សូមស្វាគមន៍មកកាន់ប្លក់រឿងនិទានខ្មោចពិត

សូមអានដោយការពិចារណា និងវិចារណញាណ!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងអាគម

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ប្រភេទរឿងទាក់ទងនឹងខ្មោច

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងអាប

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ប្រជុំ Label ទាក់ទងនឹងព្រាយ

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

ជំនឿនានា

សូមចុចលើរូបភាពនីមួយៗ ដើម្បីចូលទៅកាន់តាម Label សាច់រឿងដែលលោកអ្នកចង់អាន សូមអរគុណចំពោះការគាំទ្រផេករបស់អ៊េដមីន!!!

Friday, December 10, 2021

រឿងគ្រោះកំបុតក្បាល

 


រឿងនេះជាអបិយជំនឿមួយរបស់ខ្មែរយើងតាំងពីបុរាណកាលមក ដោយនៅពេលដែលយើងយល់សប្ដិឃើញ ឬឃើញនៅខាងក្រៅជាក់ស្ដែង ថានរណាម្នាក់ពុំមានក្បាល មានន័យថាម្នាក់នោះនឹងមានគ្រោះថ្នាក់ដល់ជីវិតមិនខាន ពេលខ្លះជំនឿទាំងនេះក៏បានបណ្ដាលឲ្យចិត្តមនុស្សមួយចំនួនដែលធ្លាប់តែសាងនូវអំពើបាបកម្ម ខ្លបខ្លាច និងត្រូវកែប្រែទង្វើផ្សេងៗតាមតែគ្រូបង្គាប់បញ្ជា ដើម្បីតែបានរួចផុតសេចក្ដីស្លាប់ ប៉ុន្ដែព្រះពុទ្ធទ្រង់មានពុទ្ធដីកាហើយថា រូបំ ទុក្ខំ អនិច្ចំ អនត្តា មានរូបមានទុក្ខ ជីវិតគឺមិនទៀង មិនមែនខ្លួន ដូចនេះមានតែអំពើល្អដែលអ្នកបានសាងនោះទេ ដែលនាំចិត្តអ្នក និងនាំផ្លូវអ្នកទៅកាន់និពា្វនបាន ។

          រឿងនេះមានតំណាលពីបុរសម្នាក់វ័យខ្ទង់២៧ឆ្នាំ ទើបតែរៀបការថ្មោងថ្មីជាមួយប្រពន្ធដ៏ស្រស់ស្អាតម្នាក់ មិនយូរប៉ុន្មានដំណឹងល្អបានមកដល់ ប្រពន្ធរបស់គេមានផ្ទៃពោះបាន២ជាងហើយ បុរសនោះឈ្មោះថា ភ័ព្វ ជាមនុស្សកំសត់តាំងពីតូច គេប្រកបរបរជាពេជ្ឈឃាតនៅឯទីសត្វឃាតមួយកន្លែង ដើម្បីតែក្រពះ គេបានពិឃាតសត្វច្រើនណាស់ ប៉ុន្ដែរបរមួយនេះមិនបានឲ្យគ្រួសារគេបានធូរធារនោះទេ បានត្រឹមតែគែប៉ុណ្ណោះ។ រំលងទៅមិនយូរ ប្រពន្ធរបស់ភ័ព្វក៏ជិតដល់ថ្ងៃសម្រាល គេសប្បាយចិត្តណាស់ ក៏នឹកនិយាយជាមួយប្រពន្ធថា៖

-       អូន! បើកូនយើងកើតមក យើងគួរតែរកឈ្មោះដាក់ឲ្យកូនឲ្យហើយ ព្រោះខ្វះតែប៉ុន្មានថ្ងៃទៀតទេ អូននឹងដល់ថ្ងៃដែលឆ្លងទន្លេហើយ

-       អីក៏ប្រញាប់ម្ល៉េះបង ! មិនបាច់បារម្ភទេរឿងឈ្មោះនោះ ដល់ពេលកើតរកនឹកដាក់ក៏មិនហួសពេលដែរ រឿងដែលសំខាន់ពេលនេះ តើបងមានលុយត្រៀមបម្រុងទុកឲ្យកូនយើងហើយឬនៅ?

