សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Monday, August 8, 2016

រឿង ផ្លូវជើងកប






រឿងនេះជារឿងពិត ដែលបានកើតឡើងប្រមាណជាជាងដប់ឆ្នាំមកហើយ ។ កាលនោះខ្ញុំនៅរៀនថ្នាក់ទី ៦ “ ខ” នៃអនុវិទ្យាល័យហ៊ុន សែនត្បែងមានជ័យ ។ ប៉ារបស់ខ្ញុំជាជាងសំណង់ ថ្ងៃនេះគាត់រកលុយបានប្រហែលជា ១០០០ដុល្លារអាមេរិក ។ គាត់ពិភាក្សាជាមួយម្ដាយរបស់ខ្ញុំ គិតថានឹងទិញម៉ូតូមួយ ដើម្បីងាយស្រួលឌុបឥវ៉ាន់ទៅលក់ និងឌុបម៉ែទៅផ្សារ ។ ម្ដាយរបស់ខ្ញុំជាអ្នកលក់នំចេកចៀននៅសាលារៀន ។ គិតគ្នាហើយ ប៉ារបស់ខ្ញុំបានសម្រេចទិញម៉ូតូម៉ាក សង់ការ៉េមួយគ្រឿង ពីឈ្មោះប្រុស ដែលរស់នៅភូមិទឹកធ្លាក់ ។ ក្រោយពីបានទិញបានប្រហែលជាមួយខែ ខ្ញុំបានឌុបម្ដាយរបស់ខ្ញុំទៅលេងយាយរបស់ខ្ញុំនៅភូមិប្រយុទ្ធ ប៉ុន្ដែវារាងលា្ងចណាស់ទៅហើយ ។ ជិះម៉ូតូមកដល់ចំណុចផ្លូវបត់ចូលតារាងយន្ដហោះ( អាកាសយាន្ដដ្ឋានត្បែងមានជ័យ) ស្រាប់តែខ្ញុំឃើញមនុស្សអ៊ូអរនៅតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូដើម្បីចូលសាកសួរព័ត៌មានពីអ្នកភូមិ ៖
-       អត់ទោសបង ! សូមសួរបន្ដិច តើមានរឿងអីទៅបានជាមានមនុស្សច្រើនម្ល៉េះ ?
-       អូ ! គឺមានមនុស្សត្រូវគេសំលាប់ ហើយបោះចោលនៅក្នុងព្រៃអែបមាត់ផ្លូវនេះណា
-       នរណាស្លាប់បង ! (ខ្ញុំសួរបញ្ជាក់)
-       គឺអាប្រុស !
-       ពូប្រុសដែលនៅទឹកធ្លាក់ហ្នឹងមែន ?
-       ហ្នឹងហើយ
-       ចប់បាត់ (ខ្ញុំមានអារម្មណ៍ស្លុតចិត្តអានិតគាត់ ព្រោះទើបតែទិញម៉ូតូពីគាត់ថ្មីៗ )
-       ចុះបងមានដឹងរឿងរ៉ាវដែលគាត់ស្លាប់នេះទេ ?
-       បងមិនដឹងច្បាស់ប៉ុន្មាននោះទេ តែឮគេប្រាប់តគ្នាដែរ ថាកាលពីជាកន្លះខែមុន អាប្រុសនេះបានទៅស៊ីការគេនៅខេត្ត ហើយស្រវឹង ក៏មានទំនាស់សំដីនឹងគេ លុះត្រលប់មកវិញក៏ឮថាមានម៉ូតូគេដេញតាម ហើយឮសំលេងមាត់ប្រកែកគ្នាមួយស្របក់ ក៏ស្ងាត់ទៅ ហើយក៏គ្មាននរណាចាប់អារម្មណ៍ដែរ ទើបតែថ្ងៃនេះទេ គឺមានឆ្កែរបស់អ្នកភូមិវាធំក្លិន វាខាំពាំបានប្រអប់ដៃ តែនៅតែគ្មាននរណាចាប់អារម្មណ៍ទៀត ស្រាប់តែល្ងាចមិញនេះ ឆ្កែនេះវាពាំបានធ្មេញមួយ ទើបម្នាក់ៗផ្អើលឈូរឆរ ព្រោះគេស្គាល់ថាជាធ្មេញរបស់អាប្រុស ព្រោះនរណាៗក៏ដឹងដែរថា ធ្មេញរបស់វាធំណាស់ គេហៅថា “អាធ្មេញចប” ហើយពេលនេះសាកសពវាស្អុយរលួយមើលមុខមិនយល់នោះទេ ។
-       ចឹងបងអរគុណហើយ ! មេឃងងឹតហើយខ្ញុំសុំលាទៅហើយ
