សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Friday, April 25, 2025

រឿង ឈ្លើង

 


តាមពិតរឿងនេះមិនមែនទាក់ទងនឹងខ្មោច ព្រាយ អីទេ ប៉ុន្ដែដោយសារទទួលបានពីមិត្តអ្នកអាន ម្យ៉ាងជាការចែករំលែក តាស់តឿនឲ្យមានការប្រុងប្រយ័ត្នបន្ថែម ជាពិសេសរដូវវស្សាខិតចូលមកជិតដល់ហើយ។ រឿងនេះបានកើតឡើងនៅខេត្តកំពង់ចាម នៅស្រុកឆ្ងាយដែរ គ្រួសាររបស់សូភីមាន៥នាក់ ដែលសូភីនាងជាកូនពៅ បងៗទាំងពីរមានគ្រួសារអស់ហើយ បងប្រុសច្បងបាន គ្រួសារនៅខេត្តបាត់ដំបង បងស្រីបន្ទាប់បានគ្រួសារ នៅរាជធានីភ្នំពេញ ។ នៅសល់តែសូភីដែលឆ្នាំថ្មីនេះ ត្រូវឡើងដល់ថ្នាក់ ទី១០ ហើយ ចំណុចនេះខ្ញុំសុំរំឮកពី សាវតាឪពុក ម្ដាយរបស់ សូភីបន្ដិច ឪពុកសូភី គាត់ជាអតីតទាហានខ្មែរក្រហម បច្ចុប្បន្នគាត់ចូលនិវត្ដន៍ហើយ ប៉ុន្ដែគាត់កាចណាស់ គាត់ស្រលាញ់មុខមាត់ណាស់ នេះក៏ជាមូលហេតុដែលកូនបងៗ មិនសូវបាន មកលេងផ្ទះ ព្រោះឪពុកប្រកាន់ច្រើន ចំពោះសូភីពេលមកពីរៀន បើឃើញមិត្តភក្ដិជា មនុស្សប្រុសឌុបជូនមក ដឹងតែមាន បញ្ហាហើយ គាត់ស្ដីថាឲ្យ សូភីច្រើន ហើយគំហកខ្លាំង ឬមិនអីុចឹងទេ គាត់ធ្វើបាបសូភីមិនឲ្យហូបបាយទេ ដោយចោទថាខ្លួន ស្រីឲ្យ ទៅរៀន មិនមែនឲ្យទៅទាក់ប្រុសទេ ហេតុនេះ ទោះកាលៈទេសៈណាក៏ដោយ សូភីសុខចិត្តដើរមកផ្ទះ ឬក៏ពឹងមិត្តភក្ដិស្រីៗ ដូចគ្នាឲ្យជូនមក ឪពុករបស់នាងកាលណាដែលគាត់ សង្ស័យថា សូភីមានកំហុសអីហើយ គាត់មិនស្ដាប់ហេតុផលរបស់នាងទេ គាត់នឹងរករឿងគ្រប់យ៉ាង លុះត្រាណាដែល កំហុសនេោះត្រូវបានគាត់រកឃើញថាមិនមែនកើតឡើងដោយសារសូភី នោះទើបនាងរួចខ្លួន ចំណែកម្ដាយនាង មិនអីទេ គ្រាន់តែលម្អៀងទៅកាន់ជើងប្ដីគាត់ច្រើនដែរ សរុបមកគាត់ទាំងពីរ គូបុព្វេដែល អង្គការចាប់រៀបការ និស្ស័យពួកគាត់ទាំងពីរពិតជាត្រូវគ្នាណាស់ ប៉ុន្ដែម្ដាយសូភីក៏ស្រលាញ់សូភីត្បិតអី នាងជាកូនពៅផង ។ 

ថ្ងៃនេះជាថ្ងៃវ៉ាកងធំ សូភីបាននៅផ្ទះធ្វើកិច្ចដូចសព្វមួយដង ស្រាប់តែមានមិត្តភក្ដិនាងស្រីៗប៉ុន្មាននាក់ បានជិះម៉ូតូចូលមក ខណៈឪពុកនាងកំពុងតែដេកអង្រឹងក្រោមផ្ទះ មិត្តភក្ដិក៏នាំគ្នាជម្រាបសួរ៖

​-ជម្រាបសួរ អ៊ំប្រុស! ពួកខ្ញុំមិត្តភក្ដិរៀនជាមួយគ្នានឹងសូភី

   -បាទលើកដៃថ្វាយព្រះ ចុះមករកសូភីមានការអីដែរ?