-       មានតើអូន! ប៉ុន្ដែមិនបានច្រើនទេ លុយបងខំសន្សំ មិនហ៊ានចាយវាយផ្ដេសផ្ដាសទេ ពេលនេះបានជាង បួនលានរៀលដែរ សង្ឃឹមថាអាចនឹងគ្រប់។

ពេលយប់បានមកដល់ ប្រហែលជាយប់ជ្រៅបន្ដិច ភ័ព្វបានឮប្រពន្ធស្រែកថា ទេ! ទេ នាយក៏ស្ទុះងើបមើលប្រពន្ធទាំងអារម្មណ៍ភ័យក្នុងចិត្ត ភ្លាមនោះនាយក៏ដាស់ប្រពន្ធឡើង ៖

-       អូន! អូន! អូនក្រោកឡើង មានរឿងអីមែន?

-       អូ! មិនមានអីទេ គ្រាន់តែអំបាញ់មិញអូនយល់សប្ដិអាក្រក់

-       យល់សប្ដិឃើញអីអូន?

-       គឺឃើញបងមកសុំនៅជាមួយអូន តែអូនមិនព្រមទេ ប៉ុន្ដែបងអង្វរពេក អូនក៏ព្រមទៅ ព្រោះអីយើងនៅជាមួយហើយតើ

-       អូ! មិនអីទេអូន វាគ្រាន់តែជាការយល់សប្ដិប៉ុណ្ណោះ គ្មានរឿងអ្វីធំដុំនោះទេ

ភ្លាមនោះស្រាប់តែប្រពន្ធភ័ព្វបានឈឺពោះសម្រាល នាយក៏រួសរាន់ទៅដាស់ម្ដាយ ឲ្យជួយ ដើម្បីជូនប្រពន្ធទៅមន្ទីរពេទ្យ ។ នាយឈររង់ចាំយ៉ាងអន្ទះសា ប្រហែលម៉ោង៤ភ្លឺ ប្រពន្ធក៏កើតបានកូនប្រុសយ៉ាងធ្លោស ទម្ងន់៣ គីឡូ ៣ខាំ គួរឲ្យស្រលាញ់ណាស់ ប៉ុន្ដែម្ដាយភ័ព្វបានឲ្យគេទៅទិញបបរឲ្យប្រពន្ធហូប ព្រោះទើបសម្រាលរួចគឺហេវណាស់ នាយក៏ស្ទុះទៅវឹង ។ ឯប្រពន្ធក៏សួររកប្ដី ម្ដាយក៏ប្រាប់ថា ប្ដីកូនឯងទៅរកទិញអីបាត់ ហើយ ប្រពន្ធគ្រាន់តែឮក៏ស្លុតចិត្តណាស់ ព្រោះបានយល់សប្ដិមិនល្អ ហើយក៏ប្រាប់ទៅម្ដាយ ម្ដាយក៏កូនតាំងចិត្តព្រោះខ្លាចទាស់ ទើបតែសម្រាលថ្មីៗផង ហើយគាត់និយាយថា៖ មិនអីទេ! កូន គ្រាន់តែយល់សប្ដិតើ ។ មួយសន្ទុះក៏ឃើញប្ដីត្រលប់មកវិញ ក៏ត្រេកអរណាស់ ប៉ុន្ដែក៏លាន់មាត់ទាំងភ័យឃើញប្ដីឈាមពេញខ្លួន៖

-       បង ! បងកើតអីមែន?

-       អត់អីទេអូន! អំបាញ់មិញពេលបងមកវិញឲ្យគេដួលម៉ូតូ ក៏ទៅជួយលើកទើបជាប់ប្រលាក់ឈាមតែម្ដងទៅ កុំគិតអីផ្ដេសផ្ដាសអី