-       មិនអីទេ
ខ្ញុំជិះបណ្ដើរគិតបណ្ដើរ ថា ចុះបើមានមនុស្សស្លាប់នៅតាមផ្លូវបែបហ្នឹង បើមិនរកព្រះសង្ឃសូត្រមន្ដនោះទេ ប្រកដជាមានជើងកបមិនខាន ។
រំលងបានជាមួយខែ រឿងរ៉ាវដ៏គួរអោយរន្ធត់មួយបានកើតឡើង នៅលើផ្លូវដែលពូប្រុសស្លាប់នោះ គឺមានឡានដឹកបន្លែមួយគ្រោះ ទម្ងន់២តោន បើកបរពីខេត្តកំពង់ធំមកព្រះវិហារ មានមនុស្សជិះជាងដប់នាក់ ក្នុងពេលនេះដែលគេឃើញឡានមួយគ្រឿងនោះបើកយ៉ាងលឿន ស្រាប់តែមកដល់ចំណុចនេះ ឡានបានបែកកង់មុខខាងស្ដាំ ភ្លាមនោះឡានដឹកបន្លែនោះ ត្រូវក្រលាប់ទៅម្ខាងផ្លូវ ឯមនុស្សជិះក្នុងនោះបានប៉ើងមកក្រៅដូចគេជះចោលអញ្ចឹង តៃកុងឡាន គាប់នឹងទ្វារឡានស្លាប់ ស្រ្ដីម្នាក់អង្គុយនៅក្នុងកាប៊ីនឡានគាបក្បាលនៅក្រោមកង់ឡាន បែកក្បាលចេញខួរស្លាប់ ឯអ្នកដទៃទៀតគាប់នឹងទ្រុងឡាន ស្លាប់នឹងរបួសជាច្រើន ។ សោកនាដកម្មដ៏រន្ធត់នេះ គួរអោយសង្វេគណាស់ ឈាមក្រហមឆ្អៅហូរប្រលាក់ពេញផ្លូវ និងបន្លែ ។ ក្រោយហេតុការណ៍នោះបានប្រហែលជា ៧ថ្ងៃ ក្នុងពេលយប់ គេឮសំលេងមនុស្សប្រុសស្រីជាច្រើនយំទ្រហឹងពេញផ្លូវ អមដោយសំលេងឆ្កែលូលាន់ពេញត្រចៀក ស្ដាប់ទៅគួរអោយព្រឺព្រួច គួរអោយខ្លាចណាស់ ។
ចាប់តាំងពីមានរឿងរ៉ាវដ៏រន្ធត់នោះបានកើតមក មានអ្នកជិះម៉ូតូដួល ឡានបុកគ្នា ម៉ូតូបុកគ្នារាល់ថ្ងៃនៅចំណុចនោះ ។ មិនយូរប៉ុន្មានខ្ញុំបានរើសផ្ទះទៅនៅម្ដុំនោះ ហើយខ្ញុំក៏ជួបរឿងរ៉ាវប្លែកៗ ជាច្រើន ។ នាយប់មួយដែលគួរអោយរន្ធត់តក់ស្លុតទៀតនោះ គឺ មានប្ដីប្រពន្ធ និងកូន២នាក់ឌុបគ្នា ដើម្បីមកដើរលេងនៅទីរួមខេត្ត ដោយកូនបងដាក់ពីមុខឪពុកជាអ្នកឌុប ឯកូនស្រីពៅដាក់ជាមុខម្ដាយ ហើយម្ដាយនោះមានកូនក្នុងផ្ទះ៥ខែទៅហើយ  ។ ពួកគាត់ជិះម៉ូតូម៉ាកសង់ការេចាស់ មកដល់ចំណុចនោះ ស្រាប់តែមានប្រុសម្នាក់ម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ថ្មីមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នាមកពីទីរួមខេត្តវិញ ដោយអាការៈស្រវឹងជោគជាំ បានបើកមកបុកប្ដីប្រពន្ធនោះយ៉ាងកំរោល បណ្ដាលឲ្យគាត់បាក់ជើងម្ខាង ប្ដីរបស់គាត់បែកភ្នែក តែសំណាងល្អកូនក្នុងផ្ទៃ និងកូនៗ មិនមានរបួសអីធ្ងន់ធ្ងរទេ  ចំណែកឯខាងម៉ូតូបង្កហេតុ បានដួលនៅចាំពីមុខផ្ទះរបស់ខ្ញុំតែម្ដង ហើយអ្នកបើកម៉ូតូបានស្លាប់ផ្កាប់មុខភ្លាមៗ នេះជារឿងគួរឲ្យរន្ធត់ ដែលខ្ញុំឃើញមនុស្សស្លាប់មុខផ្ទះរបស់ខ្លួនឯង ។ ពេលខ្ញុំលើកគាត់ឡើង ឈាមហូរចេញពីមាត់មកដក់ពេញផ្លូវ ខ្ញុំញញើតនឹងជីវិតណាស់ ។ ក្រោយពីមានហេតុការណ៍កើតហើយ ឪពុកម្ដាយប្រុសដែលស្លាប់នោះ បានធ្វើបុណ្យ និងនិមន្ដលោកបង្សុកូលឧទ្ទិសកុសលអោយគេ ចាប់តាំងពីថ្ងៃនោះមក ទីនោះក៏លែងមានហេតុការណ៍អាក្រក់ៗបែបនេះទៀតដែរ ។

