រឿងនេះជារឿងពិត ដែលបានកើតឡើងប្រមាណជាជាងដប់ឆ្នាំមកហើយ ។ កាលនោះខ្ញុំនៅរៀនថ្នាក់ទី ៦ “ ខ” នៃអនុវិទ្យាល័យហ៊ុន សែនត្បែងមានជ័យ ។ ប៉ារបស់ខ្ញុំជាជាងសំណង់ ថ្ងៃនេះគាត់រកលុយបានប្រហែលជា ១០០០ដុល្លារអាមេរិក ។ គាត់ពិភាក្សាជាមួយម្ដាយរបស់ខ្ញុំ គិតថានឹងទិញម៉ូតូមួយ ដើម្បីងាយស្រួលឌុបឥវ៉ាន់ទៅលក់ និងឌុបម៉ែទៅផ្សារ ។ ម្ដាយរបស់ខ្ញុំជាអ្នកលក់នំចេកចៀននៅសាលារៀន ។ គិតគ្នាហើយ ប៉ារបស់ខ្ញុំបានសម្រេចទិញម៉ូតូម៉ាក សង់ការ៉េមួយគ្រឿង ពីឈ្មោះប្រុស ដែលរស់នៅភូមិទឹកធ្លាក់ ។ ក្រោយពីបានទិញបានប្រហែលជាមួយខែ ខ្ញុំបានឌុបម្ដាយរបស់ខ្ញុំទៅលេងយាយរបស់ខ្ញុំនៅភូមិប្រយុទ្ធ ប៉ុន្ដែវារាងលា្ងចណាស់ទៅហើយ ។ ជិះម៉ូតូមកដល់ចំណុចផ្លូវបត់ចូលតារាងយន្ដហោះ( អាកាសយាន្ដដ្ឋានត្បែងមានជ័យ) ស្រាប់តែខ្ញុំឃើញមនុស្សអ៊ូអរនៅតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូដើម្បីចូលសាកសួរព័ត៌មានពីអ្នកភូមិ ៖
- អត់ទោសបង ! សូមសួរបន្ដិច តើមានរឿងអីទៅបានជាមានមនុស្សច្រើនម្ល៉េះ ?
- អូ ! គឺមានមនុស្សត្រូវគេសំលាប់ ហើយបោះចោលនៅក្នុងព្រៃអែបមាត់ផ្លូវនេះណា
- នរណាស្លាប់បង ! (ខ្ញុំសួរបញ្ជាក់)
- គឺអាប្រុស !
- ពូប្រុសដែលនៅទឹកធ្លាក់ហ្នឹងមែន ?
- ហ្នឹងហើយ
- ចប់បាត់ (ខ្ញុំមានអារម្មណ៍ស្លុតចិត្តអានិតគាត់ ព្រោះទើបតែទិញម៉ូតូពីគាត់ថ្មីៗ )
- ចុះបងមានដឹងរឿងរ៉ាវដែលគាត់ស្លាប់នេះទេ ?
- បងមិនដឹងច្បាស់ប៉ុន្មាននោះទេ តែឮគេប្រាប់តគ្នាដែរ ថាកាលពីជាកន្លះខែមុន អាប្រុសនេះបានទៅស៊ីការគេនៅខេត្ត ហើយស្រវឹង ក៏មានទំនាស់សំដីនឹងគេ លុះត្រលប់មកវិញក៏ឮថាមានម៉ូតូគេដេញតាម ហើយឮសំលេងមាត់ប្រកែកគ្នាមួយស្របក់ ក៏ស្ងាត់ទៅ ហើយក៏គ្មាននរណាចាប់អារម្មណ៍ដែរ ទើបតែថ្ងៃនេះទេ គឺមានឆ្កែរបស់អ្នកភូមិវាធំក្លិន វាខាំពាំបានប្រអប់ដៃ តែនៅតែគ្មាននរណាចាប់អារម្មណ៍ទៀត ស្រាប់តែល្ងាចមិញនេះ ឆ្កែនេះវាពាំបានធ្មេញមួយ ទើបម្នាក់ៗផ្អើលឈូរឆរ ព្រោះគេស្គាល់ថាជាធ្មេញរបស់អាប្រុស ព្រោះនរណាៗក៏ដឹងដែរថា ធ្មេញរបស់វាធំណាស់ គេហៅថា “អាធ្មេញចប” ហើយពេលនេះសាកសពវាស្អុយរលួយមើលមុខមិនយល់នោះទេ ។
- ចឹងបងអរគុណហើយ ! មេឃងងឹតហើយខ្ញុំសុំលាទៅហើយ
- មិនអីទេ
ខ្ញុំជិះបណ្ដើរគិតបណ្ដើរ ថា ចុះបើមានមនុស្សស្លាប់នៅតាមផ្លូវបែបហ្នឹង បើមិនរកព្រះសង្ឃសូត្រមន្ដនោះទេ ប្រកដជាមានជើងកបមិនខាន ។