   -ចាសពួកខ្ញុំរកមកសុំឲ្យសូភីទៅដើរលេងជុំគ្នាម្ដង ព្រោះវ៉ាកងធំហើយ មិត្តភក្ដិទាំងអស់ចង់ដើរលេងជុំគ្នា មិនឆ្ងាយទេ អ៊ំ នៅក្បែរហ្នឹងដែរទេ

  -បើក្បែរហ្នឹងដដែល ចាំបាច់ដើរទៅធ្វើអី នៅផ្ទះល្អជាង នាំតែហត់ ហើយដើរលេងចាំបាច់សូភីទៅ ជាមួយដែរមែន

 - អត់ទេ! លោកអ៊ំ ពួកខ្ញុំជាមិត្តភក្ដិនៅសាលារៀនតែងជួយគ្នាទៅវិញទៅមក ហេតុនេះមានអីក៏រកជុំគ្នាដែរ ព្រោះជាមិត្ត ល្អនឹងគ្នា

 -ចុះទៅហ្នឹងមិត្តភក្ដិប្រុសៗទៅទេ?

  -មានតើអ៊ំ ធម្មតាមិត្តភក្ដិក្នុងសាលារៀនតែងមានមិត្តភក្ដិប្រុសចៀសមិនរួចទេ ប៉ុន្ដែអ៊ំកុំបារម្ភអី សូភីកូនអ៊ំ មិនដែល រញ៉េរញ៉ៃនឹងមិត្តភក្ដិប្រុសទេ (គាត់រៀងទម្លាក់ទឹកមុខបន្ដិច ពេលក្រឡេកមើលទៅសូភីឃើញនាង ស្រពាប់ស្រពោន គាត់ក៏ឆ្លើយ)

 -  ឲ្យទៅបាន តែមិនឲ្យលើសម៉ោង២ល្ងាចទេ ឆាប់ទៅឆាប់បានមកវិញ

សូភីសប្បាយចិត្តណាស់ នេះជាលើកទី១ ដែលឪពុកនាងព្រមឲ្យនាងទៅដើរលេង នាងនិងមិត្តភក្ដិដើរ លេងនៅទឹកស្ទឹង យ៉ាងសប្បាយ ។ នាងធ្វើតាមសន្យាម៉ោង១កន្លះបាន មកដល់ផ្ទះមុនកន្លះម៉ោង ឪពុកនាងក៏មិន មានឮមាត់កអីដែរ។

រំលងបាន ៣ថ្ងៃ សូភីមានអាការៈចុកពោះ និងរកកលចង់ក្អួត ហើយចេះតែអស់កម្លាំងឃ្លាននេះ ឃ្លាននេោះមិនចេះចប់ ទាំង ដែលហូបហើយនៅតែឃ្លាន ព្រឹកថ្ងៃទី៤ស្រាប់តែពោះរបស់សូភីប៉ោងឡើងមើល ទៅប៉ុនស្រ្ដីមានផ្ទៃពោះ៣ ឬ៤ខែទៅហើយ គ្រាន់តែ ឃើញដូចនោះឪពុករបស់នាង ក៏ចាប់ផ្ដើមស្ដីថាឲ្យនាង៖

- ឃើញទេ! អញថាមិនឲ្យវាដើរ វាមិនមែនទៅដើរលេងទេ វាទៅលួចលាក់ជាមួយប្រុស ឥលូវពោះប៉ុនកញ្ជើទៅហើយ មុខមាត់ស្លូតបូតទេ តែហ៊ានណាស់ ង៉ែងហ៊ានណាស់ ហើយអញសួរ ង៉ែងទៅមានស្អីជាមួយអាណាគេ។

