមើលជុំវិញផ្ទះ បានឮសម្លេងប្អូនស្រីខ្ញុំហៅ គាត់តបពីក្រោមថា មិនអីទេ! ចៅ នៅឲ្យស្ងៀមទៅ ចាំយាយសួរវា (ព្រលឹងនោះ)សិន ។ ក្រោយពីថារួចគាត់ក៏សូត្រមន្ដគាថា រួចផ្ដុំទៅឆ្វេង៣ដង ផ្ដុំទៅស្ដាំ៣ដង រួចគាត់ឧទានឡើង៖

-      ព្រលឹងមកពីណា ! មកតែលតោល ធ្វើបាបអ្នកផ្ទះនេះ មានអ្វីនិយាយប្រាប់អញ បើចង់បានអី ចង់ស៊ីអី បើចង់បានអី ប្រាប់មកអញឲ្យគេរៀបឲ្យ ក្រោយពីថារួច គាត់ឡើងលើផ្ទះ រួចចូលបន្ទប់ រួចក៏រៀបចំពិធីសមាធិដើម្បីនិយាយឆ្លើយឆ្លងជាមួយព្រលឹងនោះ ។       ខណៈដែលគាត់កំពុងតែសមាធិខាងក្រៅឯណេះវិញ ខ្យល់ចាប់ផ្ដើមបក់មកខ្លាំង សម្លេងយំខ្លាំង សម្លេងឆ្កែលូ សម្លេងបោកចានបោកឆ្នាំង ទ្វារបន្ទប់ បង្អួច លាន់ក្ដាំងៗ បន្ដិចក៏មានឈាមស្រស់ៗ ធ្លាក់ចេញពីពិដានតក់ៗ បន្ដិច ក៏មានសក់ក្បាលវែងអូសសំយុងធ្លាក់ពីពិដានទៅមក រហូតដល់ផ្អើលដល់មីងសុជាតារត់ចេញពីបន្ទប់មកឲ្យជីដូនខ្ញុំជួយ ។ ក្រោយពីរត់មកទាំងសភាពទឹកមុខស្លេកស្លាំង មកដល់មុខជីដូនខ្ញុំគាត់ក៏បានផ្ដើមនិយាយថា៖

-      ម៉េចចាំបាច់កុហកម៉ែធ្វើអី ? កូនមានកូនស្រី ហើយកូនស្រីរបស់កូននាងទើបនឹងស្លាប់បានជាង១ខែប៉ុណ្ណោះ ហើយព្រលឹងដែលតែងតែរំខានកូនរាល់ថ្ងៃគឺនាងនោះឯង តើកូនមានបានធ្វើបុណ្យឧទ្ទិសឲ្យនាងបានត្រឹមត្រូវអត់?

ដោយបែកការណ៍អស់ហើយ មីងសុជាតាក៏បានប្រាប់ជីដូនខ្ញុំទាំងអស់ថា គាត់មានកូនស្រីម្នាក់អាយុ១៥ឆ្នាំ នាងស្រស់ស្អាតណាស់ ប៉ុន្ដែនាងទម្រើសណាស់ ប្រហែលជាប៉ុន្មានខែនេះនាងហាក់ប្រែប្រួលណាស់ ខ្ញុំតាមសង្កេតរហូតដឹងថានឹងមានផ្ទៃពោះជាមួយសង្សារ តែខ្ញុំក៏មិនដឹងថានរណាជាសង្សារនាងដែរ ព្រោះឃើញនាងមិនសូវមាត់កទេ កាលណោះខ្ញុំខឹងខ្លាំងពេកក៏បង្ខំឲ្យនាងនិយាយ និងឲ្យខាងប្រុសនោះទទួលខុសត្រូវ តែនាងបានប្រាប់ថា នាងបែកគ្នាហើយ ខ្ញុំក៏ប្រាប់ថាអញ្ចឹងមិនអាចទុកកូនក្នុងផ្ទៃនេះបានទេ ព្រោះខ្មាសគេណាស់ មានកូនស្រីក្រមុំនឹងគេដែរ តែបែរជាមានផ្ទៃពោះដោយគ្មានប្ដី ចំណែកប្ដីរបស់ខ្ញុំគាត់ស្លូតណាស់ គាត់មិនស្ដីឲ្យកូនទេ ។ ក្រោយពីដែលខ្ញុំនិយាយហើយ នាងក៏ឃុំខ្លួនក្នុងបន្ទប់នេះ មិនចេញពីបន្ទប់មិនហូបបាយទឹកទេ ខ្ញុំបារម្ភណាស់ ប្រឹងហៅកូនយ៉ាងណាក៏កូនមិនឆ្លើយ ក៏សម្រេចគាត់ទ្វារចូល គឺឃើញកូនបានចងកសម្លាប់ខ្លួនបាត់ហើយ ។ ខ្ញុំពិតជាមិននឹកស្មានថានាងគិតខ្លីបែបនេះសោះ ខ្ញុំរៀបចំធ្វើបុណ្យតាមប្រពៃណីឲ្យនាងដែរ តែមិនដឹងថាហេតុអ្វីបានជានាងមិនបានចាប់ជាតិនោះទេ ។

