Monday, August 8, 2016

រឿង ព្រាយដើមស្វាយ






រឿងនេះទើបតែកន្លងផុតមិនបានប្រាំឆ្នាំនោះទេ ។ រឿងនេះបានកើតឡើងចំពោះមីងរបស់ខ្ញុំផ្ទាល់ គាត់ឈ្មោះមីងអាង ។ កាលណោះយាយរបស់ខ្ញុំបានទិញដីមួយកន្លែងនៅក្នុងភូមិហ្មសែត(ហៅភូមិប្រយុទ្ធ) ហើយគាត់បានសាងសង់ផ្ទះតូចមួយខ្នងសម្រាប់គាត់ និងជីតារបស់ខ្ញុំ តែមីងរបស់ខ្ញុំគាត់មកស្នាក់នៅជាមួយ ។ យាយរបស់ខ្ញុំគាត់ប្រកបរបរជាគ្រូចូលរូប ស្ដោះដោះអំពើ ទស្សន៍ទាយ ស្រោចទឹករំដោះគ្រោះជាដើម ។ នៅកាលនោះនៅម្ដុំផ្ទះរបស់យាយខ្ញុំពុំទាន់មានផ្ទះច្រើននោះទេ ហើយគឺមិនទាន់ធ្វើបង្គន់ត្រឹមត្រូវអីនោះដែរ ។ កាលណាដែលឈឺពោះបត់ជើងធំ គឺត្រូវដើរទៅដីមុខផ្ទះតែរហូត ។ ដីមុខផ្ទះនោះ គឺជាដីរបស់យាយស្រៀង(ឥលូវគាត់ស្លាប់បាត់ហើយ) ហើយនៅក្នុងដីឡូត៍នោះមានដើមស្វាយមួយដើមយ៉ាងធំ ផ្លែច្រើនណាស់ រាល់ឆ្នាំមិនដែលដាច់នោះទេ ។ ប៉ុន្ដែរឿងដែលគួរអោយចាប់អារម្មណ៍នោះ គឺគេល្បីថាដីហ្នឹងមានខ្មោចព្រាយនៅថែមទៀតផង ឯខ្ញុំវិញជាមនុស្សដែលមិនខ្លាចខ្មោចសោះតែម្ដងហើយ តែគ្រាន់តែមិនដឹងថាខ្មោចរូបរាងយ៉ាងដូចម្ដេចផងហ្នឹង ?
          ថ្ងៃនេះអាកាសធាតុហាក់ដូចជាមិនអំណោយផលសោះ ខ្យល់បក់ពីទិសខាងលិចយ៉ាងខ្លាំង ហើយផ្គរក៏ក្រហឹមលាន់ឡើង
 ឮពេញផ្ទៃមេឃ ហើយមួយសន្ទុះក្រោយមកព្រះភិរុណក៏បង្អុរទឹកភ្លៀងយ៉ាងចាស់ដៃតែម្ដង ។ ឆ្លៀតក្នុងពេលផ្ទៃមេឃកំពុងវឹកវរនោះ សុភី ជាក្មេងស្រីតូចម្នាក់នៅក្បែរនោះបានដើរឆ្លងផ្លូវទៅព្រៃដើមស្វាយនោះ ដើម្បីរើសផ្លែស្វាយជ្រុះ ។ នាងដើរទៅតែម្នាក់ឯងទេ ត្រេកអរណាស់ព្រោះឃើញផ្លែស្វាយជ្រុះយ៉ាងច្រើន ប៉ុន្ដែដែលគួរអោយចម្លែកនោះគឺផ្លែស្វាយនោះទោះបីជាទុំយ៉ាងណាក៏ដោយ តែរសជាតិនៅតែជូរដូចផ្លែខ្ចីអញ្ចឹង ។ សុភីដើររើសស្វាយបណ្ដើរ ច្រៀងលេងបណ្ដើរ ស្រាប់តែ៖
-       អូយ ! ម៉ែអើយជួយកូនផង
ឮតែប៉ុណ្ណេះស្រាប់តែស្ងាត់សំលេងសុភីឈឹងតែម្ដង មួយស្របក់ក្រោយមកខ្ញុំឃើញ មានមនុស្សចាស់ប្រហែលបួននាក់ រត់ទៅរកសុភី ហើយត្រលប់មកវិញដោយសេចក្ដីសោកសៅបំផុត គេគ្រប់គ្នាយំអង្រួនរាងកាយសុភី ដែលបាត់មាត់បាត់ក បបូរមាត់នាងឡើងស្លេកដូចគ្មានឈាមអញ្ចឹង ចំណែកឯសក់ក្បាលរបស់នាងវិញបះច្រងាងដូចគេអ៊ុតត្រង់អញ្ចឹង ។ ពួកគេរិតទ្រូងនាងផង កោសខ្យល់នាងផង ច្របាច់ដៃជើងនាងផង ឯម្ដាយនាងយំទឹកភ្នែកជោគថ្ពាល់ព្រួយបារម្ភពីកូន ។ ដោយអំណាចនៃទឹកដោះម្ដាយថ្លៃសុភីបានដឹងខ្លួនវិញ តែនាងនិយាយអត់រួចទេ ឃើញតែមាត់ហាហបៗដូចត្រីក្នុងទឹកអញ្ចឹង ។ ពូសុខគាត់បាននិយាយ៖