-ពុក ខ្ញុំអត់មានបានធ្វើអីផ្ដេសផ្ដាសទេ ខ្ញុំហ៊ានស្បថខ្ញុំនិយាយមែន

-ហ៊ានស្បថមុខអញទេ តិចម៉ាកំបិតដាច់ក បើង៉ែងមិនធ្វើអីផ្ដេសផ្ដាស ម៉េចបានវាផើម

សូភីបានត្រឹមតែយំ និយាយអង្វរឪពុក តែគាត់ខឹងច្រឡោតខ្លាំងឡើង ហើយម្ដាយក៏មិនហ៊ានហាមដែរ ព្រោះខ្លាចឪពុកនាង តែម្ដាយរបស់សូភីស្គាល់ចរិតកូនគាត់ណាស់ ។ ឪពុកសូភីគាត់ឲ្យម្ដាយនាង ទៅទិញថ្នាំ ទម្លាក់កូនឲ្យនាងផឹក ហើយឲ្យម្ដាយកុហកថា ថ្នាំលោកគ្រូខ្មែរផ្សំការពារគក៌ តែសូភីប្រាប់ថានឹងគ្មានកូនអីទេ នាងមិនដឹងកើតអីដែរ នាងចង់ទៅពេទ្យទៅពិនិត្យ តែឪពុកនាងប្រាប់ថាទៅឲ្យគាត់ ខ្មាស់គេមែន? ប៉ុណ្ណឹងហើយនៅឲ្យគាត់ខ្មាស់គេមិនគ្រប់ទៀត ។ នាងមិនអាចប្រកែកមានតែផឹកថ្នាំតាមការណែនាំ ប៉ុន្ដែគ្មានឃើញ មានអីទេ  ម្ដាយក៏ចម្លែកចិត្ត  ព្រោះបើទម្លាក់មែនប្រាកដជាមានធ្លាក់ឈាមអីហើយ តែនេះស្ងាត់ឈឹង គាត់ ក៏គិតថាកូននេះក្បាលរឹងណាស់ ទាល់តែផឹកបីដងទើបព្រមធ្លាក់។ ចំណែកសូភីដោយគ្មានមធ្យោបាយក្នុងការឲ្យ ឪពុករបស់នាងលើកលែង នាងក៏សម្ងំលើផ្ទះដោយមិនចេញទៅណាទាំងអស់ ហើយមិនព្រមហូបបាយហូបទឹកទេ គិតតែពីអង្គុយយំម្នាក់តូចចិត្តនឹងវាសនារបស់ខ្លួន ឯឪពុកឃើញកូនបែបនេះមិនអន់ថយចិត្តខឹងទេ បែរជាខឹងលើស ដើម ដោយនិយាយសូភីនាងក្បាលរឹង ចង់ជម្នះគាត់ គាត់និយាយថាគាត់សម័យសង្គ្រាមបាញ់ខ្មាំងគ្មានញញើតដៃ ទេ រឿងអីទៅចាញ់កូនខ្លួនឯង បើវាចង់អត់បានងាប់ឲ្យងាប់ទៅ ។

មួយសប្ដាហ៍កន្លងផុតទៅ សូភីនៅតែមិនព្រមហូបអីសោះ រូបរាងស្គមស្គាំង ទឹកមុខស្លេកស្លាំង ម្ដាយបារម្ភ ក៏សុំអង្វរប្ដីឲ្យជួយជូនកូនទៅពេទ្យ ខណៈនោះសូភីក្នុងបន្ទប់ក៏ស្រែកឡើង ដូចជាពេលគេសម្រាលកូនអីុចឹង មានឈាមហូរមកយ៉ាងច្រើន ឪពុកឃើញបែបនេះក៏ស្្ទុះទៅបើកទ្វារ ស្រាប់តែបានឃើញឈ្លើងយ៉ាងធំមួយទំហំ ប៉ុនបាល់ទាត់ កំពុងនៅមុខកូនគាត់ ចំណែកសូភីហូរឈាមខ្សោះពីខ្លួនក៏សន្លប់បាត់ស្មារតី ពេលនេះទើបគាត់ដឹងថា មិនមែនកូនគាត់មានកូនទេ គឺត្រូវសត្វឈ្លើងចូលដោយមិនដឹងខ្លួន ហើយត្រូវសត្វឈ្លើងរស់នៅក្នុងពោះនាង ហើយបឺតឈាមនាងរហូត ទើបវាធំធាត់យ៉ាងនេះ គាត់ក៏ស្ទុះចុះទៅយកកាំបិតផ្គាក់ មកកាប់ឈ្លើងនោះខ្ទេចអស់ ខ្ទាតឈាមប្រឡាក់ឆ្អាបពេញខ្លួន រួចហើយក៏នាំកូនទៅពេទ្យ ប៉ុន្ដែគួរឲ្យអាសូរនិងសង្វេគសូភីណាស់ ដោយសារតែ ហូរឈាមខ្សោះអស់ពីខ្លួន នាងក៏ស្លាប់បាត់បង់ជីវិតតាមផ្លូវខណៈពេលកំពុងដឹកទៅមន្ទីរពេទ្យ ។ 

