សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Wednesday, August 5, 2020

រឿងខ្មោចក្នុងបន្ទប់ទឹក



រឿងនេះបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន កាលណោះខ្ញុំបានទៅទស្សនកិច្ចសិក្សា នៅឯកោះពេជ្រ ក្រុមការងារបានជួលផ្ទះសំណាក់មួយនៅក្បែរផ្សារធំថ្មី នៅនោះក្រុមការងារបានរៀបចំបែងចែកបន្ទប់មួយយប់២០ដុល្លារ ហើយត្រូវដេកចំនួន ០៣យប់ ប៉ុន្ដែដើម្បីចំណេញក្នុងមួយបន្ទប់មានអាចបានបួននាក់ ដើម្បីអាចសល់លុយខ្លះមកផ្ទះវិញ ។
នៅថ្ងៃទី១ ក្រុមការងារបាននាំខ្ញុំទៅមើលកន្លែងរៀបចំមហោស្រពនៅឯកោះពេជ្រ នៅអាគារ G នៅទីនោះពិតជាធំណាស់ ធម្មតាយើងជាអ្នកស្រុកស្រែមិនដែលធ្លាប់ទៅទីក្រុង និយាយដោយត្រង់មានអារម្មណ៍ថាដូចស្វាចូលទីក្រុងអញ្ចឹង នៅមិនស្ងៀមសោះ មើលលិច មើលកើត សឹងតែធ្វើអោយអ្នកគ្រប់គ្នានៅភ្នំពេញយល់ថាអ្នកស្រែមិនដែលចូលក្រុងអញ្ចឹងឯង ប៉ុន្ដែអ្នកស្រែសម័យនេះមិនមែនដូចមុនទេ ស៊ីវីល័យជាងអ្នកក្រុងទៀតនោះ ។ មកដល់កន្លែងមហាស្រពខ្ញុំជាប្រធានក្រុម ដូចនេះខ្ញុំត្រូវទៅរៀបចំមុន បន្ទាប់ពីបានរៀបចំរួច ក៏នាំគ្នាទៅផ្សារអ៊ីអនម៉ល១ គ្រាន់តែឃើញផ្សារមានអារម្មណ៍ថាចង់វិលមុខ ធំនោះធំ ចង់ធំជាងសាលាខេត្តឯងទៅហើយ ខ្ញុំក៏ដើរចូលក្នុងសុទ្ធតែកញ្ចក់មើលឃើញគ្នា ពេលឡើងជណ្ដើរយន្ដ ម្នាក់ៗខ្លាចណាស់ សុទ្ធតែលោតឡើងលើកាំជណ្ដើរ ធ្វើអោយគេលាន់មាត់សើចគ្រប់គ្នា ។ នៅទីនោះឥវ៉ាន់ថ្លៃៗណាស់ គ្រាន់តែខ្សែក្រវ៉ាត់មួយជាង១០ដុល្លារ យី! នៅឯភូមិមួយតែ៥០០០ពាន់ពាក់បានស្រេច ហាសហាសហា អ្នកស្រែគិត      អញ្ចឹងម៉ងអី មិនយូរប៉ុន្មានខ្ញុំក៏ក្រលេកឃើញនារីម្នាក់ដែលកំពុងតែលក់ឥវ៉ាន់ វ៉ាវៗ ខ្ចីញ៉េញ ស្អាតម្ល៉េះព្រះអើយ សក់ក៏វែង បិះលង់ទៅហើយ នៅពេលដើរទៅជិតទើបដឹងថា តាមពិតមិត្តរួមថ្នាក់ឯងសោះ យ៉ាប់ណាស់ ឃើញគេស្អាតមិនបាន ។
តោះកុំនិយាយយូរពេកកុំអោយមិត្តអ្នកអាន អានហើយថាអានម៉ៃ្ងហើយ ឃើញនិយាយពីរឿងឯណាឯណីណាឆ្កុយ តោះនៅពេលខ្ញុំត្រលប់មកមើលកន្លែងធ្វើមហាស្រពវិញ ខ្ញុំក៏មានអារម្មណ៍ថាឈឺបត់ជើងតូច ខ្ញុំក៏ដើរទៅបន្ទប់ទឹក ស្រាប់តែឈឺបត់ជើងធំវិញ ស៊ាំម៉ងអាពោះហ្នឹង ពេលដែលចូលទៅបង្គន់ចង្រៃអី ទ្វារបិទទាំងអស់ ខ្ញុំគិតថាប្រហែលជាមានអ្នកចូលអស់ហើយ ខ្ញុំក៏ឈរទ្រាំចាំបន្ដិច ប្រហែលមួយសន្ទុះក្រោយមក ក៏ទ្រាំមិនបាន ក៏ដាច់ចិត្តគោះទ្វារ តែគ្មានអ្នកឆ្លើយ ខ្ញុំក៏សម្រេចចិត្តរុញទ្វារ ហើយចូលទៅ គឺថាអត់មានមនុស្សផង ស៊ាំម្ល៉េះ! ឯងឈឺពោះចង់ក្ដៀនហើយ ។ ក្រោយពីបានលាចាករោគាហើយ ខ្ញុំបំរុងនឹងចេញពីបន្ទប់ ស្រាប់តែឮសម្លេងមនុស្សពីរនាក់កំពុងតែជជែកគ្នា ៖
ហែង! ត្រូវចាំណា ហែងមិនត្រូវយករឿងនេះប្រាប់អ្នកណាឲ្យបានដឹងទេ បើមិនអញ្ចឹងទេ ហែង...ងាប់ អញប្រាប់!