រំលងបានជាមួយខែ រឿងរ៉ាវដ៏គួរអោយរន្ធត់មួយបានកើតឡើង នៅលើផ្លូវដែលពូប្រុសស្លាប់នោះ គឺមានឡានដឹកបន្លែមួយគ្រោះ ទម្ងន់២តោន បើកបរពីខេត្តកំពង់ធំមកព្រះវិហារ មានមនុស្សជិះជាងដប់នាក់ ក្នុងពេលនេះដែលគេឃើញឡានមួយគ្រឿងនោះបើកយ៉ាងលឿន ស្រាប់តែមកដល់ចំណុចនេះ ឡានបានបែកកង់មុខខាងស្ដាំ ភ្លាមនោះឡានដឹកបន្លែនោះ ត្រូវក្រលាប់ទៅម្ខាងផ្លូវ ឯមនុស្សជិះក្នុងនោះបានប៉ើងមកក្រៅដូចគេជះចោលអញ្ចឹង តៃកុងឡាន គាប់នឹងទ្វារឡានស្លាប់ ស្រ្ដីម្នាក់អង្គុយនៅក្នុងកាប៊ីនឡានគាបក្បាលនៅក្រោមកង់ឡាន បែកក្បាលចេញខួរស្លាប់ ឯអ្នកដទៃទៀតគាប់នឹងទ្រុងឡាន ស្លាប់នឹងរបួសជាច្រើន ។ សោកនាដកម្មដ៏រន្ធត់នេះ គួរអោយសង្វេគណាស់ ឈាមក្រហមឆ្អៅហូរប្រលាក់ពេញផ្លូវ និងបន្លែ ។ ក្រោយហេតុការណ៍នោះបានប្រហែលជា ៧ថ្ងៃ ក្នុងពេលយប់ គេឮសំលេងមនុស្សប្រុសស្រីជាច្រើនយំទ្រហឹងពេញផ្លូវ អមដោយសំលេងឆ្កែលូលាន់ពេញត្រចៀក ស្ដាប់ទៅគួរអោយព្រឺព្រួច គួរអោយខ្លាចណាស់ ។
ចាប់តាំងពីមានរឿងរ៉ាវដ៏រន្ធត់នោះបានកើតមក មានអ្នកជិះម៉ូតូដួល ឡានបុកគ្នា ម៉ូតូបុកគ្នារាល់ថ្ងៃនៅចំណុចនោះ ។ មិនយូរប៉ុន្មានខ្ញុំបានរើសផ្ទះទៅនៅម្ដុំនោះ ហើយខ្ញុំក៏ជួបរឿងរ៉ាវប្លែកៗ ជាច្រើន ។ នាយប់មួយដែលគួរអោយរន្ធត់តក់ស្លុតទៀតនោះ គឺ មានប្ដីប្រពន្ធ និងកូន២នាក់ឌុបគ្នា ដើម្បីមកដើរលេងនៅទីរួមខេត្ត ដោយកូនបងដាក់ពីមុខឪពុកជាអ្នកឌុប ឯកូនស្រីពៅដាក់ជាមុខម្ដាយ ហើយម្ដាយនោះមានកូនក្នុងផ្ទះ៥ខែទៅហើយ ។ ពួកគាត់ជិះម៉ូតូម៉ាកសង់ការេចាស់ មកដល់ចំណុចនោះ ស្រាប់តែមានប្រុសម្នាក់ម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ថ្មីមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នាមកពីទីរួមខេត្តវិញ ដោយអាការៈស្រវឹងជោគជាំ បានបើកមកបុកប្ដីប្រពន្ធនោះយ៉ាងកំរោល បណ្ដាលឲ្យគាត់បាក់ជើងម្ខាង ប្ដីរបស់គាត់បែកភ្នែក តែសំណាងល្អកូនក្នុងផ្ទៃ និងកូនៗ មិនមានរបួសអីធ្ងន់ធ្ងរទេ ចំណែកឯខាងម៉ូតូបង្កហេតុ បានដួលនៅចាំពីមុខផ្ទះរបស់ខ្ញុំតែម្ដង ហើយអ្នកបើកម៉ូតូបានស្លាប់ផ្កាប់មុខភ្លាមៗ នេះជារឿងគួរឲ្យរន្ធត់ ដែលខ្ញុំឃើញមនុស្សស្លាប់មុខផ្ទះរបស់ខ្លួនឯង ។ ពេលខ្ញុំលើកគាត់ឡើង ឈាមហូរចេញពីមាត់មកដក់ពេញផ្លូវ ខ្ញុំញញើតនឹងជីវិតណាស់ ។ ក្រោយពីមានហេតុការណ៍កើតហើយ ឪពុកម្ដាយប្រុសដែលស្លាប់នោះ បានធ្វើបុណ្យ និងនិមន្ដលោកបង្សុកូលឧទ្ទិសកុសលអោយគេ ចាប់តាំងពីថ្ងៃនោះមក ទីនោះក៏លែងមានហេតុការណ៍អាក្រក់ៗបែបនេះទៀតដែរ ។
0 មតិយោបល់:
Post a Comment