បទពិសោធន៍មួយនេះធ្វើឲ្យឪពុកនាងមានវិប្បដិសារីអស់មួយជីវិត ដែលគាត់តាំងពីដើមមិនដែលបានស្ដាប់ ហេតុផល និងស្វែងយល់ពីកូនស្រីដែលគាត់ជាអ្នកចិញ្ចឹមបីបាច់រហូតដល់ធំ និងមិនព្រមមានគំនិតវិជ្ជមានជាមុន ។

រឿង ដាក់អំពើ(វគ្គ៤)

 



បុណ្យចូលឆ្នាំថ្មី មកដល់ ឆ្នាំ២០២៣នេះ វ៉ារី ជាកម្លោះខ្មែរឥស្លាម រស់នៅខេត្តកំពង់ចាម បាន បបួលមិត្តភក្ដិរបស់ខ្លួនឈ្មោះស្យាស៊ី ជិះម៉ូតូដើរលេងកម្សាន្ដក្នុងពិធីចូលឆ្នាំ ក្រែងអាចនឹងបានជួបស្នេហ៍ ពិត។ ដូចជាមាននិស្ស័យចារពីបុព្វេ ថ្ងៃនេះកម្លោះសង្ហារបស់យើងធ្វើដំណើរមកលេងដល់ខេត្តកំពង់ធំ បានចូលក្នុងវត្តមួយ ក៏ប្រទះនឹងនារីរាងស្ដើងម្នាក់ សក់វែងប្រះស្មា សម្បុរសល្មម នោះគឺវរលក្ខណ៍ ជាក្រមុំ អ្នកកំពង់ធំ ប៉ុន្ដែនៅតំបន់មាត់ញកមួយ មានជីវភាពមិនធូរធារទេ រាល់ថ្ងៃពឹងផ្អែកលើការធ្វើស្រែ និងស៊ីឈ្នួលគេខ្លះ អាចជាកត្តាជីវភាពនេះហើយ ទើបធ្វើឲ្យគ្រួសាររបស់នាងត្រូវបានគេមិនប្រាថ្នាចង់បាន ព្រោះតែគេពោលថាគ្រួសារនាងក្រីក្រ ប៉ុន្ដែដោយសារតែអត្តចរិតដ៏ល្អរបស់នាង សម្ដីរាក់ទាក់គួរឲ្យទាក់ ទាញធ្វើឲ្យប្រុសៗជាច្រើនតាមស្រឡាញ់នាង តែនាងបដិសេធ ព្រោះគិតដល់ជីវភាពផង និងដឹងពីចរិត ពិតរបស់ប្រុសៗទាំងនោះផង ។ ថ្ងៃនេះតែញាក់ភ្នែក ហើយមានអារម្មណ៍ថប់ៗក្នុងទ្រូង បេះដូងលោត ខុសពីធម្មតា ហាក់បីដូចជាមាននរណាកំពុងលួចមើលនាង មែន!...នោះគឺកម្លោះវ៉ារីយើង ខ្សែភ្នែកមិន ព្រិចសោះ ប្រៀបដូចជាលង់ស្នេហ៍ក្រមុំដ៏តូចច្រឡឹង ។ ប្រៀបបាននឹងកម្លាំងមកពីណាចូលក្នុងខ្លួន វ៉ារីទុក សម្លាញ់ចោល ដើរសំដៅទៅរកវរលក្ខណ៍ សាសងវាចាភ្លាម ៖
- អត់ទោស! មិនប្រកាន់ ខ្ញុំសុំរាប់អានសួរលេងផងបានទេ?
-បានតើ! (ក្រមុំយើងដល់ជួបអ្នកក្លាហាន ហាក់បីដូចជាចាញ់ច្រាប)
-អាចឲ្យខ្ញុំសុំស្គាល់ឈ្មោះផងបានទេ? ខ្ញុំឈ្មោះវ៉ារី ជាអ្នកនៅខេត្តកំពង់ចាម សព្វថ្ងៃនេះ នៅ កម្លោះទេ ហើយ...(ក្រមុំយើងឆ្លើយកាត់)