ស្អីហ្អា៎! ហែងមើលតែអញហ្នឹងល្ងង់ ទៅដើរនិយាយប្រាប់គេនោះ
អើ! កុំឲ្យតែអញដឹងថាមានព័ត៌មានលេចឮចេញពីហែង កុំថាអញមិនបានប្រាប់
ស្រាប់តែមានឮសម្លេងទូរស័ព្ទ បុរសនោះនិយាយទូរស័ព្ទហើយ ក៏ស្រាប់តែឮ     សម្លេងស្រែក ៖
អូយ! ក្រែងអញប្រាប់ថាអញមិននិយាយទេ ម៉េចក៏ឯងមកសម្លាប់អញទៀត
មានតែខ្មោចទេ ដែលវាមិនអាចនិយាយបាន
បន្ទាប់មកនៅក្បែរបន្ទប់ខ្ញុំឮសម្លេងបើកទ្វារ ហើយបិទទៅវិញ ក្រោយស្ងប់ស្ងាត់ ខ្ញុំក៏លបចេញមកក្រៅ ហើយអើតទៅមើលបន្ទប់ដែលនៅជិតនោះ ពេលបើកទ្វារទៅស្រាប់តែ គ្មានអ្វីសោះ ខ្ញុំគិតថាចុះមនុស្សកាប់ចាក់គ្នាអំបាញ់មិញនោះទៅណាបាត់ហើយ ខ្ញុំក៏ដើររកមើលគ្រប់សព្វកន្លែងនៅតែមិនឃើញ ខ្ញុំក៏សម្រេចចិត្ត ត្រលប់ទៅផ្ទះសំណាក់វិញ ។
ខណៈពេលដែលកំពុងតែជិះជណ្ដើរយន្ដឡើងទៅជាន់ទី៣ ខ្ញុំនៅក្នុងជណ្ដើរយន្ដ មានមនុស្សប្រុសម្នាក់មុខឡើងស្លេកស្លាំង ជិះជាមួយខ្ញុំក៏សួរគាត់ថា៖
បង! បង​ ៗ ឈឺក៏អីមុខក៏ស្លេកស្លាំងម្ល៉េះ
បងមិនអីទេ​ប្រហែលជារងាខ្លាំងពេកហើយមើលទៅ
យី!រងាស្អី ខ្ញុំក្ដៅចង់ងាប់ហើយហ្នឹង
ពេលដែលជណ្ដើរយន្ដបើក ខ្ញុំចង់ភ្ញាក់ព្រោះជួបនឹងអូនម៉ាប់(ជាក្រុមការងារ ហើយនិយាយអោយត្រង់ទៅ គឺលួចស្រលាញ់គាត់តែម្ដង ព្រោះស្និទ្ធស្នាលគ្នាខ្លាំងគ្រប់ពេល)
ចុះបងឯងមកម្នាក់ឯងទេអី !
យី!ម្នាក់ឯងឯណា ! មានគេ២នាក់ក្នុងនេះតើ (ខ្ញុំងាកទៅមើលស្រាប់តែបាត់មនុស្សអស់រលីង)
ខ្ញុំក៏និយាយអ្វីទៀត ក៏ឡើងទៅសម្រាកនៅឯបន្ទប់ រហូតដល់ម៉ោងជាង ០៨យប់ ទើបមានក្រុមការងារបីនាក់ទៀត មកសម្រាកដែរ ។ ខណៈពេលអ្នកទាំងអស់គ្នាដេកលក់ហើយ ម៉ោងប្រមាណជា១២យប់ ខ្ញុំក៏ឈឺបត់ជើងតូច ក៏ងើបទៅបន្ទប់ទឹក ស្រាប់តែឮសូរសម្លេងមនុស្សមុជទឹកទៅវិញ ខ្ញុំក៏ឆ្ងល់ថាតើនរណាគេមុជទឹកទាំងកណ្ដាលអាធ្រាត្របែបហ្នឹង ខ្ញុំងាកមើលអ្នកដេកនៅលើគ្រែ ឃើញថាគ្រប់គ្នាហើយ ខ្ញុំក៏ដាស់ម្នាក់ឡើង៖
សិដ្ឋ!ៗ ងើបឡើង មានឮសម្លេង មនុស្សមុជទឹកទេ
ឮតើបង! ចុះនរណាគេមុជទឹកអីទាំងកណ្ដាលយប់អញ្ចឹង 
បងមិនដឹងទេ ! គ្នាយើងនៅគ្រប់តើ
ខ្ញុំក៏ដាស់គ្រប់គ្នាអោយភ្ញាក់ រួចក៏បើកភ្លើង ហើយក៏បើកទា្វរបន្ទប់ទឹកស្រាប់តែពុំឃើញមានអ្វីទេ ឃើញតែក្បាលផ្កាឈូកបើកទឹកចោល ខ្ញុំក៏ទៅបិទ ហើយប្រុងបិទទ្វារ ស្រាប់តែក្បាលផ្កាឈូកបើកវិញទៀត ខ្ញុំក៏ប្រើអោយសិដ្ឋទៅបិទម្ដង ស្រាប់តែពេលសិដ្ឋដើរចូលទៅ ក្បាលផ្កាឈូកឈប់ហូរទឹក ប៉ុន្ដែបង្គន់បែរជាចុចទឹកចេញដោយខ្លួនឯង គ្រប់គ្នាភ័យណាស់ ក៏រត់ទៅរកទូរស័ព្ទប្រាប់អ្នកដឹកនាំក្រុម