ក្នុងជំនឿនៃពុទ្ធសាសនិកជន តែងតែនាំគ្នានិយាយអំពីរឿងប្រែត ដែលកើតមកពីដូនតារបស់យើងឬក៏ជនទាំងឡាយណាដែលបានចែកឋានទៅហើយ ធ្លាក់ក្នុងនរកអវចីយ៍ ដោយសារតែពួកគាត់បានសាងបាបកម្មនាឋានមនុស្សលោកច្រើនពេក ។ ជីតារបស់ខ្ញុំ គឺជាអាចារ្យមួយរូបដែរ ហើយរាល់ល្ងាច គាត់តែងតែនិទានរឿងព្រេងអោយខ្ញុំស្ដាប់ ។ គាត់ចេះចាំនៅរឿងព្រេងបុរាណខ្មែរច្រើនណាស់ ដូចជារឿងបក្សីចាំក្រុង រាមកេរ្ដិ៍......ជាដើម ។
ដូចសព្វមួយដង ថ្ងៃនេះខ្ញុំបានសុំសំណូមពរអោយជីតារបស់ខ្ញុំគាត់និទានរឿង ទាក់ទងនឹងប្រែតអោយស្ដាប់ ដោយសារជិតដល់ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌហើយ ។ ដូចចិត្តមែនគាត់មិនបង្អង់យូរក៏ចាប់ផ្ដើមនិទានរឿងនេះអោយខ្ញុំស្ដាប់តែម្ដង ៖
កាលពីសម័យពុទ្ធកាល មានគ្រួសារមួយឈ្មោះតាយាន និងយាយប៉ាន គាត់មានកូនពីរនាក់ ប្រុសម្នាក់ជាកូនបងឈ្មោះ សាន និងកូនស្រីឈ្មោះ ពៅ ។ ជីវភាពរបស់តាយាយនោះ ពិតជាលំបាកលំបិនណាស់ រកព្រឹកខ្វះល្ងាច រកបានតែមួយគែរប៉ុណ្ណោះ ។ ល្ងាចនេះកូនប្រុសបងរបស់គាត់បាននិយាយថា៖
- ពុកៗ ! ខ្ញុំដូចជាចង់ហូបមាន់ដល់ហើយ
- កូនអើយ ! យើងមិនមានមាន់នឹងគេផង តើអោយពុករកមាន់បានមកពីណាទៅ ? ម្យ៉ាងសូម្បីតែប្រាក់យើងក៏គ្មានដែរ កូនដឹងស្រាប់ហើយថាសព្វថ្ងៃនេះយើងរស់នៅទាំងលំបាកលំបិនណាស់ ។
កូនប្រុសលឺដូចនេះ ក៏ដកដង្ហើមធំ ហើយដើរទៅដេកបាត់ ។ តាយានអាណិតកូនណាស់ ចង់អោយកូនឆ្ងាញ់មាត់នឹងគេម្ដង តែមិនដឹងគិតយ៉ាងណាទេ ។ លុះព្រឹកឡើង តាយាន និងប្រពន្ធ ធ្វើដំណើរទៅព្រៃដើម្បីរកបន្លៃបន្ដិចបន្ដួច គ្រាន់នឹងលក់ដើម្បីដូរយកអង្ករចិញ្ចឹមឆ្នាំងបាយ លុះដើរទៅបានបន្ដិចក៏ប្រទះមាន់អ្នកស្រុកមួយ គាត់នឹងប្រពន្ធក៏គិតគ្នា ៖
- យាយវា ! ខ្ញុំអាណិតកូនណាស់ យើងគួរតែលួចមាន់អ្នកស្រុកនេះទៅហី
- មែនហើយពុកវា ! អោយតែកូនបានឆ្ងាញ់ អ្វីក៏ខ្ញុំហ៊ានធ្វើដែរ
គិតស្រុះគ្នាហើយ យាយនិងតាក៏ចាប់ផ្ដើមព័ទ្ធស្ទាក់ចាប់បានមាន់នោះមកផ្ទះ ។ ថ្ងៃនេះគាត់បានម្ហូបឆ្ងាញ់ហើយ តែមិនហ៊ានហូបខ្លួនឯងទេ រង់ចាំកូនមកពីរៀនវិញ ។ នាយសានដើរមកដល់ផ្ទះវិញស្រាប់តែធុំក្លិនសាច់មាន់ ស្រក់ទឹកមាត់ច្រោក ក៏ស្ទុះទៅបើឆ្នាំងសម្ល ឃើញសម្លស្ងោរសាច់មាន់ គេក៏លាន់មាត់៖
- ពុកម៉ែៗ ! បានមាន់មកពីណាធំម្ល៉េះ
- គឺព្រឹកមិញនេះ ពេលពុកម៉ែដើរទៅព្រៃ គិតថានឹងបានសាច់មាន់ឯណាអោយកូនហូប ក៏ស្រាប់តែប្រទះមាន់ព្រៃចុះសរសៀរៗ ក្បែរគុម្ពោតព្រៃ ពុកម៉ែស្ទុះទៅចោលនឹងដំបងងាប់ទៅ ពុកម៉ែក៏យកមកស្លអោយកូនទៅ បានហើយកុំអាលនិយាយអី តោះកូនហូបបាយទៅ ហើយប្អូនមកផង ។
- ចុះពុកម៉ែមិនហូបទេ ?