              ក្រោយពីស្ដាប់រឿងហេតុអស់ហើយ ជីដូនរបស់ខ្ញុំក៏ប្រាប់ថា ហេតុដែលនាងមិនព្រមទៅចាប់ជាតិ ព្រោះទី១នាងមិនទាន់បានអហោសិកម្មពីកូនជាម្ដាយទេ ម្យ៉ាងនាងនៅវិលវល់ជាមួយគ្រួសារនោះឯង ព្រោះនាងនៅនឹកអាល័យដល់កូនទាំងអស់គ្នា មិនអីទេ! ឥលូវម៉ែនឹងរៀបចំពិធីចូលរូបឲ្យនាងបានជួបនិយាយជាមួយកូន មុននឹងទៅកាន់សុគតិភព ។ក្រោយពីរៀបចំពិធីរូបនាងក្រមុំនោះក៏ចូលសណ្ឋិតលើជីដូនរបស់ខ្ញុំដោយនិយាយរៀបរាប់នឹកស្ដាយទង្វើរបស់ខ្លួន ថាខ្លួនមិនគួរគិតខ្លីទេ គុណឪពុកម្ដាយធ្ងន់ណាស់ មិនគួរមកប្រល័យជីវិតព្រោះតែភាពឆោតល្ងង់ ខឹងឆេវឆាវមួយពេលទេ ។ សម្លេងយំទ្រហោពេញផ្ទះ ស្ដាប់ទៅគួរឲ្យសង្វេគណាស់ ទាំងគេទាំងយើង នរណាមិនស្ដាយ កូនជាទីស្រលាញ់ ។

              ក្រោយពីរៀបចំពិធីស្រោចទឹក ពិធីឧទ្ទិសកុសលឲ្យនាងរួចរាល់ ចាប់តាំងពីនោះហេតុការណ៍ទាំងឡាយដែលបានកើតឡើងនៅផ្ទះនោះ ក៏ស្ងប់ស្ងាត់រហូតមក ។

​“ដរាបណាពេលវេលានៅមាន គួរតែចំណាយពេលដើម្បីសាងសុភមង្គលជាមួយមនុស្សជាទីស្រលាញ់ ព្រោះចុងបញ្ចប់នៃជីវិតមានតែធាតុមួយចានទេ។”


Friday, August 20, 2021

រឿងមរតកអាប

 