តែទូរស័ព្ទម្នាក់ៗមិនចេញ បាត់សេវាអស់រលីង ខ្ញុំក៏រត់ទៅចុចទូរស័ព្ទផ្ទះសំណាក់ ស្រាប់តែមានដៃមួយយ៉ាងត្រជាក់បានចាប់ដៃ របស់ខ្ញុំ ខ្ញុំស្ទើរគាំង ព្រោះមានត្រឹមតែកំភួនដៃប៉ុណ្ណឹង អ្វីៗផ្សេងពុំឃើញនោះទេ ក្មេងៗ ក៏គាំងស្រឡាំងកាំង ដាវីនក្មេងជាងគេក៏ស្រែឆោឡោឡើង ហើយក៏សន្លប់បាត់ស្មារតី ភ្លាមនោះ ខ្ញុំក៏ប្រឹងបេះដៃនោះចេញ តែមិនចេញ ខ្ញុំក៏ទាញកន្លែងមករុំដៃនោះ រួចរត់មកជួយដាវីន និងបានបើកទ្វារចេញ តែមិនរបើក ខ្ញុំក៏គោះទ្វារខ្លាំងៗ របស់ដល់មានអ្នកនៅជាប់ហ្នឹងបានឮ និងជួយហៅម្ចាស់ផ្ទះយកសោមកចាក់ ទើបមេដឹកនាំក្រុមបានមកដល់សួរ រួចគ្រប់ហេតុការណ៍ដែលកើតឡើង ខ្ញុំស្រាយកន្សែងចេញ រួចបង្ហាញដៃដែលចាប់ខ្ញុំនោះ នៅជាប់នៅឡើយ គ្រប់គ្នាស្ទើរតែមិនជឿនឹងភ្នែកទេ ក្នុងនោះមានបងស្រីម្នាក់ចាស់ទុំជាងគេ ក៏បានឧបកិច្ច សុំអោយម្ចាស់ដៃចាកចេញទៅ សន្យាថានឹងធ្វើបុណ្យអោយ ក្រោយមកដៃនោះក៏រលាយបាត់ទៅ ។ ពេលខ្ញុំត្រលប់មកវិញក៏នាំគ្នាទៅស្រោចទឹកចេញ និងបានយកចង្កាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលជូនដល់វិញ្ញាណក្ខន្ធម្ចាស់កម្មពៀរទាំងនោះ ។

រឿង ខ្មោចឆៅ



តាមពិតនឹកមកដល់រឿងនេះ ខ្ញុំជឿជាក់ថាអ្នកទាំងអស់ពិតជាធ្លាប់មើលរឿងចិនមួយចំនួន រឿងខ្មោចឆៅចិន ដែលមានចង្កូម ហើយមិនចេះដើរ ចេះតែលោត ហើយបឺតជញ្ជក់ឈាមមនុស្សទៀតផង ។ រឿងខ្មោចឆៅនេះ មិនមែនជារឿងភូតកុហកទេ ប៉ុន្ដែខ្ញុំក៏មិនមានអ្វីសំអាងដែរថាអ្វីដែលខ្ញុំបានជួបជាខ្មោចឆៅ ពិតមែន ។ ប៉ុន្ដែបើសិនជាមានបងប្អូនធ្លាប់បានជួប ឬឃើញ អាចជួយប្រាប់ខ្ញុំផង ។ រឿងនេះគឺកើតឡើងកាលពីខ្ញុំនៅក្មេង កាលណោះខ្ញុំគ្រុនពោះវៀន ៣ខ្វែង (ជំនាន់នោះគេហៅខ្វែងអញ្ចឹងមិនដូចឥលូវទេ ៥ខ្វែងគឺដំណាក់កាលធ្ងន់ធ្ងរបំផុត) ខ្ញុំបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត នៅអគារកុមារ ហើយនៅក្បែរអគារដែលខ្ញុំសម្រាក មានទូកុងតឺន័រមួយដែលគេទុកចោល នៅក្នុងនោះមានសាកសពទៀតផង ។ រាល់ពេលយប់ខ្ញុំតែងតែឮសំលេងចម្លែកៗជាច្រើន ចេញពីទូនោះ ពេលខ្លះខ្ញុំឮមនុស្សកំពុងតែថ្ងូរ ពេលខ្លះឮសំលេងស្រែក ធ្វើអោយខ្ញុំមួយយប់ៗ ដេកមិនសូវលក់ទេ ដោយសារតែសំលេងរំខានទាំងនោះពេលខ្លះ សំលេងនោះមានរហូតដល់ម៉ោង ០៥ ទៀបភ្លឺទើបបាត់ ។ ប៉ុន្ដែនៅថ្ងៃដែលខ្ញុំជិតចេញពីមន្ទីរពេទ្យ ខ្ញុំបានដើរលេង ហើយបានដើរទៅកន្លែងដាក់សាកសពនោះ ចៃដន្យនៅក្បែរនោះមានប្រហោងតូចមួយល្មមអាចអោយខ្ញុំមើលឃើញសភាពខាងក្នុងទាំងស្រុង