-ហើយថីបានជារៀបរាប់ម្លេ៉ះ ! ខ្ញុំជាមិនចង់ដឹងដល់ម្ល៉ឹងទេ ក្រែងមកសួរខ្ញុំ
-ខ្ញុំប្រាប់ឲ្យហើយតែម្ដង (កម្លោះយើងសើចយ៉ាងរីករាយ)
គូនេះគឺនិស្ស័យពីជាតិមុនតែម្ដង និយាយគ្នាបានតែបន្ដិចសោះ ក៏យល់ចិត្តគ្នាទៅវិញទៅមក ហើយវ៉ារីក៏សុំទៅលេងផ្ទះវរលក្ខណ៍ដើម្បីឲ្យស្គាល់តែម្ដង ។ នៅផ្ទះរបស់វរលក្ខណ៍មានយាយតា ឪពុក ម្ដាយ និងបងប្អូនរស់នៅជុំគ្នា សមាជិកសរុប១០នាក់ តាយាយ និងឪពុកម្ដាយ រាងចំណាស់ ទៅហើយ ប្អូនៗក៏តូច សរុបទៅជំហរក្នុងគ្រួសារ ឃើញបែបបនេះ ធ្វើឲ្យវ៉ារី រឹងរិតតែអាណិតនិងស្រលាញ់នាងទ្វេដង ក្នុងពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ គូស្នេហ៍យើងទាំងពីរបានយល់ចិត្តយល់ថ្លើមគ្នា ស្គាល់ពីគ្នាទៅវិញ ទៅមក ។ វ៉ារីគឺជាជាងម៉ាស៊ីនត្រជាក់ ជីវភាពគ្រួសារក៏ធូរធារ ប៉ុន្ដែគិតមកដល់ចំណុចនេះ វ៉ារីមានការពិបាកចិត្តខ្លះដែរ មួយគឺទំនៀមសាសនា ពីរគួរម្ដាយរបស់កម្លោះយើង ខ្លាចតែគាត់មិនព្រមតាម ទេ​ប៉ុន្ដែកម្លោះយើងសន្យានឹងវរលក្ខណ៍ថានឹងស្នើសុំម្ដាយពេលត្រឡប់ទៅវិញ ។
បីថ្ងៃកន្លងផុត កម្លោះយើងមិនដាច់ចិត្តទៅវិញសោះ ទឹកមុខលាវរលក្ខណ៍ស្ទើរតែស្រក់ទឹកភ្នែក ទាំងពីរនាក់ សូម្បីតែអេដមីនក៏អាណិតពួកគាត់ដែរ ។ ពេលទៅដល់ផ្ទះវិញវ៉ារីបានប្រាប់ម្ដាយពីរឿងនេះ ដល់ម្ដាយ ប៉ុន្ដែភ្លាមៗម្ដាយក៏មិនទាន់ប្រកែកអីដែរ ព្រោះគិតថាកម្លោះយើងគ្រាន់តែស្រលាញ់មួយឆាវ ប៉ុណ្ណោះ ។ ឲ្យតែទំនេរពីការងារកម្លោះយើងតែឆ្លៀតជិះម៉ូតូមកលេងម្ចាស់បេះដូងពុំលស់ពេល មានពេលខ្លះ ស្នាក់នៅយូរមិនព្រមត្រឡប់ទៅវិញសោះ ធ្វើឲ្យម្ដាយមិនពេញចិត្ត និង​ខឹងសម្បារទៀត ផង។ ថ្ងៃមួយម្ដាយរបស់វ៉ារីបានស្កាត់មកជួបវរលក្ខណ៍ ដោយឃើញស្ថានភាពគ្រួសារនាងមិនប្រសើរ គាត់បានស្នើសុំឲ្យវរលក្ខណ៍ឈប់ទាក់ទងនឹងវ៉ារីទៀត