រឿងនេះបានកើតឡើងអំឡុងពេល១ឆ្នាំមុន ពូណុំជាកសិករមួយរូបដែលមានជីវភាពខ្វះខាតខ្លាំងណាស់នៅក្នុងស្រុកភូមិ ឆ្នាំនេះគាត់មានអាយុប្រហែលជាង៤០ហើយ ប៉ុន្ដែគាត់ពុំទាន់មានគ្រួសារនោះទេ ដោយសារស្ថានភាពដ៏លំបាករបស់គាត់ ទើបគាត់សម្រេចចិត្តមិនយកប្រពន្ធទេ ព្រោះគាត់គិតថាគ្មានលទ្ធភាពចិញ្ចឹមគេ ។ ជារៀងរាល់ថ្ងៃគាត់អាចចិញ្ចឹមជីវិតដោយការដើរស៊ីឈ្នួលគេ ដើររើសខ្យងខ្ចៅ ឬបេះបន្លែលក់បន្ដិចបន្ដួច គ្រាន់នឹងបានកំដរជីវិត ។ ថ្វីត្បិតតែពូណុំជាជនទុរគតក្រខ្សត់ ប៉ុន្ដែគាត់ជាមនុស្សមានសណ្ដានចិត្តល្អណាស់ គាត់តែងឧស្សាហ៍ជួយទុក្ខធុរៈរបស់អ្នកភូមិផងរបងជាមួយ ប៉ុន្ដែគ្រាន់តែគាត់មិនសូវចេះនិយាយស្ដីលេងសើចអីទេ ។ ដោយសារតែទម្លាប់ដើរស៊ីឈ្នួលគេ ដើររើសខ្ចៅខ្យងនេះហើយ ទើបធ្វើឲ្យគាត់ពុំចេះខ្លាចអ្វីនោះទេ មិនថាខ្មោចព្រាយបិសាច អ្វីដែលគាត់ខ្លាច នោះគឺដាច់លុយ អត់បាយហូបជាង ។

          និយាយមកដល់ត្រឹមនេះ ខ្ញុំក៏នឹកឃើញរឿងមាន់ទាអ្នកភូមិដែលតែងតែបាត់ស្ទើរតែរាល់យប់ ផ្ទះខ្លះអស់ពីទ្រុងក៏មាន ប៉ុន្ដែគ្រប់គ្នាមិនហ៊ាននិយាយត្អូញត្អែរឮៗទេ ដោយគ្រប់គ្នាយល់ថាជាអំពើចោរ ខ្លាចចោរមកសម្លាប់ ឬធ្វើបាប ពេលដែលមានសម្លេងមាន់ទាស្រែក ក៏មិនហ៊ានចុះពីលើផ្ទះដែរ ដោយខ្លាចអន្ដរាយ ។ យប់នេះក៏ដូចសព្វមួយដងដែរ ក្នុងភូមិហាក់បីដូចស្ងប់ស្ងាត់ណាស់ គ្រប់គ្នារួសរាន់ឡើងលើផ្ទះបិទទ្វារជិតឈឹង សំលេងឆ្កែព្រុសលូពេញផ្លូវ ខ្យល់ក៏បក់មកត្រជាក់ស្រិបដូចទឹកកក យូរៗគេឮសម្លេងដូចជាអ្វីថ្ងូររហ៊ឹស ជួនកំពុងផ្ទៀងត្រចៀកស្ដាប់ ក៏ភ្ញាក់ក្រញ៉ាងភ័យស្ទើរប្រហោងពោះ ព្រោះសម្លេងឆ្កែព្រុសលាន់ពេញក្រោមផ្ទះ ។ ប្លែកអីតែខ្ទមកំសត់របស់ពូណុំ ខណៈគេកំពុងតែបិទទ្វារភ័យខ្លាច គាត់កំពុងតែអុជចង្រៀងផ្លុងៗ ហើយអង្គុយធ្វើស្នា ដើម្បីងាយស្រួលដើរទៅរកឆ្លុះពេលខែភ្លៀង ខណៈពេលគាត់កំពុងតែអង្គុយបិទឬស្សីធ្វើស្នានោះ ស្រាប់តែគាត់ឮសម្លេងមាន់ផ្ទះពូចាន់ដែលនៅជាប់នោះស្រែកផ្អើលពេញទ្រុង ប៉ុន្ដែពុំឃើញពូចាន់ចុះមកមើលទេ ឃើញដូចនេះ ពូណុំក៏អើតមើលតាមរបងផ្ទះ ក៏ឃើញមានពន្លឺអ្វីទេ ពណ៌ខៀវលោតភ្លឹបភ្លែតៗ ហើយឃើញស្រមោលខ្មៅអណ្ដែតផ្លុងៗ សក់រតាយ គួរឲ្យខ្លាចណាស់ ប៉ុន្ដែហេតុតែពូណុំមិនចេះខ្លាចគាត់ក៏ស្រែកទៅថា៖