អ្វីដែលខ្ញុំមើលឃើញមុនគេនោះ គឺមានក្ដារមឈូសមួយ នៅក្បែរនោះមានសាកសពមួយកំពុងតែឈរ ត្រូវបានរុំព័ទ្ធទៅដោយក្រដាសកាសែតជិតឈឹង ប៉ុន្ដែនៅសល់ប្រលោះភ្នែកនិងមាត់តែបិទមិនជិត ភ្នែកសាកសពនោះគឺបើកក្រឡោតៗតែម្ដង ភ្នែកលៀនស្ទើរតែចង់ជ្រុះ មានឈាមដុំតាមរង្វង់ភ្នែកទេ ឯមាត់វិញ គឺមានចង្កូមចេញមកក្រៅ ខ្ញុំភ័យស្ទើរលស់ព្រលឹងដែរ ប៉ុន្ដែគិតថាប្រហែលជាសាកសពដែលគេយកទៅពិសោធន៍ទេដឹង ចង្កូមនោះអាចជាធ្មេញវែងទេមើលទៅ ក្រោយបានឃើញសភាពទាំងនោះហើយ ខ្ញុំមានអារម្មណ៍នៅមិនស្ងប់សោះ ចង់តែចេញទៅផ្ទះ   ឆាប់ៗខ្លាចណាស់ ។ លុះល្ងាចបន្ដិចពេទ្យអនុញ្ញាតអោយខ្ញុំចេញទៅផ្ទះវិញ ខ្ញុំអរចង់ហោះ ប៉ុន្ដែមិនបានចេញទៅទាំងល្ងាចទេ ដោយរង់ចាំព្រឹកស្អែក ប្រធានមន្ទីរពេទ្យស៊ីញ៉េអោយចេញសិន ខ្ញុំក៏ទ្រាំដេកមួយយប់ទៀត ។ 
យប់ឡើងស្រាប់តែសំលេងដែលរំខានខ្ញុំនោះ បានបន្លឺឡើងគួរខ្លាច ស្របជាមួយសំលេងឆ្កែលូ និងខ្យល់ត្រជាក់បក់មករហៀកៗ ហើយទ្វារបន្ទប់មិនបានបិទទេ ដោយចំហចោល មួយសន្ទុះក្រោយមកខ្ញុំមានអារម្មណ៍ថាត្រជាក់ចុងជើង ដូចមានអ្វីមកប៉ៈអញ្ចឹង ខ្ញុំគិតថាប្រហែលជាខ្យល់ហើយ ក៏មិនបានគិតច្រើន ក៏សំងំទៀត ។ មួយស្របក់ក្រោយមក ជើងខ្ញុំមានអារម្មណ៍ថាកាន់តែត្រជាក់ខ្លាំងឡើង ខ្ញុំក៏ស្រវាទាញភួយទៅគ្របប៉ុន្ដែក៏ប៉ៈនឹងរបស់រឹងអ្វីម្យ៉ាងដូចជាដៃមនុស្សកំពុងតែចាប់ជើងខ្ញុំជាប់ ខ្ញុំភ័យពេកក៏កន្ត្រាក់ជើងមួយទំហឹង បណ្ដាលអោយភ្ញាក់យាយខ្ញុំដែលនៅកំដរខ្ញុំ គាត់ភ្ញាក់ឡើងសួរខ្ញុំ ខ្ញុំថាមិនអីទេ គ្រាន់តែយល់សប្ដិអាក្រក់ រួចក៏សំងំដេកទៀត ។ ប្រហែលជាម៉ោង១២រំលងអាធ្រាត្រ ស្រាប់តែឮសូរសំលេងផ្ទុះមួយទំហឹង ស្នូរកក្រើកផ្អើលអស់អ្នកសម្រាកពេទ្យក្រោកទៅមើល ស្រាប់តែឃើញទូកុងទឺន័រនោះ រហែកចំកណ្ដាលប៉ុនមាត់លូ ហើយក្រដាសកាសែត បានហើររាយប៉ាយពេញដី ខ្ញុំភ័យណាស់ ខ្ញុំគិតថាប្រហែលជាសាកសពនោះលួចរត់ដឹង ពេលទៅអើតមើលពិតជាបាត់សាកសពនោះមែន ខ្ញុំកាន់តែភ័យ។
ស្អែកឡើងខ្ញុំក៏ត្រលប់មកផ្ទះវិញ គ្រួសារខ្ញុំសប្បាយចិត្តណាស់ ក៏រៀបចំទិញម្ហូបយ៉ាងច្រើនដើម្បីទទួលខ្ញុំ ខ្ញុំរវល់តែសប្បាយចិត្តដែលចេញពីពេញទើបភ្លេចរឿងរ៉ាវដែលបានជួបកន្លងមក ។ ប្រហែលជាបានពីរយប់បន្ទាប់មក យប់ប្រហែលជាម៉ោង០៩ទៅហើយ ខណៈពេលនោះខ្ញុំកំពុងតែលង់លក់ដំណេកយ៉ាងស្កប់ស្កល់ ស្រាប់តែខ្ញុំឮសូរសំឡេងល្វើយៗ គ្រហឹម ថ្ងូរៗ ដូចជាមនុស្សឈឺអញ្ចឹងឯង ដោយសារតែសំឡេងនោះរំខានពេក