ដោយប្រគល់នូវថវិកាចំនួន៥លានរៀល ចាត់ទុកថា ជាថ្លៃជួយគាត់សម្រេចបំណង តែមាណវីយើងបដិសេធ ហើយប្រាប់ថានាងមិនចង់បានប្រាក់ទេ ក្ដីស្រលាញ់ចេញពីបេះដូង សង្ឃឹមតែម្ដាយវ៉ារីយល់ចិត្តអាណិតពួកគេទាំងពីរ ប៉ុន្ដែបែរជាធ្វើឲ្យម្ដាយរបស់ វ៉ារីស្អប់ប្រកាន់ខ្លាំងឡើង មុននឹងត្រលប់ទៅវិញគាត់បានគំរាមថា បើនៅតែហ៊ានទាក់ទងកូនគាត់ទៀត វរលក្ខណ៍នឹងដឹងខ្លួនហើយ ហើយហាមឲ្យសោះប្រាប់រឿងនេះដល់កូនប្រុសគាត់។
ក្ដីសង្ឃឹមទាំងឡាយចាប់ផ្ដើមរលាយបន្ដិចៗម្ដង ពេលដែលវ៉ារីព្យាយាមជួប វរលក្ខណ៍ព្យាយាម គេច ព្រោះតែមិនចង់បំផ្លាញទំនាក់ទំនងម្ដាយកូនរបស់ វ៉ារី ។ គ្រាន់តែដឹងថាកូនប្រុសទៅជួបវរលក្ខណ៍ ម្ដាយវ៉ារីខឹងណាស់ ក៏រៀបចំពិធីក្នុងបន្ទប់អាសនៈរបស់គាត់ (នេះបញ្ជាក់ថាម្ដាយរបស់វ៉ារីក៏ចេះអាគមអូម អាមដែរ) យប់បន្ដិចវរលក្ខណ៍មានអារម្មណ៍ថាមិនស្រួលខ្លួនសោះ ភ្លាមៗមានអារម្មណ៍ថាអស់កម្លាំង វិល មុខធីងធោង ក្ដៅរវើរវាយលែងដឹងខ្លួន បងប្អូននាំគ្នាចាប់ និងនាំទៅពេទ្យប៉ុន្ដែហាក់គ្មានបានផលសោះ បន្ទាប់មកក៏ទៅដើររកគ្រូខ្មែរ គាត់ប្រាប់ថានាងត្រូវអំពើរបស់គេហើយ គេផ្នាយចោលទេ ប៉ុន្ដែគេនឹងដាក់ បន្ថែមបើសិនជាមិនទាន់បានអ្វីដែលគេចង់បាន ហើយគាត់បញ្ជាក់យ៉ាងច្បាស់ថានោះគ្រូចាមជាអ្នកដាក់ គាត់ក៏គ្មានលទ្ធភាពដោះដែរ ទាល់តែរកគ្រូចាមដែលពូកែ ឬក៏ព្រះសង្ឃពូកែទើបបាន ប៉ុន្ដែប្រហែលជា រកមិនទាន់ទេ ព្រោះបំណងគេគឺធ្វើឲ្យនាងស្លាប់តែម្ដង ។ វរលក្ខណ៍ដឹងច្បាស់ណាស់ថាគឺប្រាកដជាម្ដាយ របស់វ៉ារី ។ រំលងបាន ២ថ្ងៃ គ្រួសារនាងទាំងមូលស្រាប់តែចុកពោះ ហើមពោះ មិនដឹងមូលហេតុនេះ ចំណែកខ្លួននាងវិញមួយថ្ងៃរត់ទៅចងកក្រោយផ្ទះមិនក្រោម៤ដងទេ ប៉ុន្ដែត្រូវបានវ៉ារីមកទាន់ជួយដល់ នាង។ វ៉ារីដឹងថារឿងទាំងនេះ គឺម្ដាយនាយជាអ្នកធ្វើ ដើម្បីបំបែកអ្នកទាំងពីរ ប៉ុន្ដែក្ដីស្រលាញ់ជ្រាលជ្រៅ ពេក នាយមិនដាច់ចិត្តសោះ ។