- មិនអីទេ កូនហូបចុះពុកម៉ែហូបរួចហើយ
- ចឹងកូនហូបហើយណា !
ចំណេរក្រោយមកតាយាន និងយាយប៉ាន មានជំងឺជាទំងន់ ដោយគ្មានប្រាក់សម្រាប់ព្យាបាលផង ជំងឺរបស់គាត់កាន់តែដុនដាបៗ រហូតពួកគាត់ទទួលអនិច្ចកម្មទៅ ។ កូនប្រុសស្រីរបស់គាត់បានយកសព្វរបស់គាត់ទៅបូជានៅឯវត្តក្នុងភូមិ ។
វេលាក៏កន្លងផុតទៅ ចូលមកដល់ខែភទ្របទ ជាខែដែលរាស្រ្ដខ្មែរបុ្រសស្រីកាន់ពុទ្ធសាសនា តែងនាំគ្នាយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនមាតាបិតា និងញាតិការទាំង៧សណ្ដានដែលបានចែកឋានទៅ ដើម្បីអោយពួកគាត់ទទួលបានផលបុណ្យនេះ អោយរួចពីភពអវចីយ៍ មាននរក ប្រែតជាដើម.......។ ដោយឡែកបងប្អូនរបស់សាននិងពៅ ពុំបាននាំគ្នាយកចង្ហាន់ទៅវត្តទេ តាំងពីតាយាននិងយាយប៉ាន មរណភាពទៅ ពួកគេ បានមានគ្រួសាររៀងៗខ្លួន ។ សានគេបានក្លាយទៅជាអ្នករកស៊ីបន្ដិចបន្ដួច ឯពៅបានប្ដីជាអ្នកចំការ ។ សានគេសប្បាយហ៊ឺហា មានមិត្តដើរលេងផឹកស៊ី យប់នោះដែរសានហាក់ដូចជាស្រវឹងជ្រុលបន្ដិច គេដើរត្រលប់ទៅផ្ទះរបស់គេវិញ តាមផ្លូវគេលឺសូរសំលេងស្មូត ដែលលឺចេញពីក្នុងវត្តមក សំលេងស្មូតដ៏ក្រអួនក្រអៅ លន្លង់លន្លោច ស្របជាមួយសំលេងឆ្កែលូទ្រហឹងពេញផ្លូវ ខ្យល់ចាប់ផ្ដើមធ្លាក់ចុះត្រជាក់ស្រឹប ធ្វើអោយសានចង់រងា ។ គេបន្ដដំណើរបានប្រហែលជា៣០០ម៉ែត្រ ក៏ស្រាប់តែលឺសូរសន្ធឹកជើងដើរតាមពីក្រោយគេ គេក៏ងាកមកមើលតែមិនឃើញអ្វីទេ ។ សានដើរទៅមុខទៀត ស្រាប់តែលឺសន្ធឹកជើងដើរតាមពីក្រោយគេដដែល គេក៏ងាកមើលម្ដងទៀត តែនៅតែមិនឃើញអ្វីដដែល ។ លុះដើរផុតពីភូមិបន្ដិចសូរសំលេងយំសស្រាក់ បានបន្លឺឡើង ៖
- កូនមាសឪពុក ពុកឃ្លានណាស់ ម្ដេចកូនមិនយកបាយទៅវត្តនឹងគេផងកូន
- នរណាគេ ! (សានឆ្លើយតបដោយសំលេងភ័យញ័ររន្ធត់ បបូរមាត់របស់គេស្លេកស្លាំង ភ្នែកបើកមិនរួចទេ តែដៃចង្អុលតែផ្ដេសតែផ្ដាសពេញហ្នឹង )
- គឺពុកណាកូន ! កូនងើយមើលលើមក
សានងើយមើលលើ ឃើញរូបឪពុកខ្លួនក្នុងសភាពខ្មៅគគ្រេច ស្រាតននោលគោក ភ្នែកលៀនធំៗ ខ្លួនរបស់គាត់សឹងតែប៉ុនយក្សក្នុងរឿងទៅហើយ ទឹកភ្នែករបស់គាត់ស្រក់ចុះមួយតំណក់ៗ ប៉ុនទឹកមួយប៉ោតស្រោចលើសាន ៖
- ខ្មោច! ខ្មោចៗ ជួយផង ៗ ខ្មោច ពុកៗកុំលងខ្ញុំអី