ខ្ញុំក៏ភ្ញាក់ពីដំណេក ហើយក៏ងើបចុះមកដី ដើម្បីឈឺនោម នៅមុខផ្ទះ ពេលនោះខ្ញុំឃើញស្រមោលស្ទង់ៗធំមួយ ហោះកាត់មុខខ្ញុំ ខ្ញុំបុកពោះភ័យណាស់ ព្រោះខ្លាចដែរ ប៉ុន្ដែហេតុតែមនុស្សដែលចង់ដឹង ទើបកាត់ចិត្តខ្លាច ហើយឈរប្រឹងសំលឹងមើលតាមទិសដៅស្រមោលនោះ មួយសន្ទុះក្រោយមក ស្រមោលនោះបានហោះមកវិញយឺតៗ មកដល់មុខខ្ញុំ ពេលនោះខ្ញុំគាំងដើរមិនរួច ភ្នែកខ្ញុំបើកធំៗនៅចំពោះស្រមោលនោះ ពេលវាមកកាន់តែជិត ទើបដឹងថាគឺសាកសពដែលបានបាត់ពីមន្ទីរពេទ្យ វាមានចង្កូមដូចមនុស្សចចកក្នុងរឿងហូលីវូដ អញ្ចឹង ចង្កូតដ៏វែងលាយនឹងដំណក់ឈាមដែលហូរកាត់តាមចង្អូរមាត់វា ប៉ុន្ដែនិយាយដោយត្រង់ក្លិនរបស់វាស្អុយណាស់ អ្នកល្មមៗក្អួតមិនខាន ខ្ញុំក៏ធាក់ចេញពីពោះខ្លះដែរ តែប្រឹងទប់ វាមិននិយាយអ្វីទាំងអស់ វាលូកដៃមកច្របាច់កខ្ញុំ ពេលនោះខ្ញុំហាក់ដូចជាមន្ដសណ្ដំអញ្ចឹង ដើរក៏ដើរមិនរួច ស្រែកក៏ស្រែកមិនរួច ខ្ញុំគិតថា ប្រហែលជាស្លាប់ក្នុងគ្រានោះហើយ ប៉ុន្ដែសំណាងល្អ ដែលខ្ញុំឃើញស្រមោលមនុស្សម្នាក់ដើរមករកខ្ញុំ នោះគឺយាយរបស់ខ្ញុំ គាត់ជាគ្រូស្នងរូបម្នាក់ដែរ គ្រាន់តែឃើញយាយខ្ញុំភ្លាមៗ អាប៉ិមានចង្កូមនោះស្រាប់តែបាត់ស្រមោលឈឹងតែងម្ដង ។ ក្រោយមកខ្ញុំក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ដល់ក្រុមគ្រួសារ តាំងពីពេលនោះមកទាំងខ្ញុំ ទាំងគ្រួសារខ្ញុំមិនហ៊ានចេញក្រៅនៅពេល  យប់ៗនោះទេ សូម្បីតែឈឺពោះយប់ព្រលប់ក៏មិនហ៊ានចុះដែរ សុខចិត្តទិញកន្ថោរដាក់ ។ 
ប្រហែលមួយសប្ដាហ៍ក្រោយមក ស្រាប់តែមានគោអ្នកស្រុកងាប់ជាច្រើនតៗគ្នាដោយមិនដឹងមូលហេតុ ដោយគោទាំងអស់មានស្លាកស្នាមចង្កូមខាំនៅនឹងក អ្នកស្រុកយល់ថាអាចជាមានខ្លា​ ឬតោចូលស្រុកមិនខាន តែខ្ញុំប្រាប់ថា ស្រុកយើងកុំថាឡើយខ្លា ឬតោ សូម្បីឈ្លូស ទន្សាយព្រៃមួយក្បាលមិនបានផង បើវាលអស់រលីងហើយ មានសត្វព្រៃណាហ៊ាននៅទៀត ខ្ញុំក៏ប្រាប់រឿងរ៉ាវដែលខ្ញុំបានជួបអោយអ្នកស្រុកដឹង តែគេគ្រប់គ្នាមិនជឿខ្ញុំទេ តែលោកមេភូមិបានជឿខ្លះដែរ ខ្ញុំនឹងអ្នកស្រុកក៏រៀបគម្រោង ដោយចងគោនៅដីទំនេរមួយ ដែលព័ទ្ធសីមាជុំវិញទុកប្រលោះអោយអាប៉ិមានចង្កូមហ្នឹងដើរចូល ។ 