រឿង ព្រាយដើមស្វាយ






រឿងនេះទើបតែកន្លងផុតមិនបានប្រាំឆ្នាំនោះទេ ។ រឿងនេះបានកើតឡើងចំពោះមីងរបស់ខ្ញុំផ្ទាល់ គាត់ឈ្មោះមីងអាង ។ កាលណោះយាយរបស់ខ្ញុំបានទិញដីមួយកន្លែងនៅក្នុងភូមិហ្មសែត(ហៅភូមិប្រយុទ្ធ) ហើយគាត់បានសាងសង់ផ្ទះតូចមួយខ្នងសម្រាប់គាត់ និងជីតារបស់ខ្ញុំ តែមីងរបស់ខ្ញុំគាត់មកស្នាក់នៅជាមួយ ។ យាយរបស់ខ្ញុំគាត់ប្រកបរបរជាគ្រូចូលរូប ស្ដោះដោះអំពើ ទស្សន៍ទាយ ស្រោចទឹករំដោះគ្រោះជាដើម ។ នៅកាលនោះនៅម្ដុំផ្ទះរបស់យាយខ្ញុំពុំទាន់មានផ្ទះច្រើននោះទេ ហើយគឺមិនទាន់ធ្វើបង្គន់ត្រឹមត្រូវអីនោះដែរ ។ កាលណាដែលឈឺពោះបត់ជើងធំ គឺត្រូវដើរទៅដីមុខផ្ទះតែរហូត ។ ដីមុខផ្ទះនោះ គឺជាដីរបស់យាយស្រៀង(ឥលូវគាត់ស្លាប់បាត់ហើយ) ហើយនៅក្នុងដីឡូត៍នោះមានដើមស្វាយមួយដើមយ៉ាងធំ ផ្លែច្រើនណាស់ រាល់ឆ្នាំមិនដែលដាច់នោះទេ ។ ប៉ុន្ដែរឿងដែលគួរអោយចាប់អារម្មណ៍នោះ គឺគេល្បីថាដីហ្នឹងមានខ្មោចព្រាយនៅថែមទៀតផង ឯខ្ញុំវិញជាមនុស្សដែលមិនខ្លាចខ្មោចសោះតែម្ដងហើយ តែគ្រាន់តែមិនដឹងថាខ្មោចរូបរាងយ៉ាងដូចម្ដេចផងហ្នឹង ?
          ថ្ងៃនេះអាកាសធាតុហាក់ដូចជាមិនអំណោយផលសោះ ខ្យល់បក់ពីទិសខាងលិចយ៉ាងខ្លាំង ហើយផ្គរក៏ក្រហឹមលាន់ឡើង
 ឮពេញផ្ទៃមេឃ ហើយមួយសន្ទុះក្រោយមកព្រះភិរុណក៏បង្អុរទឹកភ្លៀងយ៉ាងចាស់ដៃតែម្ដង ។ ឆ្លៀតក្នុងពេលផ្ទៃមេឃកំពុងវឹកវរនោះ សុភី ជាក្មេងស្រីតូចម្នាក់នៅក្បែរនោះបានដើរឆ្លងផ្លូវទៅព្រៃដើមស្វាយនោះ ដើម្បីរើសផ្លែស្វាយជ្រុះ ។ នាងដើរទៅតែម្នាក់ឯងទេ ត្រេកអរណាស់ព្រោះឃើញផ្លែស្វាយជ្រុះយ៉ាងច្រើន ប៉ុន្ដែដែលគួរអោយចម្លែកនោះគឺផ្លែស្វាយនោះទោះបីជាទុំយ៉ាងណាក៏ដោយ តែរសជាតិនៅតែជូរដូចផ្លែខ្ចីអញ្ចឹង ។ សុភីដើររើសស្វាយបណ្ដើរ ច្រៀងលេងបណ្ដើរ ស្រាប់តែ៖
-       អូយ ! ម៉ែអើយជួយកូនផង