-       យើស! អាចោរចង្រៃ ខ្វះការងារអីល្អ ម្ដេចក៏មិនទៅធ្វើទៅ មកលួចមាន់ទាគេអញ្ចឹង

-       អាចោរចង្រៃ! ស្រែកប៉ុណ្ណឹងហើយនៅមិនព្រមចេញទៀតហី

ដោយឃើញថាការស្រែករបស់គាត់ពុំបានផល ពុំណុំក៏លីកាំបិតផ្គាក់ ដើរសំដៅទៅ ហើយស្រែកគំរាមចុងក្រោយថា បើឯងមិនចេញទេ អញកាប់ហើយ ។ គ្រាន់តែឮដូច្នេះ ស្រាប់តែពន្លឺនោះបានហោះស្ទុះចេញវឹង ឃើញតែក្បាលនិងពោះវៀនរតាយ គួរឲ្យខ្លាចណាស់ មុខវានោះសុទ្ធតែឈាម មើលមុខមិនស្គាល់ទេ ភ្លាមៗនោះពូណុំក៏វាសមួយកាំបិតផ្គាក់ទៅចំពោះវៀនវា​ធ្វើឲ្យអាបនោះឈឺចាប់ស្រែកទ្រហោយំយ៉ាងខ្លាំង និងបានហោះយ៉ាងលឿនសំដៅទៅព្រៃ ពូណុំក៏ស្រែកប្រាប់ពូចាន់ និងអ្នកភូមិឲ្យដឹង ទើបគ្រប់គ្នារូតរះចុះពីលើផ្ទះ ហើយសំដៅទៅផ្ទះមេភូមិ មេភូមិក៏ចាត់ឲ្យអ្នកភូមិទាំងអស់គ្នា កាន់អាវុធ ដើម្បីដើររកអាបនោះ ព្រោះវាត្រូវរបួសហើយ រត់ទៅណាមិនឆ្ងាយទេ ។ គ្រប់គ្នាបានដើរសំដៅទៅព្រៃជ្រៅខាងក្រោយភូមិតាមពូណុំប្រាប់ ប៉ុន្ដែពេលចូលទៅដល់ពាក់កណ្ដាល គ្រប់គ្នាមិនហ៊ានចូលទេ ដោយខ្លាចក្រែងរអា ព្រោះល្បីថាព្រៃនេះមានតែខ្មោចសាហាវ និងព្រាយកាន់ អាចមានគ្រោះថ្នាក់ ទើបពុំណុំសម្រេចចិត្តចូលម្នាក់ឯង ដើម្បីតាមចាប់អាបនោះ ម្យ៉ាងគាត់គិតថាគាត់ខ្លួនឯងកើតមកកំព្រាស្រេចហើយ បើស្លាប់ក៏មិនមានអ្នកណាកើតទុក្ខដែរ ។ ថាហើយគាត់បានរត់សំដៅយ៉ាងលឿន ដេញតាមអាបនោះពីក្រោយ រត់មួយសន្ទុះ ក៏ចូលទៅព្រៃជ្រៅ ងងឹតស្លុប ខ្យល់ក៏ធ្លាក់ត្រជាក់ខ្លាំង បក់មកត្រជាក់ស្រឹបដល់ឆ្អឹងខ្នង បរិយាកាសពិតជាគួរឲ្យព្រឺព្រួចណាស់ ពូណុំរេមើលឆ្វេងស្ដាំ មិនឃើញភ្លើងអាបនោះសោះ ភ្នែកគាត់ខំសំលឹងយ៉ាងយូរ ក៏ឃើញភ្លើងក្រហមៗ លោតភ្លឹបភ្លែតៗ ក្បែរគល់ឈឺធំមួយដើម គាត់ក៏ដើរលបៗ ដោយដៃកាន់កំបិតយ៉ាងមាំ គិតថានឹងកាប់ប្រហារឲ្យស្លាប់តែម្ដង ពួកអាបបំផ្លាញអ្នកស្រុកបែបនេះ ។