គ្រប់គ្នាទន្ទឹងរង់ចាំមើលដោយចិត្តអន្ទះសា មិនយូរប៉ុន្មានម៉ោងប្រហែលជាដប់កន្លះ ស្រាប់តែឃើញខ្មោចឆៅហ្នឹង ហោះមករកគោ ឯគោគ្នាភ័យស្រែករោទិ៍ឡើង ហើយកន្រ្ដាក់ចុះកន្រ្ដាក់ឡើងក៏ដាច់ខ្សែ ភ្លាមៗនោះអ្នកស្រុកក៏នាំគ្នាដុតភ្លើងឡើង (ពួកយើងបានបង្កប់ចំបើងចាក់ប្រេងកាតស្រេចហើយ) ឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកក៏មានគ្រូអាគមពីរបីនាក់ជួយសូត្រព័ទ្ធសីមា ខ្មោចឆៅនោះចេញមករួចក៏ត្រូវភ្លើងចេះក្លាយជាផេះបាត់ទៅ តាំងពីពេលនោះមកក៏លែងមានគោអ្នកស្រុកងាប់ ហើយខ្ញុំក៏ដេកបានលក់ស្រួលដែរ ។

រឿង ផ្ទះខ្មោច



រឿងនេះជារឿងរបស់ពូឈិន ពូឈិនជាមន្រ្តីកងរាជអាវុធហត្ថ ដែលប្រចាំការ និងជាមនុស្សដែលមានការរាប់អានស្រលាញ់ច្រើន ពីក្រុមការងារពិសេសមេរបស់គាត់ ។ ដោយសារតែបែបនេះហើយ ទើបគាត់ត្រូវបានមេស្រលាញ់ ហើយក៏អោយគាត់ទៅតាមនៅផ្ទះឯចំការ ហើយក៏សុំអោយគាត់ស្នាក់នៅទីនោះ ដើម្បីយាមអោយ ។ ថ្ងៃនេះជាថ្ងៃចូលឆ្នាំគ្រប់ប្រជាជនខ្មែរទូទៅ គឺជាថ្ងៃសប្បាយ គ្រប់គ្នាទៅវត្ត ទិញខោអាវថ្មីៗ ឯពូឈិនក៏មិនខុសគ្នាដែរ ថ្ងៃនេះគាត់ត្រូវបានមេ ប៉ាវជប់លៀងយ៉ាងធំនៅផ្ទះឯចំការ ហើយក៏មានមិត្តរួមការងារជាច្រើនទៀត ពួកគេជប់លៀង ដោយមានការផឹកស៊ីតាំងពីព្រឹករហូតដល់យប់ម្នាក់ស្រវឹងយ៉ាងស្ពឹកមុខ បើទះវិញ ប្រហែលជាមិនឈឺនោះទេ ស្របពេលនោះពូឈិនក៏ចង់ឈឺនោម រួចក៏ដើរចេញពីវង់ផឹក៖
អើ! អញទៅនោមសិនវ៉ើយ!
មិនអីទេ! តែដើរអោយប្រយ័ត្ន ក្រែងដួលទាត់ខ្មោច ហាស ហាស ហា
អើ! មានអី ចាំអញដួលទាត់អោយមើល
គាត់បានដើរទៅនោមក្បែរដើមចេកមួយដើម ស្រាប់តែត្រូវពស់វែកពិសមួយក្បាលចឹកត្រូវកំភួនជើងគាត់ គាត់ក៏វាយពស់នោះរហូតដល់ងាប់ ហើយក៏កាន់មកក្រុមផឹកស៊ី ៖
នែ៎វ៉ើយ! អំបាញ់មិញអញទៅនោម ស្រាប់តែត្រូវពស់វែកចឹក នេះយកវាទៅឆាក្ដៅក្លែមទៅ
បងឈិន ! ចុម ប្រញាប់ទៅពេទ្យទៅ ពស់នេះពិសណាស់ ប្រយ័ត្នមានបញ្ហា
នែ៎! ឯងទៅខ្លាចអី ! ចឹកអីចឹកទៅ បើអញអត់ឈឺផង កុំខ្វល់ផឹកតទៅទៀត វាមិនងាប់ទេ គ្រាន់តែពស់ចឹកនោះ។ 
គ្រប់គ្នាក៏បន្ដផឹកស៊ីរហូតដល់យប់ជ្រៅខ្លាំង ទើបបំបែកគ្នាទៅដេករៀងៗខ្លួន ឯពូឈិន គាត់ទៅដេកផ្ទះចំការម្នាក់ឯង ដោយមិនខ្វល់ពីពស់ចឹកអីទេ គាត់បានបោះពាក្យថា ពួកហែងចាំមើល ស្អែកអញផឹកទៀត ហើយចាំពួកហែងនិយាយអញងាប់ឬងាប់ យី ! ពស់ចឹកសោះងាប់ដែរ ពួកអា ។
លុះស្អែកឡើង ពូឈិនគាត់ជិះម៉ូតូទៅផ្ទះខាងមុខ ដែលមានចម្ងាយពីផ្ទះចំការប្រហែល ០៧ហិកតា គ្រប់គ្នាលាន់មាត់ យី! បងឈិន ពស់ចឹកយប់មិញ អត់កើតអីទៀត ខ្លាំងមែន? ហើយឯណាស្នាមចឹក ចុម! ជាអស់បាត់ សាហាវ!
អញប្រាប់ហើយថា គ្រាន់តែពស់ចឹកវាមិនងាប់ទេ ! តោះផឹកទៀត កុំអោយខ្វល់
បានតើ! លើកនេះខ្ញុំនឹងភ្នាល់ជាមួយបង នរណាផឹករត់ ត្រូវតែជួយរៀបចំផ្ទះគ្នា មួយថ្ងៃ 
បានតើ!