ឮតែប៉ុណ្ណេះស្រាប់តែស្ងាត់សំលេងសុភីឈឹងតែម្ដង មួយស្របក់ក្រោយមកខ្ញុំឃើញ មានមនុស្សចាស់ប្រហែលបួននាក់ រត់ទៅរកសុភី ហើយត្រលប់មកវិញដោយសេចក្ដីសោកសៅបំផុត គេគ្រប់គ្នាយំអង្រួនរាងកាយសុភី ដែលបាត់មាត់បាត់ក បបូរមាត់នាងឡើងស្លេកដូចគ្មានឈាមអញ្ចឹង ចំណែកឯសក់ក្បាលរបស់នាងវិញបះច្រងាងដូចគេអ៊ុតត្រង់អញ្ចឹង ។ ពួកគេរិតទ្រូងនាងផង កោសខ្យល់នាងផង ច្របាច់ដៃជើងនាងផង ឯម្ដាយនាងយំទឹកភ្នែកជោគថ្ពាល់ព្រួយបារម្ភពីកូន ។ ដោយអំណាចនៃទឹកដោះម្ដាយថ្លៃសុភីបានដឹងខ្លួនវិញ តែនាងនិយាយអត់រួចទេ ឃើញតែមាត់ហាហបៗដូចត្រីក្នុងទឹកអញ្ចឹង ។ ពូសុខគាត់បាននិយាយ៖
-       បានហើយម៉ែវា កូនដឹងខ្លួនហើយ កុំអាលអោយកូននិយាយអី ! អោយកូនសំរាកសិនទៅ ចាំស្អែកចាំនាំទៅរកយាយអោយស្ដោះអោយ
-       ចាស ! ពុកវា ភីកូន កូនដេកទៅណា កុំអាលនិយាយអី ម៉ែនៅជិតកូនទេ ។
លុះព្រឹកឡើង មីងនាងបាននាំសុភី មករកយាយរបស់ខ្ញុំ ដើម្បីអោយគាត់ជួយស្រោចទឹក ហៅព្រលឹងកូនរបស់គាត់មកវិញ ។ យាយគាត់បាននិយាយថា ៖
-       កូនហ្នឹងប្រហែលត្រូវព្រាយលងហើយ មើលទៅ សង្ស័យមីមួយដែលយាយដេញពីដើមអំពិលទេមើលទៅ មិនអីទេ ចាំយាយទៅមើលអោយ ។
ក្រោយពីស្រោចទឹករួច យាយគាត់បានអង្គុយតាំងសម្មាធិមួយស្របក់ រួចគាត់និយាយថា៖
-       អើ ! យាយបានសួរវាហើយ គឺពិតជាមីព្រាយមួយដែលយាយដេញពីដើមអំពិលមែន តែវាបានប្រាប់ថាវាមិនបានលងនោះទេ ថ្វីត្បិតតែវានៅដើមស្វាយហ្នឹងមែន តែថានាងតូចនេះសន្លប់ដោយសារតែឃើញអ្វីផ្សេងទេ តែយាយដូចជាមិនជឿសម្ដីវាទេ តែយាយបានផ្ដាំវាហើយថា បើនៅតែលងធ្វើបាបអ្នកភូមិនេះទៀត យាយនឹងមិនអោយវារស់ស្រួលនោះទេ ចៅកុំភ័យអី ! បានហើយនាំគ្នាត្រលប់ទៅផ្ទះវិញទៅ ហើយកុំទៅលេង ឬទៅរើសស្វាយនៅកន្លែងហ្នឹងទៀត ។
បានប្រហែលជាពីរអាទិត្យក្រោយមក នៅយប់មួយម៉ោងប្រហែលជា៨ មីងរបស់ខ្ញុំឈឺពោះបត់ជើង គាត់មិនបានដឹងរឿងនេះនោះទេ គាត់កំពុងតែរៀបចំបត់ជើងហើយ ស្រាប់តែឮសំលេង       សើចលាន់ខ្ទរព្រៃតែម្ដង ៖
-       ហាសៗ ហា ហាស
-       នរណាគេ ៗ (គាត់ស្រែកតបយ៉ាងខ្លាំង ដើម្បីបន្លប់ភាពភ័យ ) ពេលនោះស្រាប់តែមានខ្យល់ធ្លាក់មកយ៉ាងខ្លាំង ធ្វើអោយគាត់ភ័យញាប់ញ័រ ។
រំពេចនោះស្រាប់តែលេចចេញរូបស្រីម្នាក់សំបុរខ្មៅ ភ្នែកក្រហម ធំៗ សក់វែងកន្រ្ដើងដូចមិនបានសិតរាប់ខែចឹង មិនយូរប៉ុន្មានក្បាលរបស់ស្រីម្នាក់នោះស្រាប់តែធំទៅៗ មីងរបស់ខ្ញុំស្លុតចិត្ត បបូរមាត់គាត់ឡើងពណ៌ស្វាយ ខ្លួនញ័រដូចគ្រុនញាក់  ឯសក់វិញបះក្រញ៉ាង មុខស្លេកដូចត្រីស្ងោរ​ គាត់ដួលសន្លប់ដោយមិនដឹងខ្លួន ។