សានហាក់បាត់អស់ភាពស្រវឹង គេរត់អស់មួយទំហឹង មិនបានមើលមុខក្រោយទៅមុខនឹងដើមត្នោតមុខផ្ទះរបស់គេសន្លប់ឈឹងតែម្ដង ។ លុះព្រឹកឡើង គេភ្ញាក់ដឹងខ្លួនឡើង ភ័យស្រែកថាខ្មោចៗ ទើបអ្នកជិតខាងសួរទៅគេ ថាមានរឿងអ្វីកើតឡើង ទើបគេរៀបរាប់តាមសភាពការណ៍កាលពីយប់ ។ ទើបលោកអ៊ំសុន ដែលជាព្រឹទ្ធាចារ្យម្នាក់ក្នុងភូមិបាននិយាយប្រាប់សានថា ៖
- ក្មួយសាន ! អ្វីដែលក្មួយបានឃើញយប់មិញនេះមិនមែនជាខ្មោចទេ តែគេហៅថាប្រែត
ឪពុកម្ដាយក្មួយកាលនៅរស់បានសាងបាបកម្មជាច្រើន ដើម្បីតែរកចិញ្ចឹមជីវិត និងចិញ្ចឹមក្មួយៗហ្នឹង ហេតុនេះហើយទើបមានបាប ធ្លាក់ទៅឋាននរក ក្នុងភពប្រែត គ្មានអ្វីបរិភោគទេ មានតែភក់ជ្រាំ ខ្ទុះឈាម និងលាមកប៉ុណ្ណោះ ។ ហេតុនេះហើយ ចូរក្មួយនាំបងប្អូនធ្វើបាយសម្លយកទៅវត្តដើម្បីអោយព្រះសង្ឃបង្សុកូលឧទ្ទិសកុសល ជូនលោកទាំងពីរ ដើម្បីរួចបាប អាចទៅចាប់កំណើតបាន ។ តែបើក្មួយបួសវិញ គឺរិតតែប្រសើរ ព្រោះសទ្ធាជ្រះថ្លា អានិសង្ស ដែលកើតពីការបំបួសនេះ ជាប្រទីបដ៏ថ្លៃថ្លា អាចចំលងគាត់អោយចាកផុតពីសេចក្ដីទុក្ខលំបាកវេទនាបាន ។ ក្រោយពីសានបានស្ដាប់សម្ដីរបស់អ៊ុំសុនហើយ គាត់ក៏ភ្ញាក់ខ្លួន ស្រក់ទឹកភ្នែកអានិតឪពុកម្ដាយដែលកាលនៅរស់ ខំលួចមាន់អ្នកស្រុកមកអោយកូនហូប ហើយកុហកកូនថាមាន់ព្រៃ ដោយហេតុតែចង់អោយកូនបានឆ្ងាញ់ ។ លុះព្រឹកឡើងសាន និងប្រពន្ធ ព្រមទាំងពៅ និងគ្រួសារ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃរាប់បាត ឧទ្ទិសកុសល ជូនលោកតាយាន យាយប៉ាន តាមប្រពៃណីទំនៀមទំលាប់សាសនា ដើម្បីបញ្ជូនកុសលផលបុណ្យ អោយលោកទាំងពីរបានរួចចាកទុក្ខទោស បានចាប់កំណើតក្នុងភពដ៏ល្អនាអនាគតជាតិ ។ តាំងពីពេលនោះសាន ក៏លែងបានឃើញប្រែតឪពុកខ្លួនទៀតដែរ ។
ក្រោយពីនិទានរឿងនេះចប់ ជីតារបស់ខ្ញុំបានប្រាប់ថា ៖
កាលដែលឪពុកម្ដាយលះបង់គ្រប់យ៉ាងក្នុងជីវិតផ្លូវលោកនេះ ដើម្បីតែចិញ្ចឹមបីកូនប្រុសស្រី កូនទាំងអស់បានល្អ បានសប្បាយបានឆ្ងាញ់បានឆ្អែតគ្រប់យ៉ាង តែលោកទេ នៅពេលដែលអនិច្ចកម្មទៅ នឹងធ្លាក់ចុះទៅឋានអវចីយ៍ មានពួកប្រែតជាដើម ដូចនេះ ដើម្បីជួយលោក មានតែយើងរាល់គ្នាគួរព្យាយាមធ្វើអំពើល្អ សាងកុសលផលបុណ្យអោយបានច្រើន ដើម្បីជួយបញ្ជូនកុសលនេះ ជូនបុព្វការីជនមានមាតាបិតា និងញាតិការទាំង៧សណ្ដាន ដែលលោកបានចែកឋានទៅ អោយបានរួចទុក្ខទោសពីភពទាំងនេះ ។ ស្ដាប់រឿងនេះហើយខ្ញុំ មានអារម្មណ៍ក្ដុក្ដួលយ៉ាងខ្លាំង ហើយខ្ញុំនឹងប្ដេជ្ញាចិត្តថានឹងសាងអំពើល្អរហូតទៅ ។
0 មតិយោបល់:
Post a Comment