ពួកគេផឹកបន្ដរហូតយប់ជ្រៅ ប៉ុន្ដែពុំមាននរណារត់ម្នាក់ទេ ពិតជាខ្លាំងមែន ។ រំលងបានបីថ្ងៃ ពួកគេជួបជុំគ្នាម្ដងទៀត ប៉ុន្ដែលើកនេះ ស្រាប់តែពូឈិនបែរជាមុខឡើងស្លេក គ្រប់គ្នាបារម្ភក៏ពន្យល់គាត់អោយឈប់ផឹក រួចជូនគាត់ទៅផ្ទះ នៅពេលមកដល់ផ្ទះចំការ៖
បងឈិន ! បងឈិន បងមានធុំក្លិនស្អុយអីទេ ! ស្អុយដូចខ្មោចងាប់អញ្ចឹង 
អញសង្ស័យតែកណ្ដុរវាងាប់ទេដឹង 
យី! បងឯងកណ្ដុរងាប់ក៏មិនស្អុយដល់ម្ល៉ឹងទេ ហើយធុំក្លិននៅផ្ទះ តោះឡើងទៅមើល
នៅពេលឡើងទៅលើផ្ទះ សម្បតិ្តដែលឌុបពូឈិន ទៅផ្ទះចំការក៏លាន់មាត់ស្រែក ព្រោះឃើញសាកសពពូឈិនស្អុយរលួយពេញផ្ទះទៅហើយ គ្រាន់តែឃើញហើយ ងាកមកមើលពូឈិន ស្រាប់តែបាត់ឈឹង សម្បត្តិលោតផ្លោះកាំជណ្ដើរ ធាក់ម៉ូតូជិះយ៉ាងលឿន ទៅផ្ទះមុខរួចស្រែកប្រាប់គ្រប់គ្នាអោយបានដឹង ទាំងមេពូឈិន ក៏នាំគ្នាទៅកាន់ផ្ទះចំការហើយ ក៏ស្លុតចិត្ត ព្រោះសាកសពគាត់បានស្អុយរលួយសឹងមើលលែងយល់ មេគាត់ក៏អោយកូនចៅរៀបចាត់ចែង ដឹកសពមកធ្វើបុណ្យនៅផ្ទះគាត់ ហើយបិទទ្វារផ្ទះចំការ ហើយហាមនរណាមកទីនេះទៀត ។
រឿងនេះកន្លងបានជា៤ឆ្នាំ នៅពេលមេពូឈិន គាត់ចូលនិវត្តន៍ គាត់ក៏រៀបចំធ្វើចំការ ហើយបានជួលកម្មករមកធ្វើចំការ ហើយក៏អោយលោកយាយគាត់ចាត់ចែងកន្លែងសម្រាកអោយកម្មករ លោកយាយក៏អោយកម្មករទាំងអស់ទៅសម្រាកនៅផ្ទះចំការដែលពូឈិនស្នាក់ពីមុន គ្រប់គ្នាពុំបានដឹងពីរឿងពូឈិនស្លាប់ទេ ក៏រៀបចំសម្លៀកបំពាក់ទៅស្នាក់នៅ ។
នៅពេលទៅដល់ផ្ទះនោះ សំបូរជាកម្មករម្នាក់ក្នុងចំណោមកម្មករទាំងអស់បាន ចងអង្រឹងសម្រាកនៅក្រោមផ្ទះលេង ក្រោយសម្រាកបាយថ្ងៃត្រង់ កំពុងតែសម្រាក ស្រាប់តែមានស្រមោលយ៉ាងធំមួយលោតពីធ្នឹមផ្ទះមកសង្គ្រប់សំបូរ នាយស្រែកអោយគេជួយក៏ស្រែកមិនចេញ ខំប្រឹងរើ ក៏រើមិនរួច នាយភ័យខ្លាំងណាស់ ព្រោះស្រមោលខ្មៅនោះ ប្រែជាលេចចេញរូបរាងបន្ដិចម្ដងៗ ក្នុងសម្លៀកបំពាក់ជាកងរាជអាវុធហត្ថ ប៉ុន្ដែពុំមានក្បាលនោះទេ សំបូរកាន់តែភ័យតក់ស្លុត ក៏ប្រឹងស្រែកពេញមួយទំហឹង គ្រប់គ្នាបានឮក៏ស្ទុះមកក្រោម ឃើញសំបូរកំពុងដេកលើអង្រឹងរើចុះរើឡើងម្នាក់ឯង ក៏ទៅដាស់ នាយក៏ភ្ញាក់ឡើង ស្រមោលនោះក៏បានទៅ ហើយសំបូរបានប្រាប់គ្រប់គ្នាពីហេតុការណ៍នោះ តែគ្រប់គ្នាមិនជឿទេ ហើយថានាយដេកមមើទៀតផង ហើយក៏ដើរចេញទៅ ឯសំបូរក៏ងើបដើរតាមក៏ជំពប់ជើងដួល ហើយងាកទៅក៏ឃើញក្បាលពូឈិន នៅក្រោមជើងគេ គេក៏ស្រែកហើយស្ទុះរត់ឡើងផ្ទះយ៉ាងលឿន គ្រប់គ្នាឃើញហើយសើច ។ លុះយប់ឡើង មានបន្ទប់ពីរ ខាងស្រីៗ ក៏សម្រាកបន្ទប់មួយផ្សេងដោយ ខាងប្រុស សម្រាកខាងបន្ទប់មួយទៀតដោយឡែក ប៉ុន្ដែពុំមានភ្លើងអគ្គិសនីបំភ្លឺទេ មានតែចង្កៀងប្រេងកាតចាស់មួយដែលនៅសល់ សំបូរក៏អុជបំភ្លឺផ្ទះ ខណៈដែលគ្រប់គ្នាស្ទើរតែលង់លក់ដំណេកទៅហើយ ស្រាប់តែឮសូរសំឡេងគោះទ្វារ ៖ តុក!