ប្រហែលជាដប់នាទីក្រោយមក ប្ដីរបស់គាត់(ប្ដីមីងរបស់ខ្ញុំ)មិនឃើញគាត់ត្រលប់មកវិញ ក៏កើតក្ដីបារម្ភ ក៏ដើរទៅតាមស្រាប់តែឃើញមីងរបស់ខ្ញុំសន្លប់នៅនឹងក្រោមដើមស្វាយ គាត់ស្ទុះទៅបីត្រកងយកមីងរបស់ខ្ញុំត្រលប់មកផ្ទះវិញ ។ មួយសន្ទុះក្រោយមកមីងរបស់ខ្ញុំក៏ ដឹងខ្លួនវិញ ។ គាត់បាននិយាយរឿងរ៉ាវទាំងអស់អោយអ្នកផ្ទះស្ដាប់ ។ យាយរបស់ខ្ញុំខឹងណាស់ គាត់បានប្រាប់ថា ៖
-       ថ្ងៃស្អែក ពុកវានាំខ្ញុំទៅកាប់មីចោរម្រាយនឹងចោលម្ដង
លុះព្រឹកឡើងយាយរបស់ខ្ញុំ ដើរទៅជាមួយតារបស់ខ្ញុំ ។ យាយរបស់ខ្ញុំស្ពាយថង់យាមពណ៌សមួយ ហើយតារបស់ខ្ញុំកាន់ពូថៅមួយទៅ ។ ពេលទៅដល់ដើមស្វាយនោះ យាយរបស់ខ្ញុំ គាត់ជេរព្រាយនោះតែម្ដង ។
-       មីចោរម្រាយ ! ហងឯងមិនលងនរណា មកលងកូនអញ ទុកង៉ែងមិនបានទេពេលនេះ
-       អើ! អាណាប្រើវាអោយមករំខានអញធ្វើអី (ព្រាយនោះតប)
-       យើស! មីនេះបានសំដីណាស់ណ៎ ! តាខ្ញុំគាត់បន្ទរ ម៉ែវាកាប់វាចោលទៅ
-       ហងឯង ! ចេញពីទីនេះ ឥលូវនេះអោយឆាប់ បើចង់សុខខ្លួន បើមិនចឹងទេកុំថាអញមិនបានប្រាប់ (យាយរបស់ខ្ញុំនិយាយបន្ដើរ ហូតអំបោះសពីក្នុងថង់យាមបន្ដើរ ) ហងចេញ​ឬមិនចេញ
-       អញមិនចេញ ! ធ្វើអ្វីអញមិនបានទេ ហាហាសហា
យាយរបស់ខ្ញុំលើកអំបោះសឡើង គាត់សូត្របាលីគាថា មន្ដអាគម រួចហុចវាអោយតារបស់ខ្ញុំ
-       ពុកវា ! ឯងយកទៅព័ទ្ធជុំវិញដើមស្វាយហ្នឹង (ថារួចជីតារបស់ខ្ញុំបានដើរទៅចងដើមស្វាយ)
-       មីមួយនេះទុកវាមិនបានទេ ! ( ថារួចគាត់សូត្រមន្ដអាគមបន្ថែម )
-       ក្ដៅណាស់ ! អូយក្ដៅណាស់ ! អញមិនសុខចិត្តទេ
-       ងាប់អោយស្រឡះទៅ ! តារបស់ខ្ញុំនិយាយហើយកាប់ដើមស្វាយនោះមួយពូថៅ ហូរឈាមចេញពីដើមស្វាយស្រស់ៗ នឹងភ្នែក គាត់កាប់ហើយកាប់ទៀត រហូតដល់ព្រាយនោះបាត់មាត់ឈឹង ហើយស្រាប់តែវាព្រោះរំអិលមកលើក្បាលរបស់គាត់ពេញ ។
គាត់ត្រលប់មកផ្ទះវិញ គាត់ដាំទឹកក្ដៅដើម្បីលាងរំអិលនោះចេញ តែទោះជាយ៉ាងណាក៏លាងមិនជ្រះ ទើបគាត់សំរេចចិត្តកោរសក់ក្បាលរបស់គាត់ ហើយសក់គាត់ក៏លែងដុះចាប់តាំងពីពេលនោះមក ។ ហើយចាប់ពីនោះមក ក៏លែងមានព្រាយរំខានអ្នកភូមិទៀតដែរ ។



ចប់

Thursday, August 4, 2016

រឿង ប្រែត





ក្នុងជំនឿនៃពុទ្ធសាសនិកជន តែងតែនាំគ្នានិយាយអំពីរឿងប្រែត ដែលកើតមកពីដូនតារបស់យើងឬក៏ជនទាំងឡាយណាដែលបានចែកឋានទៅហើយ ធ្លាក់ក្នុងនរកអវចីយ៍ ដោយសារតែពួកគាត់បានសាងបាបកម្មនាឋានមនុស្សលោកច្រើនពេក ។ ជីតារបស់ខ្ញុំ គឺជាអាចារ្យមួយរូបដែរ ហើយរាល់ល្ងាច គាត់តែងតែនិទានរឿងព្រេងអោយខ្ញុំស្ដាប់ ។ គាត់ចេះចាំនៅរឿងព្រេងបុរាណខ្មែរច្រើនណាស់ ដូចជារឿងបក្សីចាំក្រុង រាមកេរ្ដិ៍......ជាដើម ។