-       បានហើយម៉ែវា កូនដឹងខ្លួនហើយ កុំអាលអោយកូននិយាយអី ! អោយកូនសំរាកសិនទៅ ចាំស្អែកចាំនាំទៅរកយាយអោយស្ដោះអោយ
-       ចាស ! ពុកវា ភីកូន កូនដេកទៅណា កុំអាលនិយាយអី ម៉ែនៅជិតកូនទេ ។
លុះព្រឹកឡើង មីងនាងបាននាំសុភី មករកយាយរបស់ខ្ញុំ ដើម្បីអោយគាត់ជួយស្រោចទឹក ហៅព្រលឹងកូនរបស់គាត់មកវិញ ។ យាយគាត់បាននិយាយថា ៖
-       កូនហ្នឹងប្រហែលត្រូវព្រាយលងហើយ មើលទៅ សង្ស័យមីមួយដែលយាយដេញពីដើមអំពិលទេមើលទៅ មិនអីទេ ចាំយាយទៅមើលអោយ ។
ក្រោយពីស្រោចទឹករួច យាយគាត់បានអង្គុយតាំងសម្មាធិមួយស្របក់ រួចគាត់និយាយថា៖
-       អើ ! យាយបានសួរវាហើយ គឺពិតជាមីព្រាយមួយដែលយាយដេញពីដើមអំពិលមែន តែវាបានប្រាប់ថាវាមិនបានលងនោះទេ ថ្វីត្បិតតែវានៅដើមស្វាយហ្នឹងមែន តែថានាងតូចនេះសន្លប់ដោយសារតែឃើញអ្វីផ្សេងទេ តែយាយដូចជាមិនជឿសម្ដីវាទេ តែយាយបានផ្ដាំវាហើយថា បើនៅតែលងធ្វើបាបអ្នកភូមិនេះទៀត យាយនឹងមិនអោយវារស់ស្រួលនោះទេ ចៅកុំភ័យអី ! បានហើយនាំគ្នាត្រលប់ទៅផ្ទះវិញទៅ ហើយកុំទៅលេង ឬទៅរើសស្វាយនៅកន្លែងហ្នឹងទៀត ។
បានប្រហែលជាពីរអាទិត្យក្រោយមក នៅយប់មួយម៉ោងប្រហែលជា៨ មីងរបស់ខ្ញុំឈឺពោះបត់ជើង គាត់មិនបានដឹងរឿងនេះនោះទេ គាត់កំពុងតែរៀបចំបត់ជើងហើយ ស្រាប់តែឮសំលេង       សើចលាន់ខ្ទរព្រៃតែម្ដង ៖
-       ហាសៗ ហា ហាស
-       នរណាគេ ៗ (គាត់ស្រែកតបយ៉ាងខ្លាំង ដើម្បីបន្លប់ភាពភ័យ ) ពេលនោះស្រាប់តែមានខ្យល់ធ្លាក់មកយ៉ាងខ្លាំង ធ្វើអោយគាត់ភ័យញាប់ញ័រ ។
រំពេចនោះស្រាប់តែលេចចេញរូបស្រីម្នាក់សំបុរខ្មៅ ភ្នែកក្រហម ធំៗ សក់វែងកន្រ្ដើងដូចមិនបានសិតរាប់ខែចឹង មិនយូរប៉ុន្មានក្បាលរបស់ស្រីម្នាក់នោះស្រាប់តែធំទៅៗ មីងរបស់ខ្ញុំស្លុតចិត្ត បបូរមាត់គាត់ឡើងពណ៌ស្វាយ ខ្លួនញ័រដូចគ្រុនញាក់  ឯសក់វិញបះក្រញ៉ាង មុខស្លេកដូចត្រីស្ងោរ​ គាត់ដួលសន្លប់ដោយមិនដឹងខ្លួន ។