តុក!តុក! មីងដាក៏ស្រែកសួរថា៖ នរណា!គោះទ្វារទាំងយប់ ផ្ទះនេះនៅឆ្ងាយណាស់ នរណាមករកអីទាំងយប់ហ្នឹង ប៉ុន្ដែគ្មានអ្នកឆ្លើយ បន្ទាប់មកទ្វារនៅតែបន្ដគោះដដែល បួនប្រាំដង គាត់ទ្រាំលែងបានក៏ទៅបើកទ្វារ ប៉ុន្ដែគ្មានអីទេ ។ គាត់បានបិទទ្វារហើយ ចូលបន្ទប់វិញ ស្រាប់តែទ្វារគោះទៀត គាត់ក៏ទៅបើកម្ដងទៀត ប៉ុន្ដែនៅតែមិនឃើញអ្វីទៀត គាត់ច្រលោតខឹងយ៉ាងខ្លាំង ព្រោះគិតថាមានអ្នកលេងសើច គោះទ្វារហើយ រត់ទៅបាត់ គាត់បានបិទទ្វារហើយ ស្រែកថា៖ បើលេងអញ្ចឹង អញឃើញដាក់ក្បាលមួយអង្រែតែម្ដង ស្រាប់តែលេចមុខពូឈិនចេញនៅពីមុខគាត់ មុខដង្កូវចោះរវើកៗ ឈាមហូរស្រោចពេញផ្ទៃមុខ ហើយនិយាយមករកគាត់ដោយសំឡេងខ្សាវៗ ៖ ជួយយកខ្ញុំទៅពេទ្យផង ! ខ្ញុំត្រូវពស់ចឹក មីងដាស្រែក ហើយរត់ចូលបន្ទប់ គ្រប់គ្នាភ័យដោយគាត់ប្រាប់ថា ខ្មោចលង ស្រីៗ នាំគ្នាយំ ស្រាប់តែពូឈិន ស្រែក៖ យំស្អី! អញថ្លង់ណាស់ ហើយស្រាប់ទ្វារបន្ទប់ចាប់ផ្ដើមរបើក គ្រប់គ្នាស្ទុះទៅខ្ទប់ ហើយយំពេញបន្ទប់ ឯខាងប្រុសៗ ឮហើយក៏ស្រែកសួរថា ៖
 មានរឿងអីមីង បានជាស្រីៗយំអញ្ចឹង
ខ្មោចលង! ខ្មោចលង
ថាម៉េចខ្មោចលង
មួយសន្ទុះក្រោយមក ទ្វារក៏លែងកំរើក គ្រប់គ្នាក៏លបៗ ចេញក្រៅបន្ទប់ហើយ មិនឃើញពូឈិន គ្រប់គ្នាបំរុងចុះដីរត់ ស្រាប់តែបើកទា្វរចេញអត់រួច  ទោះប្រឹងយ៉ាងណាក៏មិនរបើក ស្រាប់តែ មានក្បាលមួយធ្លាក់ពីរនងផ្ទះក្ដុក ក្បាលពូឈិនដែលពេញដោយដង្កូវរវើកៗ ឈាមស្រោចនោះ បានសើចដាក់ពួកគេ ម្នាក់ស្ទើរតែរាកនោមដាក់ខោហើយ បើនិយាយពីស្រីៗវិញដួលសន្លប់ព្រូសៗតែម្ដង សំបូរក៏ស្ទុះមួយទំហឹងធាក់ទ្វាររបើករួចក៏នាំគ្នាជួយគ្រាស្រីៗ រត់ចេញទៅផ្ទះទាំងយប់ ។ រត់បណ្ដើរ ងាកក្រោយបណ្ដើរ ចំណែកឯក្បាលពូឈិន ក៏ហោះដេញតាមបណ្ដើរ គ្រប់គ្នារឹតតែភ័យខ្លាំងឡើង រត់រហូតមកដល់ផ្ទះធំខាងមុខ រួចរត់ឡើងបន្ទប់អាសនៈព្រះ ទើបពូឈិនបាត់ស្រមោលតែម្ដង ។
លុះស្អែកឡើងកម្មករទាំងអស់បាននិយាយរឿងនេះប្រាប់លោកយាយ ហើយក៏សុំត្រលប់មកផ្ទះវិញដោយមិននៅធ្វើការទៀតទេ ឯមេពូឈិន ក៏បាននិមន្ដលោកមកសូត្រមន្ដ អោយពូឈិន ដើម្បីអោយគាត់បានទៅចាប់ជាតិ តាំងពីពេលនោះមកលែងមាននរណាទៅផ្ទះចំការនោះទៀតដែរ ។