          ដូចសព្វមួយដង ថ្ងៃនេះខ្ញុំបានសុំសំណូមពរអោយជីតារបស់ខ្ញុំគាត់និទានរឿង ទាក់ទងនឹងប្រែតអោយស្ដាប់ ដោយសារជិតដល់ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌហើយ ។ ដូចចិត្តមែនគាត់មិនបង្អង់យូរក៏ចាប់ផ្ដើមនិទានរឿងនេះអោយខ្ញុំស្ដាប់តែម្ដង ៖
          កាលពីសម័យពុទ្ធកាល មានគ្រួសារមួយឈ្មោះតាយាន និងយាយប៉ាន គាត់មានកូនពីរនាក់ ប្រុសម្នាក់ជាកូនបងឈ្មោះ សាន និងកូនស្រីឈ្មោះ ពៅ ។ ជីវភាពរបស់តាយាយនោះ ពិតជាលំបាកលំបិនណាស់ រកព្រឹកខ្វះល្ងាច រកបានតែមួយគែរប៉ុណ្ណោះ ។ ល្ងាចនេះកូនប្រុសបងរបស់គាត់បាននិយាយថា៖
-       ពុកៗ ! ខ្ញុំដូចជាចង់ហូបមាន់ដល់ហើយ
-       កូនអើយ ! យើងមិនមានមាន់នឹងគេផង តើអោយពុករកមាន់បានមកពីណាទៅ ? ម្យ៉ាងសូម្បីតែប្រាក់យើងក៏គ្មានដែរ កូនដឹងស្រាប់ហើយថាសព្វថ្ងៃនេះយើងរស់នៅទាំងលំបាកលំបិនណាស់ ។
កូនប្រុសលឺដូចនេះ ក៏ដកដង្ហើមធំ ហើយដើរទៅដេកបាត់ ។ តាយានអាណិតកូនណាស់ ចង់អោយកូនឆ្ងាញ់មាត់នឹងគេម្ដង តែមិនដឹងគិតយ៉ាងណាទេ  ។ លុះព្រឹកឡើង តាយាន និងប្រពន្ធ ធ្វើដំណើរទៅព្រៃដើម្បីរកបន្លៃបន្ដិចបន្ដួច គ្រាន់នឹងលក់ដើម្បីដូរយកអង្ករចិញ្ចឹមឆ្នាំងបាយ លុះដើរទៅបានបន្ដិចក៏ប្រទះមាន់អ្នកស្រុកមួយ គាត់នឹងប្រពន្ធក៏គិតគ្នា ៖
-       យាយវា ! ខ្ញុំអាណិតកូនណាស់ យើងគួរតែលួចមាន់អ្នកស្រុកនេះទៅហី
-       មែនហើយពុកវា ! អោយតែកូនបានឆ្ងាញ់ អ្វីក៏ខ្ញុំហ៊ានធ្វើដែរ
គិតស្រុះគ្នាហើយ យាយនិងតាក៏ចាប់ផ្ដើមព័ទ្ធស្ទាក់ចាប់បានមាន់នោះមកផ្ទះ ។ ថ្ងៃនេះគាត់បានម្ហូបឆ្ងាញ់ហើយ តែមិនហ៊ានហូបខ្លួនឯងទេ រង់ចាំកូនមកពីរៀនវិញ ។ នាយសានដើរមកដល់ផ្ទះវិញស្រាប់តែធុំក្លិនសាច់មាន់ ស្រក់ទឹកមាត់ច្រោក ក៏ស្ទុះទៅបើឆ្នាំងសម្ល ឃើញសម្លស្ងោរសាច់មាន់ គេក៏លាន់មាត់៖
-               ពុកម៉ែៗ ! បានមាន់មកពីណាធំម្ល៉េះ
-               គឺព្រឹកមិញនេះ ពេលពុកម៉ែដើរទៅព្រៃ គិតថានឹងបានសាច់មាន់ឯណាអោយកូនហូប ក៏ស្រាប់តែប្រទះមាន់ព្រៃចុះសរសៀរៗ ក្បែរគុម្ពោតព្រៃ ពុកម៉ែស្ទុះទៅចោលនឹងដំបងងាប់ទៅ ពុកម៉ែក៏យកមកស្លអោយកូនទៅ បានហើយកុំអាលនិយាយអី តោះកូនហូបបាយទៅ ហើយប្អូនមកផង ។
-       ចុះពុកម៉ែមិនហូបទេ ?