ប្រហែលជាដប់នាទីក្រោយមក ប្ដីរបស់គាត់(ប្ដីមីងរបស់ខ្ញុំ)មិនឃើញគាត់ត្រលប់មកវិញ ក៏កើតក្ដីបារម្ភ ក៏ដើរទៅតាមស្រាប់តែឃើញមីងរបស់ខ្ញុំសន្លប់នៅនឹងក្រោមដើមស្វាយ គាត់ស្ទុះទៅបីត្រកងយកមីងរបស់ខ្ញុំត្រលប់មកផ្ទះវិញ ។ មួយសន្ទុះក្រោយមកមីងរបស់ខ្ញុំក៏ ដឹងខ្លួនវិញ ។ គាត់បាននិយាយរឿងរ៉ាវទាំងអស់អោយអ្នកផ្ទះស្ដាប់ ។ យាយរបស់ខ្ញុំខឹងណាស់ គាត់បានប្រាប់ថា ៖
-       ថ្ងៃស្អែក ពុកវានាំខ្ញុំទៅកាប់មីចោរម្រាយនឹងចោលម្ដង
លុះព្រឹកឡើងយាយរបស់ខ្ញុំ ដើរទៅជាមួយតារបស់ខ្ញុំ ។ យាយរបស់ខ្ញុំស្ពាយថង់យាមពណ៌សមួយ ហើយតារបស់ខ្ញុំកាន់ពូថៅមួយទៅ ។ ពេលទៅដល់ដើមស្វាយនោះ យាយរបស់ខ្ញុំ គាត់ជេរព្រាយនោះតែម្ដង ។
-       មីចោរម្រាយ ! ហងឯងមិនលងនរណា មកលងកូនអញ ទុកង៉ែងមិនបានទេពេលនេះ
-       អើ! អាណាប្រើវាអោយមករំខានអញធ្វើអី (ព្រាយនោះតប)
-       យើស! មីនេះបានសំដីណាស់ណ៎ ! តាខ្ញុំគាត់បន្ទរ ម៉ែវាកាប់វាចោលទៅ
-       ហងឯង ! ចេញពីទីនេះ ឥលូវនេះអោយឆាប់ បើចង់សុខខ្លួន បើមិនចឹងទេកុំថាអញមិនបានប្រាប់ (យាយរបស់ខ្ញុំនិយាយបន្ដើរ ហូតអំបោះសពីក្នុងថង់យាមបន្ដើរ ) ហងចេញ​ឬមិនចេញ
-       អញមិនចេញ ! ធ្វើអ្វីអញមិនបានទេ ហាហាសហា
យាយរបស់ខ្ញុំលើកអំបោះសឡើង គាត់សូត្របាលីគាថា មន្ដអាគម រួចហុចវាអោយតារបស់ខ្ញុំ
-       ពុកវា ! ឯងយកទៅព័ទ្ធជុំវិញដើមស្វាយហ្នឹង (ថារួចជីតារបស់ខ្ញុំបានដើរទៅចងដើមស្វាយ)
-       មីមួយនេះទុកវាមិនបានទេ ! ( ថារួចគាត់សូត្រមន្ដអាគមបន្ថែម )
-       ក្ដៅណាស់ ! អូយក្ដៅណាស់ ! អញមិនសុខចិត្តទេ
-       ងាប់អោយស្រឡះទៅ ! តារបស់ខ្ញុំនិយាយហើយកាប់ដើមស្វាយនោះមួយពូថៅ ហូរឈាមចេញពីដើមស្វាយស្រស់ៗ នឹងភ្នែក គាត់កាប់ហើយកាប់ទៀត រហូតដល់ព្រាយនោះបាត់មាត់ឈឹង ហើយស្រាប់តែវាព្រោះរំអិលមកលើក្បាលរបស់គាត់ពេញ ។
គាត់ត្រលប់មកផ្ទះវិញ គាត់ដាំទឹកក្ដៅដើម្បីលាងរំអិលនោះចេញ តែទោះជាយ៉ាងណាក៏លាងមិនជ្រះ ទើបគាត់សំរេចចិត្តកោរសក់ក្បាលរបស់គាត់ ហើយសក់គាត់ក៏លែងដុះចាប់តាំងពីពេលនោះមក ។ ហើយចាប់ពីនោះមក ក៏លែងមានព្រាយរំខានអ្នកភូមិទៀតដែរ ។



ចប់

0 មតិយោបល់:

Post a Comment