ប្រពន្ធក៏សប្បាយចិត្តឡើងវិញ ក្រោយមកបាន២ថ្ងៃភ័ព្វនិងគ្រួសារ ក៏ត្រលប់ទៅផ្ទះវិញ ហើយក្រុមគ្រួសារគេ ក៏រៀបចំកម្មវិធីជប់លៀងបន្ដិចបន្ដួចដើម្បីអបអរសមាជិកថ្មី ។    ខណៈពេលដែលកម្មវិធីកំពុងដំណើរការ ស្រាប់តែមិត្តភក្ដិភ័ព្វបានកេះគ្នាប្រាប់ថា ឃើញភ័ព្វដើរទៅមិនឃើញមានក្បាលសោះ ក៏ទៅប្រាប់ម្ដាយរបស់នាយ គាត់ក៏ហាមប្រាមមិនឲ្យភ័ព្វធ្វើដំណើរទៅណាទេ ព្រោះគាត់ជឿថានេះជាប្រផ្នូលមិនល្អ អាចមានគ្រោះដល់ជីវិត ។

លុះស្អែកឡើង ម្ដាយរបស់ភ័ព្វបាននិមន្ដព្រះសង្ឃមកសូត្រមន្ដរំដោះគ្រោះលើករាសីឲ្យ ព្រះតេជគុណមានសង្ឃដីកាថា កម្មរមែងតែមានហេតុ ជាតិនេះញោមមិនបានធ្វើកម្មមែន ប៉ុន្ដែអាចជាមកពីជាតិមុន ដូចនេះសូមញោមព្យាយាមធ្វើបុណ្យឲ្យច្រើនប្រកបដោយសទ្ធាជ្រះថ្លា បុណ្យនោះនឹងអាចជួយញោមបាន ។ ក្រោយពីចប់ពិធីសូត្រមន្ដរួចភ័ព្វ ក៏បានម្ដាយរបស់ខ្លួនជួយរៀបចំចង្ហាន់ដើម្បីទៅធ្វើបុណ្យបង្សុកូលជូនដល់ម្ចាស់កម្មពៀរទាំង ឡាយ សូមកុំឲ្យចងពៀរនឹងគ្នាតទៅទៀត ។

រំលងបានមួយអាទិត្យ ស្រាប់តែកូនរបស់ភ័ព្វក្ដៅខ្លួនយ៉ាងខ្លាំង ពេលនោះគ្រប់គ្នាមិនបានគិតដល់រឿងគ្រោះរបស់ភ័ព្វទេ គ្រប់គ្នាបានម្នីម្នានាំកូនតូចនោះទៅពេទ្យដើម្បីព្យាបាល ខណៈពេលកំពុងតែរង់ចាំនៅក្នុងមន្ទីរពេទ្យ ស្រាប់តែពេលនោះមាន គ្រួសារមួយទៀតកំពុងតែប្រញាប់ដៃជើងបញ្ជូនសមាជិកគ្រួសារមកពេទ្យដែរ តែអកុសលអីមកដល់មុខមន្ទីរពេទ្យក៏ជ្រុលចង្កូតម៉ូតូបុកនឹងក្លោងទ្វារមន្ទីរពេទ្យ ឃើញភ្លាមភ័ព្វក៏មិនបានគិតច្រើនរត់ទៅក្រុមគ្រួសារនោះ រួចលើកបីជនរងគ្រោះចូលមកមន្ទីរពេទ្យ ប៉ុន្ដែអ្វីដែលគួរឲ្យព្រឺក្បាលនោះគឺ ពេលនាយចូលមកដល់មន្ទីរពេទ្យវិញស្រាប់តែបាត់ជនរងគ្រោះម្នាក់នោះបាត់ គឺនៅសល់តែស្នាមឈាមប្រលាក់ពេញខ្លួនរបស់នាយប៉ុណ្ណោះ ម្ដាយឃើញកូនបែបនេះក៏សួរកូនថា៖

-       ហើយកូនរត់ទៅណាអំបាញ់មិញ ហើយម៉េចក៏មកវិញប្រលាក់ខ្លួនសុទ្ធតែឈាមអ៊ីចឹង កូនយ៉ាងម៉េចហើយ