-       មិនអីទេ កូនហូបចុះពុកម៉ែហូបរួចហើយ
-       ចឹងកូនហូបហើយណា !
ចំណេរក្រោយមកតាយាន និងយាយប៉ាន មានជំងឺជាទំងន់ ដោយគ្មានប្រាក់សម្រាប់ព្យាបាលផង ជំងឺរបស់គាត់កាន់តែដុនដាបៗ រហូតពួកគាត់ទទួលអនិច្ចកម្មទៅ ។ កូនប្រុសស្រីរបស់គាត់បានយកសព្វរបស់គាត់ទៅបូជានៅឯវត្តក្នុងភូមិ ។
វេលាក៏កន្លងផុតទៅ ចូលមកដល់ខែភទ្របទ ជាខែដែលរាស្រ្ដខ្មែរបុ្រសស្រីកាន់ពុទ្ធសាសនា តែងនាំគ្នាយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនមាតាបិតា និងញាតិការទាំង៧សណ្ដានដែលបានចែកឋានទៅ ដើម្បីអោយពួកគាត់ទទួលបានផលបុណ្យនេះ អោយរួចពីភពអវចីយ៍ មាននរក ប្រែតជាដើម.......។ ដោយឡែកបងប្អូនរបស់សាននិងពៅ ពុំបាននាំគ្នាយកចង្ហាន់ទៅវត្តទេ តាំងពីតាយាននិងយាយប៉ាន មរណភាពទៅ ពួកគេ បានមានគ្រួសាររៀងៗខ្លួន ។ សានគេបានក្លាយទៅជាអ្នករកស៊ីបន្ដិចបន្ដួច ឯពៅបានប្ដីជាអ្នកចំការ ។ សានគេសប្បាយហ៊ឺហា មានមិត្តដើរលេងផឹកស៊ី យប់នោះដែរសានហាក់ដូចជាស្រវឹងជ្រុលបន្ដិច គេដើរត្រលប់ទៅផ្ទះរបស់គេវិញ តាមផ្លូវគេលឺសូរសំលេងស្មូត ដែលលឺចេញពីក្នុងវត្តមក សំលេងស្មូតដ៏ក្រអួនក្រអៅ លន្លង់លន្លោច ស្របជាមួយសំលេងឆ្កែលូទ្រហឹងពេញផ្លូវ  ខ្យល់ចាប់ផ្ដើមធ្លាក់ចុះត្រជាក់ស្រឹប ធ្វើអោយសានចង់រងា ។ គេបន្ដដំណើរបានប្រហែលជា៣០០ម៉ែត្រ ក៏ស្រាប់តែលឺសូរសន្ធឹកជើងដើរតាមពីក្រោយគេ គេក៏ងាកមកមើលតែមិនឃើញអ្វីទេ ។ សានដើរទៅមុខទៀត ស្រាប់តែលឺសន្ធឹកជើងដើរតាមពីក្រោយគេដដែល គេក៏ងាកមើលម្ដងទៀត តែនៅតែមិនឃើញអ្វីដដែល ។ លុះដើរផុតពីភូមិបន្ដិចសូរសំលេងយំសស្រាក់ បានបន្លឺឡើង ៖
-       កូនមាសឪពុក ពុកឃ្លានណាស់ ម្ដេចកូនមិនយកបាយទៅវត្តនឹងគេផងកូន
-       នរណាគេ ! (សានឆ្លើយតបដោយសំលេងភ័យញ័ររន្ធត់ បបូរមាត់របស់គេស្លេកស្លាំង  ភ្នែកបើកមិនរួចទេ តែដៃចង្អុលតែផ្ដេសតែផ្ដាសពេញហ្នឹង )
-       គឺពុកណាកូន ! កូនងើយមើលលើមក
សានងើយមើលលើ ឃើញរូបឪពុកខ្លួនក្នុងសភាពខ្មៅគគ្រេច ស្រាតននោលគោក ភ្នែកលៀនធំៗ ខ្លួនរបស់គាត់សឹងតែប៉ុនយក្សក្នុងរឿងទៅហើយ ទឹកភ្នែករបស់គាត់ស្រក់ចុះមួយតំណក់ៗ ប៉ុនទឹកមួយប៉ោតស្រោចលើសាន ៖
-       ខ្មោច! ខ្មោចៗ ជួយផង ៗ ខ្មោច ពុកៗ​កុំលងខ្ញុំអី