លុះដើរទៅដល់ជិតបម្រុងនឹងយារកំបិតប្រល័យទៅហើយ ក៏អាបនោះស្រែកអង្វរថា៖

-       សុំកុំសំលាប់ខ្ញុំអី នាំឲ្យមានបាបជាប់ខ្លួនទេ សូមលើកលែងឲ្យខ្ញុំម្ដងទៅ

-       បើយើងលើកលែងឲ្យឯង ឯងពិតជាមានឱកាសមកកាច់ ធ្វើបាបយើងមិនខានទេ

-       ទេ! ទេ! អ្នក ឲ្យតែអ្នកព្រម ខ្ញុំនឹងបង្ហាញមរតកទ្រព្យដែលខ្ញុំនៅសល់បានកប់ទុកជាយូរហើយ ជូនអ្នក ខ្ញុំសុំតែអ្នកលើកលែងប៉ុំណ្ណោះ

-       ចុះធ្វើម្ដេចយើងនឹងជឿបានទៅថា ទ្រព្យនោះមានពិតមែន

-       ឲ្យតែអ្នកព្រម​ ខ្ញុំនឹងនាំផ្លូវ គឺនៅក្នុងព្រៃនេះឯង

គិតមួយស្របក់ ពូណុំក៏យល់ព្រម រួចអាចនោះក៏ហោះនាំផ្លូវពូណុំទៅ ពូណុំដើរបានប្រហែលជា ២០០ ទៅ៣០០ម៉ែត្រ អាបនោះ បាននិយាយប្រាប់ពីកន្លែងមរតកទ្រព្យនោះឲ្យពូណុំគាត់កាយយក  ។ ពូណុំក៏កាយតាមដែលអាបប្រាប់ពិតជាឃើញមានក្រឡតូចមួយល្មមមែន គាត់ក៏បម្រុងនឹងបើកហើយ ស្រាប់តែអាបនោះស្ទុះមួយទំហឹងមកខាំចំកពូណុំ ឃើញដូចនេះពូណុំក៏វាសកាំបិតមួយទំហឹងបណ្ដាលឲ្យដាច់ក្បាលអាចនោះធ្លាក់មកដី ។ ឯពូណុំវិញ មានការឈឺចាប់មុខរបួសខ្លាំងណាស់ ហើយក៏ឈឺចិត្តខ្លាំងណាស់ដែរ ដែលចាញ់បោកអាបនោះ ដោយពេលបើកក្រឡនោះឡើង មានតែក្រណាត់ចាស់ៗពីរបីដុំដែលចារ  យន្ដបាលីប៉ុណ្ណោះ ។ ក្រោយពីបានសម្លាប់អាបនោះរួច ពូណុំក៏យួរក្បាលអាបនោះទៅជួបមេភូមិដើម្បីឲ្យអ្នកស្រុកបានដឹងគ្រប់គ្នា ប៉ុន្ដែគាត់ក៏ត្រូវអ្នកភូមិសុំឲ្យចាកចេញដែរ ដោយសារតែគាត់បានត្រូវអាបខាំ អញ្ចឹងគាត់ជាមនុស្សល្អ អ្នកភូមិមិនដាច់ចិត្តប្រហារគាត់ទេ មានតែនិរទេសគាត់ចេញប៉ុណ្ណោះ ។ ដោយយល់ពីចិត្តរបស់អ្នកភូមិ ពូណុំក៏សម្រេចចិត្តចាកចេញពីភូមិនោះ ហើយក៏បាត់ដំណឹងរហូតមក ។