-         មិនអីទេម៉ែ ! នាយក៏រៀបរាប់តាមដំណើរប្រាប់ម្ដាយ ម្ដាយបារម្ភខ្លាំងណាស់ ចង់ឲ្យកូននៅមើលថែប្រពន្ធនិងកូន គាត់សុខចិត្តដើរទៅទិញបាយ ប៉ុន្ដែភ័ព្វក៏ប្រាប់ថា ម៉ែកុំគិតច្រើនពេក ធម្មតាជីវិតសត្វលោករមែងមិនទៀងទេ​ ម៉ែឃាត់ខ្ញុំថ្ងៃនេះបាន ចុះថ្ងៃស្អែក ចុះថ្ងៃខានស្អែក ម៉ែមិនអាចឃាត់បានរហូតទេ បណ្ដោយតាមកម្មចុះណាម៉ែ អ្នកណាធ្វើអ្នកនោះជាទទួល។

ក្រោយស្ដាប់ហេតុផលកូនហើយ ម្ដាយរបស់ភ័ព្វក៏លែងឃាត់កូន ប៉ុន្ដែបានផ្ដាំកូនឲ្យប្រយ័ត្នប្រយែងពេលជិះម៉ូតូ ។ ក្រោយពេលចេញពីមន្ទីរពេទ្យគ្រួសារភ័ព្វបាននាំគ្នាចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ដើម្បីសុំខមាលទោស និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធដែលជាម្ចាស់កម្មពៀរទាំងឡាយក្នុងវាលវដ្ដសង្សារ សូមឲ្យបានជៀសផុតពីគ្រោះនេះ ។

អស់ជាច្រើនឆ្នាំ គឺឃើញថាភ័ព្វនិងក្រុមគ្រួសារបានព្យាយាម ធ្វើបុណ្យដោយសទ្ធា អំពើល្អរបស់គេបានជួយឲ្យគេរស់នៅដោយក្ដីសុខក្សេមក្សាន្ដ ។ ប៉ុន្ដែក្រោយមកភ័ព្វបានឃើញហេតុការណ៍ប្អូនជីដូនរបស់គេ គឺពេលកំពុងតែអង្គុយលេង គឺពុំមានក្បាលដែរ គេក៏ណែនាំទៅប្អូនជីដូន និងបានប្រាប់ម្ដាយឲ្យជួយប្រាប់បន្ថែម ប៉ុន្ដែប្អូនជីដូនរបស់គេជាក្មេងរឹងរួស ម្យ៉ាងគេចូលចិត្តដើរផឹកស្រា និង​វាយតប់ក្មេងក្នុងភូមិ អ្នកភូមិម្នាក់ណាដែលថាមិនស្អប់គេនោះទេ ។

នៅម៉ោងប្រហែលជា៩យប់ ប្អូនជីដូនរបស់ភ័ព្វបានជិះម៉ូតូទាំងស្ថានភាពស្រវឹង ដើម្បីដេញវាយក្មេងៗមួយក្រុមទៀត ប៉ុន្ដែខណៈកំពុងតែជិះម៉ូតូប្រដេញគ្នា ស្រាប់តែប្អូនជីដូនរបស់ភ័ព្វបានជ្រុលចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យដួលម៉ូតូបុកជាមួយនឹងថ្មក្នុងជង្ហុកនោះបែកក្បាលស្លាប់ក្នុងគ្រានោះឯង ។ ក្រោយកើតហេតុក្រុមរបស់ប្អូនជីដូនរបស់ភ័ព្វផ្អើលយកដំណឹងនេះមកប្រាប់សាច់ញាតិរបស់គេ ។ ទំាងភ័ព្វនិងក្រុមគ្រួសារបានមកយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ក្រោយដើរចេញពីកន្លែងគ្រោះថ្នាក់ ភ័ព្វបានក្រឡេកឃើញស្រមោលខ្មៅសពីឈរទន្ទឹមគ្នា ហើយសំឡឹងមករកគេ ហើយក៏រលាយបាត់ទៅ ។ រឿងនេះបានធ្វើឲ្យភ័ព្វតាំងចិត្តថានឹងខិតខំធ្វើបុណ្យឲ្យបានច្រើន ព្រោះកាលពីអតីតជាតិ យើងមិនដឹងថាបានធ្វើនូវអំពើអកុសលអ្វីខ្លះទេ ដូចនេះមានតែការសាងអំពើល្អក្នុងជាតិនេះទេ ទើបអាចជួយស្រោចស្រង់នូវអកុសលទាំងឡាយពីអតីតជាតិ និងបន្ដសោយសុខក្នុងអនាគតជាតិ ។