សានហាក់បាត់អស់ភាពស្រវឹង គេរត់អស់មួយទំហឹង មិនបានមើលមុខក្រោយទៅមុខនឹងដើមត្នោតមុខផ្ទះរបស់គេសន្លប់ឈឹងតែម្ដង ។ លុះព្រឹកឡើង គេភ្ញាក់ដឹងខ្លួនឡើង ភ័យស្រែកថាខ្មោចៗ ទើបអ្នកជិតខាងសួរទៅគេ ថាមានរឿងអ្វីកើតឡើង ទើបគេរៀបរាប់តាមសភាពការណ៍កាលពីយប់ ។ ទើបលោកអ៊ំសុន ដែលជាព្រឹទ្ធាចារ្យម្នាក់ក្នុងភូមិបាននិយាយប្រាប់សានថា ៖
-       ក្មួយសាន ! អ្វីដែលក្មួយបានឃើញយប់មិញនេះមិនមែនជាខ្មោចទេ តែគេហៅថាប្រែត
ឪពុកម្ដាយក្មួយកាលនៅរស់បានសាងបាបកម្មជាច្រើន ដើម្បីតែរកចិញ្ចឹមជីវិត និងចិញ្ចឹមក្មួយៗហ្នឹង ហេតុនេះហើយទើបមានបាប ធ្លាក់ទៅឋាននរក ក្នុងភពប្រែត គ្មានអ្វីបរិភោគទេ មានតែភក់ជ្រាំ ខ្ទុះឈាម និងលាមកប៉ុណ្ណោះ ។ ហេតុនេះហើយ ចូរក្មួយនាំបងប្អូនធ្វើបាយសម្លយកទៅវត្តដើម្បីអោយព្រះសង្ឃបង្សុកូលឧទ្ទិសកុសល ជូនលោកទាំងពីរ ដើម្បីរួចបាប អាចទៅចាប់កំណើតបាន ។ តែបើក្មួយបួសវិញ គឺរិតតែប្រសើរ ព្រោះសទ្ធាជ្រះថ្លា អានិសង្ស ដែលកើតពីការបំបួសនេះ ជាប្រទីបដ៏ថ្លៃថ្លា អាចចំលងគាត់អោយចាកផុតពីសេចក្ដីទុក្ខលំបាកវេទនាបាន ។ ក្រោយពីសានបានស្ដាប់សម្ដីរបស់អ៊ុំសុនហើយ គាត់ក៏ភ្ញាក់ខ្លួន ស្រក់ទឹកភ្នែកអានិតឪពុកម្ដាយដែលកាលនៅរស់ ខំលួចមាន់អ្នកស្រុកមកអោយកូនហូប ហើយកុហកកូនថាមាន់ព្រៃ ដោយហេតុតែចង់អោយកូនបានឆ្ងាញ់ ។ លុះព្រឹកឡើងសាន និងប្រពន្ធ ព្រមទាំងពៅ និងគ្រួសារ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃរាប់បាត ឧទ្ទិសកុសល ជូនលោកតាយាន យាយប៉ាន តាមប្រពៃណីទំនៀមទំលាប់សាសនា ដើម្បីបញ្ជូនកុសលផលបុណ្យ អោយលោកទាំងពីរបានរួចចាកទុក្ខទោស បានចាប់កំណើតក្នុងភពដ៏ល្អនាអនាគតជាតិ ។ តាំងពីពេលនោះសាន ក៏លែងបានឃើញប្រែតឪពុកខ្លួនទៀតដែរ ។
          ក្រោយពីនិទានរឿងនេះចប់ ជីតារបស់ខ្ញុំបានប្រាប់ថា ៖
កាលដែលឪពុកម្ដាយលះបង់គ្រប់យ៉ាងក្នុងជីវិតផ្លូវលោកនេះ ដើម្បីតែចិញ្ចឹមបីកូនប្រុសស្រី កូនទាំងអស់បានល្អ បានសប្បាយបានឆ្ងាញ់បានឆ្អែតគ្រប់យ៉ាង តែលោកទេ នៅពេលដែលអនិច្ចកម្មទៅ នឹងធ្លាក់ចុះទៅឋានអវចីយ៍ មានពួកប្រែតជាដើម ដូចនេះ ដើម្បីជួយលោក មានតែយើងរាល់គ្នាគួរព្យាយាមធ្វើអំពើល្អ សាងកុសលផលបុណ្យអោយបានច្រើន ដើម្បីជួយបញ្ជូនកុសលនេះ ជូនបុព្វការីជនមានមាតាបិតា និងញាតិការទាំង៧សណ្ដាន ដែលលោកបានចែកឋានទៅ អោយបានរួចទុក្ខទោសពីភពទាំងនេះ ។ ស្ដាប់រឿងនេះហើយខ្ញុំ មានអារម្មណ៍ក្ដុក្ដួលយ៉ាងខ្លាំង ហើយខ្ញុំនឹងប្ដេជ្ញាចិត្តថានឹងសាងអំពើល្អរហូតទៅ ។