នាយបានប្រាប់ម្ដាយថាបើសិនជាមិនឲ្យជួបគ្នាជាមួយវរលក្ខណ៍ទេ នាយសុខចិត្តលះបង់ជីវិត ព្រោះក្ដីស្រលាញ់មួយនេះ មិនអាចដកបានទេ ប៉ុន្ដែការគំរាម នេះពុំបានផល សោះ ព្រោះម្ដាយរបស់វ៉ារី បានពោលថា៖ បើសិនជានាយហ៊ានយកជីវិតដើម្បីមកគំរាមគាត់ គាត់សុខចិត្ត ចោលកូនម្នាក់នេះ តែវរលក្ខណ៍ និងក្រុមគ្រួសារនាងទាំងអស់ត្រូវតែទៅកំដរវ៉ារីជាក់ជាមិនខាន៕
ពាក្យសម្ដីនេះពិតជាធ្ងន់ណាស់ ព្រោះតែក្ដីស្រលាញ់កូនៗសោះ តែបែរជាត្រូវធ្វើឲ្យអ្នកដទៃដែល មិនដឹងអ្វី ត្រូវរងគ្រោះ ។ ទឹកភ្នែកនាយស្រក់តក់ៗ លើថ្ពាល់សង្សារជាទីស្រលាញ់ ខណៈកំពុងបីនាងនៅ នឹងដៃ មើលទៅទឹកមុខដ៏គួរឲ្យអាណិតរបស់នាង មាណពបាននិយាយទាំងអួលដើមកទៅកាន់វរលក្ខណ៍
-អូនសម្លាញ់! ឲ្យបងសុំទោស បងគិតថាក្ដីមានះរបស់បង នឹងត្រូវបានអ្នកម្ដាយគាត់ យោគ យល់ ប៉ុន្ដែគ្រប់យ៉ាង.... ទីបំផុត បងត្រូវចាកចេញពីអូន តើឲ្យបងត្រូវធ្វើយ៉ាងណាវិញ?
រៀបរាប់បណ្ដើរ ទឹកភ្នែកស្រក់ចុះបណ្ដើរ នាយអង្អែលថ្ពាល់សង្សារ ដែលស្លេកស្លាំង ហើយបន្ដថា បើមិនអាចនៅការពារអូនបានទេ មានតែការចាកចេញរបស់ បង ទើបធ្វើឲ្យអូន និងក្រុមគ្រួសារ បានសុខ បើសិនជាមានជាតិមុខ សូមឲ្យបងជួបអូនកុំបីឃ្លាតគ្រប់ជាតិ ។ ក្រោយពីរៀបចំឲ្យសង្សារសម្រាកហើយ នាយបានចាកចេញត្រលប់ទៅដល់ផ្ទះវិញ ឯវរលក្ខណ៍ និង​ក្រុមគ្រួសារបានធូរស្រាលលែងធ្វើទុក្ខទៀត អាណិតតែមាណវីយើងទេ ទឹកភ្នែកហូរចុះស្រក់ស្ដាយសង្សារជាទីស្រលាញ់ និងក្ដីស្រលាញ់ទាំងអស់ ។ ចុងក្រោយវ៉ារីបានយកប្រពន្ធតាមការរៀបចំរបស់ម្ដាយ ហើយវរលក្ខណ៍ក៏រៀបការដែរ ព្រោះដើម្បីកុំឲ្យ ម្ដាយរបស់វ៉ារីមិនអស់ចិត្តខ្លាចថាបើវរលក្ខណ៍មិនទាន់រៀបការ កូនប្រុសរបស់គាត់នឹងអាចត្រលប់មកវិញ នៅថ្ងៃក្រោយ ។ ក្រោយពីអេដមីនបានស្ដាប់រឿងរ៉ាវរបស់ពួកគាត់ទាំងពីរ អេដមីនក៏ស្រក់ទឹកភ្នែកអាណិត ប្អូនស្រីដែរ ទើបសរសេររឿងរ៉ាវមួយទុក សុំចិត្តឪពុកម្ដាយគ្រប់រូប សូមលះបង់ខ្លះទៅរឿងវណ្ណៈគ្រួសារ ព្រោះមិនប្រាកដថាគូដែលយើងផ្សំផ្គុំពិតជាមិនខុស គូដែលកូនយើងរើសខ្លួនឯងក៏មិនប្រាកដថាខុស សំខាន់កូនៗមានសុភមង្គលក្នុងជីវិត។